YouTube រើស​បុគ្គលិក​ជាង ១ម៉ឺន​នាក់ ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​លើ​វីដេអូ

អាមេរិក៖ ដើម្បី​ទប់ស្កាត់​ការចែក​ចាយ​នូវ​វីដេអូផ្សេងៗដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក ថ្មីៗនេះ ក្រុមហ៊ុន YouTube បានបញ្ជាក់​ជា​ផ្លូវការ​ថា ខ្លួន​គ្រោង​នឹង​ជ្រើសរើស​មនុស្ស​បន្ថែម​រាប់ពាន់នាក់​ទៀត ដើម្បី​បង្កើន​ការត្រួតពិនិត្យ​ទៅលើ​វីដេអូមួយៗដែល​បាន Upload ចូលក្នុង YouTube។

យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា ដើម្បី​ទប់ស្កាត់​ការ​ចែកចាយ​វីដេអូ​អំពើហិង្សា វីដេអូ​ទាក់ទង​នឹង​បទឧក្រិដ្ឋ វីដេអូ​អូសទាញ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជ្រុលនិយម ឬ​អំពើ​ភេរវកម្ម ជាពិសេស​គឺ​វីដេអូ​ទាំងឡាយណា​ដែល​ប​ង្វ​ក់ដ​ល់​កូនក្មេង​តាម​គ្រប់​រូបភាព។

លោកស្រី Susan Wojcicki នាយក​ប្រតិបត្តិ YouTube បានប្រកាស​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការជ្រើសរើស​បុគ្គលិក​បន្ថែម​ប្រមាណ​ជាង 10000នាក់ ដើម្បី​ចាំ​ត្រួតពិនិត្យ​ទៅលើ​វីដេអូ​ដែល​បាន Upload ចូល។ «ដើម្បី​រក្សា​សុវត្ថិភាព ក៏ដូចជា​សន្ដិសុខ យើង (YouTube) ត្រូវតែ​ពង្រឹង​ទៅលើ​ការត្រួតពិនិត្យ ដោយ​ក្នុងនោះ​ក៏​ត្រួតពិនិត្យ​ទៅលើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅលើ​វីដេអូ​ផងដែរ»។

គួរបញ្ជាក់​ផងដែរ​ថា មុននេះ Facebook ក៏បាន​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​ករណី​រឹង​បន្តឹង​ទៅលើ​ការត្រួតពិនិត្យ​រាល់​មាតា​កាផ្សេងៗដែល​បាន​បង្ហោះ​នៅលើ Facebook៕

Advertisement