សេដ្ឋកិច្ចរបស់កម្ពុជានឹងនៅតែរក្សាបានភាពរឹងមាំ

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​ (World Bank) បាន​ឱ្យ​ដឹង​ថា កំណើន​នៃ​ការ​នាំ​ចេញ​ស្បែក​ជើង គ្រឿង​ម៉ាស៊ីន​បរិក្ខាអគ្គិសនី និង​គ្រឿង​បន្លាស់​យានយន្ត បាន​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​​​​​កម្ពុជា​រក្សា​បាន​នូវ​ភាព​រឹងមាំ ខណៈ​ដែល​កំណើន​មាន​ការ​ថម​ថយ​តិច​តួច​មក​នៅ​ត្រឹមអត្រា 6,8%ក្នុង​ឆ្នាំ2017 ធៀប​នឹង​ឆ្នាំ​2016 ដែល​មាន​អត្រា​7%។

របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយ ដែល​បាន​ផ្សព្វផ្សាយកាល​ពី​ពេល​ថ្មីៗ​នេះ​បាន​កត់​សម្គាល់​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ផលិតផល​វាយនភណ្ឌ​ដទៃ​ទៀត​មាន​បរិមាណ​មធ្យម ក៏​ប៉ុន្តែ​ទស្សនវិស័យ​រយៈ​ពេល​មធ្យម​នៅ​តែ​មាន​ភាព​វិជ្ជមាន ដោយសារ​កំណើន​លើ​ការ​នាំ​ចេញ​ច្រើន​ប្រភេទ​ទំនិញ និង​លំហូរ​ចូល​ដ៏​ល្អ​នៃ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកា​ធនាគារ​ពិភពលោក​ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ “ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​មួយ​ដែល​បោះជំហាន​ឈាន​ឡើង​ក្នុង​ខ្សែចង្វាក់​តម្លៃ​នៃ​វិស័យ​កម្មន្ត​សាល (រោងចក្រ​ផលិត​សម្ភារ​ផ្សេងៗ​)​។ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើន​ការវិនិយោគ​ និង​ពង្រីក​ការ​នាំ​ចេញ​ច្រើន​ប្រភេទ​ទំនិញ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​បន្ថែម​ទៀត ដែលមាន​ដូច​ជា​ដោះស្រាយ​ថ្លៃ​ចំណាយ​ខ្ពស់​លើ​អគ្គិសនី ការ​ដឹក​ជញ្ជូន ព្រមទាំង​គម្លាត​នៃ​ជំនាញផង​ដែរ​”។

កំណើន​សេដ្ឋកិច្ច​ពិត​ប្រាកដ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​មាន​ភាព​រឹងមាំ គឺ​កើន​ឡើង​ដល់​​6,9%​ នៅក្នុង​ឆ្នាំ​2018 ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​ណា​ ការ​ធ្លាក់​ចុះ​ដែល​អាច​កើត​ឡើង​ពីកំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស នៅ​ក្នុង​ប្រទេស​ចិន និង​ភាព​មិន​ប្រាកដ​ប្រជា​ដែល​អាច​កើត​មាន​ឡើង​ទាក់ទង​នឹង​ការបោះឆ្នោត នៅ​តែ​អាច​បង្ក​នូវ​ហានិភ័យ​ចំពោះ​ទស្សន​វិស័យនេះ​ដដែល​។

អ្នកជំនាញ​សេដ្ឋកិច្ច បានផ្តល់​អនុសាសន៍​ថាដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញ​លេញ​ពី​វិស័យ​ទេសចរណ៍ កម្ពុជា​ត្រូវ​បង្កើន​សក្តានុពល​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​បង្កើន​តំបន់​គោលដៅ និង​ផលិតផល​សម្រាប់​អ្នកទេសចរ និង​តាម​រយៈ​ការ​តភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នៅ​ជនបទ​ទៅ​នឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍។ លើស​ពីនេះ​ត្រូវ​ផ្តល់​នូវ​ការគាំទ្រ​បន្ថែម​ទៀត​ដល់​កសិករ​នានា ដែល​​ទទួល​រង​ផលប៉ះពាល់​ដោយ​សារ​តែ​តម្លៃ​កសិផល​ធ្លាក់​ថៃ្ល ហើយ​​កំពុងតែ​ខិតខំ​ស្វែង​រក​ឱកាស​ប្រសើរ​ជាង​នេះ​ដើម្បី​ចូលទៅ​កាន់​ទីផ្សារ និង​បង្កើន​ផលិតកម្ម​ឱ្យបាន​ច្រើន​ប្រភេទ​ទៀត​៕

Advertisement