Malindo Air ផ្តល់​ជម្រើស​បន្ថែម​ទៀត​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស

ប្រតិបត្តិករ​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​ បាន​ស្វាគមន៍​ចំពោះ​វត្តមាន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ម៉ាឡេស៊ី​​ ថ្មី​មួយ​ទៀត​ដែល​បាន​ភ្ជាប់​ការ​ហោះហើរ​ត្រង់​រវាង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​គូឡាឡាំពួរ ​ដែល​ជា​ទីក្រុង​សំខាន់​មួយ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ប្រចាំ​តំបន់​អាស៊ាន ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2017 ​នេះ​តទៅ​។

ក្រុមហ៊ុន​អាកាស​ចរណ៍​ Malindo Air របស់​ប្រទេស​ម៉ាឡេស៊ី បាន​ចាប់​ផ្តើម​ជើង​ហោះហើរ​ជា​ផ្លូវការ​លើក​ដំបូង​របស់​ខ្លួន​មក​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​01 ខែធ្នូ​ ដោយ​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​125​នាក់​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួរ (KLIA) នៅ​វេលាម៉ោង 8:00 ព្រឹក​ដោយ​ប្រើប្រាស់​ពេល​​2ម៉ោង មុន​ពេល​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

វត្តមាន​របស់​ក្រុមហ៊ុន​ថ្មី​មក​កាន់​ទីផ្សារ​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​របស់​កម្ពុជា គឺ​ជា​ការ​លើក​មុខ​មាត់​របស់​អាកាសចរណ៍​ម៉ាឡេ​ស៊ី ក៏​ដូចជា​សាង​ទំនុក​ចិត្ត និង​ផ្តល់​ជម្រើស​សម្រាប់​អ្នក​ដំណើរនៅ​​កម្ពុជាផង​ដែរ​​​។ នេះ​​បើ​តាម​ការ​អះអាង​របស់​ លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA)។

លោកស្រី ឆាយ ស៊ីវលីន បាន​និយាយ​ថា៖“យើង​ពិត​ជា​មើល​ឃើញ​នូវ​ភាព​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា នៅ​ពេល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ពី​តំបន់​ដែល​មាន​ប្រជាប្រិយ​ភ្ជាប់​​ការហោះហើរ​មក​កាន់​ប្រទេស​កម្ពុជា”។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ ​អ្នក​ដំណើរ​អន្តរជាតិ​ពេញ​ចិត្ត​ការ​ធ្វើ​ដំណើរ​​តាម​ច្រក​នៃ​ប្រទេស​បី​រួម​មាន សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ សម្រាប់​ដំណើរ​មក​កាន់​តំបន់​អាស៊ាន មុន​ភ្ជាប់​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់។

លោកស្រី ឆាយ ស៊ីវលីន បាន​អះអាង​ដែរ​ថាការ​ភ្ជាប់​ការ​ហោះហើរ​ពី​ក្រុមហ៊ុន​ថ្មីៗ​នេះ ក៏​ផ្តល់​ជម្រើស​កាន់​តែ​ច្រើន​ផង​ដែរ​ដល់​ប្រជាជន​ខ្មែរ​ ដែល​ពេញ​ចិត្ត​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​សម្រាប់​វិស្សមកាល។

លោក Chandran Rama Muthy នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Malindo Air បាន​ឱ្យ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​ទី​17​ដែល​ក្រុម​ហ៊ុន Malindo Air ដាក់​ឱ្យ​ដំណើរ​ការ​ជើង​ហោះហើរ​របស់​ខ្លួន ជាមួយ​រយៈ​ពេល​នៃ​ការ​ហោះហើរ​ប្រហែល2​ម៉ោង​ពី​ទីក្រុង​របស់​ប្រទេសម៉ាឡេស៊ី​មក​កាន់​រាជធានីភ្នំពេញ។

លោក​បានបញ្ជាក់​ថា​៖​“ទិសដៅ​ដ៏​ល្អ​សម្រាប់​ដំណើរ​កម្សាន្ត និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ថ្មី​នេះ​នឹង​ពង្រឹង​ដល់​បណ្តាញ​របស់​យើង​ដោយ​មាន​អ្នក​ដំណើរ​កាន់​តែ​ច្រើន​ចូល​មក​ទីក្រុង​គូឡាឡាំពួរ ឬ​ឆ្លង​កាត់​ទៅ​កាន់​ទីក្រុង​ផ្សេងទៀត”។

លោក Eric Delobel នាយក​ប្រតិបត្តិ​នៃ​អាកាសយានដ្ឋាន​កម្ពុជា មាន​ប្រសាសន៍​ថា អ្នក​ដំណើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ឡើង​ជា​លំដាប់​ហើយ​ស្ថិត​ក្នុង​ចំណោម​លំដាប់​កំពូល​ទាំង5 នៅ​រាជធានី​ភ្នំពេញ។

លោក Eric Delobel បញ្ជាក់​ថា៖“ជាមួយ​នឹង​សេវាកម្ម​ថ្មី​នេះ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Malindo Air អ្នក​ដំណើរ​ពី​ភ្នំពេញ​នឹង​រីករាយ​ជាមួយ7​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួរ។ យើង​សង្ឃឹម​ថា ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​រីក​ចម្រើន​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់ នឹង​​កាន់​តែ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​នា​ពេល​អនាគត”៕

Advertisement