Man Utd, Basel និង Juventus ទៅ​វគ្គ​បន្ត ខណៈ Bayern បំពេញ​ការសង​សឹក​លើ PSG

ក្រុម Manchester United, Basel, Juventus និង Roma សុទ្ធសឹង​បាន​កក់​កៅអី​ទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ពី​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេរៀងៗខ្លួនឯង​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ក្រុម Bayern Munich បាន​បំពេញ​ការសង​សឹក​យ៉ាង​ឆ្ងាញ់​ដៃ​លើ​ក្រុម Paris Saint-Germain។

Man United បាន​យកឈ្នះ​លើ​ក្រុម CSKA Moscow ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Old Trafford ដើម្បី​បំពេញ​ការ​ឈរ​លេខ1ក្នុង​ពូ​ល A ដោយមាន15ពិន្ទុ​ពី​ការប្រកួត6លើក ខណៈដែល​ក្រុម Basel ក៏បាន​កក់​កៅអី​ទៅ​វគ្គ​បន្ត​ផងដែរ ក្រោយពី​បាន​ផ្តួល Benfica 2-0 ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​លេខ2 ក្នុង​ពូ​ល។

ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​ម្ចាស់​ជើងឯក​របស់​អ៊ីតាលី Juventus បាន​ឈានទៅ​វគ្គ​បន្ត ពី​ការប្រកួត​ក្នុង​ពូ​ល D ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 2-0 ពេល​ប្រកួត​ជាមួយនឹង​ក្រុម Olympiakos ក្នុងប្រទេស​ក្រិ​ក ហើយ​ក្រុម Roma ក៏បាន​ឈានទៅ​វគ្គ​បន្ត​ពី​ការប្រកួត​ក្នុង​ពូ​ល C ផងដែរ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 1-0 លើ​ទឹកដី​ខ្លួនឯង ពេល​ជួប​ក្រុម Qarabag។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម Chelsea ធ្លាក់​ទៅ​ឈរ​លេខ2ក្នុង​ពូ​ល ក្រោយពី​ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Atletico Madrid ដែល​បាន​ធ្លាក់​ចេញពី​យុទ្ធនាការ។

ចំណែក​ក្នុង​ការប្រកួត​មួយទៀត ខ្សែបម្រើ Corentin Tolisso បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុម Bayern Munich បានបំពេញការសងសឹកចំពោះការបរាជ័យកាលពីខែកញ្ញា នៅកីឡដ្ឋាន Paris Saint-Germain តាមរយៈការកត់ត្រាជ័យជម្នះ 31 ក្នុងទីក្រុង Munich កាលពីថ្ងៃអង្គារ ប៉ុន្តែ ក្រុមយក្សរបស់បារាំងនៅតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1នៃពូ B ដដែល។

លទ្ធផល​នេះ មានន័យថា ក្រុម​យក្ស​បារាំង PSG នឹង​បញ្ចប់​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល ដោយសារ​តែមាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាង ក៏ដូចជា​ការ​មានកំណត់​ត្រា​នៃ​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​ល្អ​ជាង ស្រប​ពេលដែល​ក្រុម Bayern ក៏បាន​រក្សា​មោទនភាព​របស់ខ្លួន​ដែរ ខណៈដែល​ពួកគេ​បាន​តាម​ស្មើ15ពិន្ទុ​ជាមួយនឹង​ក្រុម PSG៕

ប្រភពពី៖ Sky Sports

Advertisement