អាហារ​ណាខ្លះ ដែល​ហាម​ហូប​នៅពេល​មាន​ជំងឺ?

តើ​ប្រី​យ​មិត្ត​អ្នកអាន​ធ្លាប់​ដែរឬទេ ពេល​យើង​ឈឺ​ថ្កាត់ម្តងៗ ពេលខ្លះ​តែង​បានឮ​លោកយាយ ឬ​អ្នក​ម្តាយ​ប្រាប់ថា ហាម​ញាំ​នេះ ហាម​ញ៉ាំ​នោះ ព្រោះ​វា​ជា​របស់​ដែល​មិនត្រូវ​ធាតុ​គ្នា​នឹង​អាការ​ជំងឺ​ដែល​យើង​កំពុង​កើត។ អាហារ​មិនល្អ គឺ​បណ្តា​អាហារ​ដែល​មិនត្រូវ​ធាតុ​គ្នា​នឹង​រោគ​ទាំងឡាយ​នោះ  ដែល​ជួនកាល​ក៏​ធ្វើឱ្យ​យើង​ងឿងឆ្ងល់​ដូចគ្នា​ដែរ​ថា តើ​យ៉ាងម៉េច​បាន​វា​ពាក់ព័ន្ធ​គ្នា​ទៅ​កើត? តែ​រឿង​បែបនេះ កុំ​ប្រហែស​ឱ្យសោះ ជាពិសេស​ជាមួយនឹង​ជំងឺ៩ ប្រភេទ​ខាងក្រោម​នេះ។

គ្រុនក្តៅ​ខ្លួន​ខ្លាំង៖  គួរ​ចៀសវាង​អាហារ​ដែល​មិន​ឆ្អិន  អាហារ​ដែល​ត្រជាក់​ខ្លាំង អាហារ​ចៀន​បំពង  អាហារ​ដែលមាន​ខ្លាញ់​ច្រើន ដែល​សុទ្ធតែជា​អាហារ​ពិបាក​រំលាយ និង​ធ្វើឱ្យ​កំដៅ​ខ្លួន​កើនឡើង ប្រៀបដូចជា​ការ​ជះ​ប្រេង​ទៅលើ​ភ្នក់ភ្លើង​អ៊ីចឹង​ដែរ។

ជំងឺ​ក្រពះ៖  គួរ​ចៀសវាង​ភេ​ស​ជ្ជះ​ប្រភេទ​អាល់កុល តែ​ឆុង​ចាស់ កាហ្វេ របស់ហឹរៗ  របស់​ចៀន​បំពង របស់​មាន​ខ្លាញ់​ព្រោះ​អាហារ​ទាំងអស់នេះ ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​កំដៅ ធ្វើឱ្យ​ជំងឺ​ក្រ​ជា។  វិធី​ដែល​ល្អ គួរ​ទទួលទាន​អាហារ​ក្នុង​បរិមាណ​តិច ឱ្យបាន​ញឹកញាប់  ទទួលទាន​ឱ្យ​ទៀងពេល និង​ជា​អាហារ​ដែល​ងាយ​រំលាយ។

ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់៖ គួរ​ចៀសវាង​អាហារ​ខ្លាញ់  អាហារ​ដែលមាន​ខូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់ ដូចជា សាច់ជ្រូក​បី​ជាន់ ស៊ុត​ត្រី  រួមទាំង​ស្រា​ផងដែរ ព្រោះ​អាហារ​ទាំងអស់នេះ ធ្វើឱ្យ​កើត​ភាព​ក្តៅ​អាប់​សន្សំ​នៅក្នុង​រាងកាយ និង​ភាព​សើម​អាប់​ក៏មាន​ផល​ធ្វើឱ្យ​កើត​ភាព​ខាប់​ស្អឹ​ត​ក្នុង​លំហូរ​វឹល​គ្រប់​ប្រព័ន្ធ​នៅក្នុង​រាងកាយ ហើយ​កំដៅ​នឹង​ទៅ​ជម្រុញ​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។  ក្រៅពីនេះ​គួរ​ចៀសវាង​អាហារ​រសជាតិ​ហឹរ ឬ​អាហារ​ផ្អែម​ខ្លាំង រួមទាំង​ផ្លែឈើ ដូចជា ផ្លែ​មៀន ធុ​រេ​ន ជាដើម។

ជំងឺថ្លើម និង​ថង់ទឹកប្រមាត់៖ ចៀសវាង​ភេ​ស​ជ្ជះ​ដែលមាន​ជាតិ​អាល់កុល អាហារ​ខ្លាញ់ សាច់​ជាប់​ខ្លាញ់ គ្រឿងក្នុង​សត្វ​អាហារ​ចៀន​បំពង អាហារ​ផ្អែម​ខ្លាំង ព្រោះ​ពេទ្យ​ចិន​ជឿថា ថ្លើម និង​ថង់ទឹកប្រមាត់​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ ការទទួលបាន​អាហារ​ប្រភេទ​នេះ​ច្រើនពេក នឹងធ្វើ​ឱ្យ​សមត្ថភាព​របស់​ការរំលាយ​អាហារ​ចុះខ្សោយ និង​មានគុណ​វិបត្តិ​ដល់​ថ្លើម និង​ថង់ទឹកប្រមាត់ ។

ជំងឺ​បេះដូង និង​ជំងឺ​តម្រងនោម៖ គួរ​ចៀសវាង​អាហារ​រសជាតិ​ប្រៃ​ខ្លាំង​ព្រោះ​នឹងធ្វើ​ឱ្យមាន​សន្សំ​ជាតិ​ទឹក លំហូរ​វឹល​របស់​ឈាម​នឹង​យឺត ធ្វើឱ្យ​បេះដូង​កាន់តែ​ធ្វើការ​ធ្ងន់​ឡើង តម្រងនោម​ត្រូវធ្វើ​ការបណ្តេញ​សារធាតុ​អំ​បឹ​ល​រ៉ែ​កាន់តែខ្លាំង​ឡើង  ចំណែក​អាហារ​រសជាតិ​ហឹរ ក៏​គួរ​ចៀសវាង​ដែរ ព្រោះ​ធ្វើឱ្យ​វា​ទៅ​ជម្រុញ​លំហូរ​វឹល​បាត់បង់​កម្លាំង​ថាមពល ហើយ​បេះដូង​ក៏​ធ្វើការ​កាន់តែ​ធ្ងន់ឡើង​ដែរ។

ជំងឺ​ទឹកនោមផ្អែម៖ ចៀសវាង​អាហារ​រសជាតិ​ផ្អែម ឬ​ម្សៅ​ដែលមាន​កាឡូរី​ខ្ពស់ ដូចជា តំឡូងបារាំង តំឡូងជ្វា គួរ​ទទួលទាន​អាហារ​ប្រភេទ​សណ្តែក ដូចជា តៅហ៊ូ ទឹកដោះគោ  សាច់​ហ្វ៊ី​ឡេ​ដែល​គ្មាន​ខ្លាញ់ ត្រី  និង​បន្លែស្រស់ ។

ជំងឺ​គេង​មិន​លក់៖ ចៀសវាង​ទឹកតែ កាហ្វេ  រួមទាំង​ការជក់បារី​ផងដែរ ព្រោះ​របស់​ទាំងអស់នេះ មាន​ឥទ្ធិពល​ជំរុញ​ប្រសាទ ធ្វើឱ្យ​មិន​ងងុយគេង ឬ​គេង​លក់​មិន​ស្រួល ។

ជំងឺ​ឬ​ស​ដូង​បាត ឬ​ទល់លាមក៖ ចៀសវាង​អាហារ​ប្រភេទឈ្ងុយៗ ខ្ទឹមស ខ្ញី​ស្រស់ ម្រេច ម្ទេស  ព្រោះ​អាហារ​ទាំងនេះ​អាចធ្វើឱ្យ​ឆ្អល់ពោះ បែក​សរសៃឈាម និង​អាការ​ឬ​ស​ដូង​បាត​កំរើក​ឡើង​ខ្លាំង ។

ខ្យល់ពុល៖ រលាក​ស្បែក ជំងឺហឺត ដង្ហក់ គួរ​ចៀសវាង​សាច់​ពពែ សាច់​ត្រី បង្គា គ្រំ ក្តាម ស៊ុត ទឹកដោះ និង​អាហារ​រសជាតិ​ហឹរ ព្រោះ​វា​នឹង​ទៅ​ជំរុញ និង​ធ្វើឱ្យ​អាការរោគ​ស្បែក​កំរើក​ឡើងវិញ​ទៀតផង៕

Advertisement