សហគ្រាស​ក្នុង​ស្រុក​កាន់​តែ​ច្រើន​នឹង​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ

នៅ​រយៈពេល​ប្រមាណ​ជាង​2​សប្តាហ៍​ទៀត​ការ​រៀបចំ​បុណ្យ​សមុទ្រ​នឹង​ឈាន​ចូល​លើក​ទី6 ដើម្បី​ជាការ​រួម​ចំណែក​អបអរ​សាទរ​ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​ក្នុង​ពិភពលោក​កាល​ពី​ឆ្នាំ2011។

ចាប់​តាំង​ពី​ពេល​នោះ​មក សកម្មភាព​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​បន្ត​បន្ទាប់​​ដើម្បី​រួម​ចំណែក​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ទៅ​ទស្សនា​តំបន់ឆ្នេរ ហើយ​សកម្មភាព​ពាណិជ្ជ​កម្ម ក៏​ត្រូវ​បាន​លើក​កម្ពស់​ដោយ​ផ្សារ​ភ្ជាប់​ផលិតផល​ក្នុងស្រុក​ទៅ​នឹង​ផលិតផល​នាំចូល​ពី​បរទេស។

សម្រាប់​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2017 នេះនឹង​ត្រូវ​រៀបចំ​ឡើង​ចាប់​ពី​​ថ្ងៃទី21-24 ខែធ្នូ ឆ្នាំ2017 នៅ​ក្រុងកែប ដែល​នេះ​ជា​លើក​ទី​​2 ហើយ​សម្រាប់​ខេត្ត​ដ៏​តូច​មួយ​នេះ​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ខណៈ​​អ្នក​​រៀបចំ​កម្មវិធី​នឹង​រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន400 សម្រាប់​តាំង​បង្ហាញ​ផលិតផល​ទាំង​ក្នុងស្រុក និង​នាំចូល។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ឱ្យ​ដឹង​ថា គណៈកម្មការ​នឹង​រៀបចំ​ពិព័រណ៍​ដោយ​បែក​ចែក​ជា​ស្តង់​សម្រាប់​ផលិតផល​ក្នុងស្រុក និង​​នាំចូល។

លោក សុខ ដារិទ្ធិ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ផ្តល់​អាទិភាព​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​ស្តង់​ត្រូវ​មាន​តម្លៃថោក​សមរម្យ ពិសេស​រំលេច​ឱ្យ​ឃើញ​ពី​ផលិតផល​ក្នុង​ស្រុក​ឱ្យបាន​ច្រើន​ប្រភេទ​ដែលជា​ផលិតផល​មាន​សក្តានុពលរបស់​កម្ពុជា។

ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ​នា​ពេល​ខាង​មុខ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​បានស្នើ​ឱ្យ​អាជ្ញារ​ខេត្ត​ជួយ​សម្របសម្រួល និង​ត្រៀម​រៀបចំ​សណ្ឋាគារ​សម្រាប់​ក្រុម​សិល្បករ​ដែល​មកពី​ប្រទេសផ្សេងៗ។

ក្រសួងទេសចរណ៍ បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ដែល​ជា​ទេសចរណ៍​បែប​ធម្មជាតិ បន្ទាប់​ពី​វិស័យ​ឯកជន​ធ្លាប់​បាន​ស្នើ​ឱ្យ​មាន​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត ដោយ​បង្វែរ​ចេញពី​ផលិតផល​ទេសចរណ៍​ទោល គឺ“ការ​ផ្តោតលើ​ទេសចរណ៍​វប្បធម៌” នៅក្នុង​ខេត្ត​សៀម​រាប​។

ថ្នាក់​ដឹកនាំ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថាព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ លើក​ទី6 ដែល​បាន​រៀប​ចំ​
ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ2016 មាន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​
ជាង 50​ម៉ឺន​នាក់។

ស្ថិតិ​ក្រសួងទេសចរណ៍ បង្ហាញ​ថា ត្រឹម​រយៈពេល​9​ខែ ឆ្នាំ​2017 កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន 3,912,761នាក់ ដោយ​មាន​កំណើន 11.5% និង​បាន​នាំ​មក​នូវ​ប្រាក់ចំណូល​ជាតិ​ប្រមាណ3,400​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​បន្ថែមទៀត ក្នុង​នោះ​កម្លាំង​ពលកម្ម​ជា​ស្ត្រី​មាន​ប្រមាណ 60%នៃ​កម្លាំង​ពលកម្ម​សរុប៕

Advertisement