Alli ស្រេកឃ្លាន​វិល​ទៅរក​ទម្រង់​លេង​ល្អ​វិញ ពេល Spurs ជួប APOEL រាត្រី​នេះ

0

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Dele Alli នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ការប្រកួត​បង្គ្រប់កិច្ច​នៃ​ក្របខ័ណ្ឌ Champions League របស់​ក្រុម Tottenham ជាមួយនឹង​ក្រុម Apoel Nicosia ខណៈដែល​រូបគេ​សម្លឹង​រក​ការវិល​ទៅរក​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​វិញ បើទោះបី​កីឡាករឆ្នើមៗជាច្រើន​ទៀត នឹងមិន​ត្រូវបាន​ប្រើប្រាស់​ក៏ដោយ។

Advertisement

ខ្សែប្រយុទ្ធ Harry Kane នឹង​ស្ថិត​ក្នុងចំណោម​តារា​ឆ្នើម​ទាំង5នាក់ ដែល​នឹងមិន​ដាក់​ឲ្យ​ចូល​លេង​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Wembley រួមជាមួយ​នឹង Christian Eriksen, Eric Dier, Kieran Trippier និង​អ្នកចាំទី Hugo Lloris។ ក្រុម​មាន់​ខ្នាយ​មាស Spurs មាន​សុវត្ថិភាព​រួចជាស្រេច​ក្នុងការ​បញ្ចប់​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល H ដែល​មានន័យថា កីឡាករ​បម្រុង Fernando Llorente, Georges-Kevin Nkoudou និង Juan Foyth ត្រូវបាន​រំពឹងថា នឹងត្រូវ​បានផ្តល់​ឱកាស​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង។ ប៉ុន្តែ ទោះបីជា​យ៉ាងណា Alli ដែល​បាន​អវត្តមាន​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល3ប្រកួត​ដំបូង​ដោយសារតែ​ការជាប់​ពិន័យ​ព្យួរ​នោះ នឹង​លេង​ក្នុងនាម​ជា​ខ្សែបម្រើ​ប្រយុទ្ធ ដើម្បី​វិល​ទៅរក​ទម្រង់​លេង​ដ៏​ល្អ​របស់គេ និង​ដណ្តើមយក​ការជឿជាក់​ត្រឡប់មកវិញ ក្រោយពី​ជួប​ភាព​ត្រដាបត្រដួស​នាពេល​កន្លងមកថ្មីៗនេះ។

Alli បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា ខ្ញុំ​គឺជា​អ្នក​រិះគន់​លើ​ខ្លួនឯង​ដ៏​ធំ​បំផុត។ គ្រប់​ពេលដែល​ខ្ញុំ​លេង​មិន​បានល្អ ខ្ញុំ​ដឹងថា វា​នឹង​មិនមែនជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ឡើយ។ វា​ពិតជា​សំខាន់​ណាស់​ដែល​ខ្ញុំ​ត្រូវតែ​រក្សា​ការខិតខំ​ព្យាយាម និង​ព្យាយាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រៀន និង​អភិវឌ្ឍ​ក្នុងនាម​ជា​កីឡាករ​ម្នាក់»។ ខ្សែបម្រើ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ពិតណាស់ ខ្ញុំ​ចង់​ស្ថិតក្នុង​កម្រិត​លេង​ដ៏​ខ្ពស់បំផុត​របស់ខ្ញុំ​ក្នុង​រាល់​ការប្រកួត និង​ការហ្វឹកហាត់​ទាំងអស់  និង​ខ្ញុំ​គិតថា វា​មិនមែន​មិនអាច​ទៅរួច​នោះឡើយ»។

ក្រុម Tottenham បាន​យកឈ្នះ​លើ​ក្រុម APOEL ក្នុង​លទ្ធផល 3-០ ក្នុងពេល​ក្រុម​ទាំងពីរ​បាន​ជួបគ្នា​នៅលើ​ទឹកដី​នៃ​ប្រទេស​ស៊ើប កាលពី​ជុំ​មុន​នៃ​ពូ​ល​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Eurosport.com

ចែករំលែក