ជីវប្រវត្តិ​បុរស​ទី2 ដែល​ទទួលបាន​បណ្ឌិត​កិត្តិយស​ សង្គមកិច្ច​ពី St. Elizabeth បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ

0

នៅ​កម្ពុ​ជាមាន​ជន​​បរទេស​មិន​ច្រើន​ទេ​ដែល​ទទួលបាន​ការប្រទាន​សញ្ជាតិ​ខ្មែរ​ពី​ព្រះមហាក្សត្រ ហើយ​ក៏​​មិន​មាន​ជន​បទេស​ច្រើន​ទេ​ដែល​បាន​ចំណាយ​ស្ទើរ​គ្រប់យ៉ាង​ក្នុង​ជីវិត​ដើម្បី​ជួយ​ដល់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​ដែល​កំពុង​ត្រូវការ​ជំនួយ។ ក្នុងចំណោម​មនុស្ស​ដ៏​ឧ​ត្ត​ម​ទាំងអស់នោះ លោក Scott Neeson ក៏​ជា​បុរស​ម្នាក់​ដែល​បាន​បំពេញ​កិច្ចការងារយ៉ាង​យកចិត្តទុកដាក់​ក្នុងការ​ជួយ​សង្គ្រោះ​កុមារ​រើស​សំរាម​ជាច្រើន​នាក់​ផង​ដែរ​នៅ​តំបន់​ស្ទឹង​មាន​ជ័យ​ ឱ្យទទួល​បាន​ពន្លឺ​នៃ​អនាគត​យ៉ាង​ត្រចះត្រចង់។

កុមារ​ជាច្រើន​នៅ​តំបន់​ចាក់សំរាមស្ទឹងមានជ័យបាន​ចាត់ទុក​​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​អង្គការ​មូល​និធិ​​កុមារ​កម្ពុជា (FCC) រូបនេះ​ថា​ជា​លោកឪពុក​ទី2 ដែល​បានផ្តល់​ក្តី​ស្រឡាញ់ ការយកចិត្តទុកដាក់ និង​ថវិកា​ដើម្បី​ការ​រៀនសូត្រ​ក្នុង​បរិស្ថាន​យ៉ាង​ល្អប្រសើរ​បំផុត។ ប្រជាជន​ខ្មែរ​ជាច្រើន​ដែល​ធ្លាប់​ឮឈ្មោះ លោក Scott Neeson សុទ្ធ​តែ​​ដឹងថា​បុរស​រូបនេះ​ជាម​នុស្ស​ដែល​គួរឱ្យ​គោរព តែ​មិនបាន​ដឹង​ពី​សាវតា​​រ​លម្អិតរ​បស់​គាត់​​ឡើយ។

Advertisement

លោក Scott Neeson ជា​ផលិតករ​ភាពយន្ត​ជនជាតិ​ស្កុ​តឡែន​ កូនកាត់​អូស្ត្រាលី ដែល​កើត​នៅ​រដ្ឋធានី Edinburgh ប្រទេស​ស្កុ​តឡែ​ន ហើយ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅកាន់​ប្រទេស​អូស្ត្រាលី​នៅពេលដែល​លោក​មាន​អាយុ 5​ឆ្នាំ។

លោក Scott បាន​ចូល​បម្រើ​ការងារ​ដំបូង​របស់ខ្លួន​នៅ​ក្រុមហ៊ុន​ឯកជន​មួយនា​ទីក្រុង Elizabeth ដែលជា​ទីក្រុង​ដ៏​​សំខាន់​មួយ​ក្នុងប្រទេស​អូស្ត្រាលី ដោយពេល​នោះ​លោក​មិនបាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នោះ​ទេ​។ លោក​បានចាប់ផ្តើម​​ការងារ​ដំបូង​​បំផុត​ក្នុងនាម​ជា​អ្នក​ដឹក​ជ​ញ្ជូ​នប​ណ្ណ​ភាពយន្ត ដែល​អាជីព​នេះ​បាន​ជំរុញ​ឱ្យ​លោក​រក្សា បាន​បទពិសោធ​​យ៉ាងច្រើនក្នុង​វិស័យ​ភាពយន្ត រហូត​ក្លាយជា​ផលិតករ​ដ៏​ល្បី​​ល្បាញ​ម្នាក់។ នៅ​ឆ្នាំ​1993 លោក Scott Neeson បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ភាពយន្ត 20th Century Fox International ដែលជា​ក្រុមហ៊ុន​​ល្បី​នៅ​អាមេរិក។

នៅ 20th Century Fox International លោក Scott Neeson បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​10ឆ្នាំ​រហូត​ទទួលបាន​តំណែង​ជា​នាយ​កក្រុមហ៊ុន​មួយ​នេះ និង​បាន​ផលិត​ខ្សែភាពយន្ត​​ល្បីល្បាញ​ជាច្រើន ដែល​មាន​ខ្លះ​ប្រជាជន​ខ្មែរ​ក៏​ធ្លាប់បាន​ទស្សនាដែរ​ តែ​មិនបាន​ដឹងថា​បុរស​ជនជាតិ​ស្កុ​ត​ឡែ​ន (ដែល​ក្រោម​មក​ទទួល​បាន​សញ្ជាតិ​ខ្មែរ) ដ៏​​អស្ចារ្យ​នេះ​ជា​អ្នក​ផលិត។ សាច់រឿង​ដែល​គួរឱ្យកត់សម្គាល់​មួយចំនួន​ដែល​ត្រូវបាន​ចេញផ្សាយ និង​ដឹកនាំ​ដោយ​លោក Scott Neeson មានដូចជា​រឿង The Star Wars រឿង X-Men រឿង Titanic រឿង Brave heart រឿង Independence Day និង​រឿង​ប្រមាណ​ជាង 100ផ្សេងទៀត។

បន្ទាប់ពី​​​លាលែង​តំណែង​ពី​ក្រុមហ៊ុន 20th Century Fox International នៅ​ឆ្នាំ​2003 លោក Scott Neeson បាន​​ធ្វើ​ដំណើរ​ស្រាវជ្រាវ​រយៈពេល​ខ្លី​នៅ​តំបន់​អាស៊ី មុន​ចូល​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន Sony Picture Entertainment​។ នៅក្នុង​ដំណើរ​កម្សាន្ត និង​ស្រាវជ្រាវ​រយៈពេល​ខ្លី​នេះ លោក Scott បាន​មកដល់​តំបន់​ចាក់សំរាម​នៅ​កម្ពុជា ហើយ​ជីវិត​របស់លោក​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​នៅពេលនោះ។ នៅតំបន់ចាក់សំរាមស្ទឹងមានជ័យ​បានធ្វើឱ្យ​លោក​មាន​ភាព​ក្តុកក្តួលជាមួយនឹង​ស្ថានភាព​កុមារដែលកំពុងរស់នៅក្នុងសភាព​ក្រីក្រ កំព្រា និង​បញ្ហា​សុខភាព​អនាម័យ ដែល​រឿងរ៉ាវ​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​លោក Scott Neeson សម្រេចចិត្ត​បង្កើត​មូលនិធិ​កុមារ​កម្ពុជា (CCF) ឡើង។

បន្ទាប់ពី​បង្កើត​មូល​និ​ធិ​កុមារ​កម្ពុជា​នៅក្នុង​ឆ្នាំ​2003 លោក Scott Neeson បាន​វិលត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​​វិញ​ដើម្បី​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Sony Picture មួយរយៈ​ពេលខ្លះ ហើយក៏​សម្រេចចិត្ត​លាឈប់​ពី​ការងារ​នៅ​ពិភព​ហូលីវូដ ដោយ​លក់​ទ្រព្យសម្បត្តិ​របស់លោក ហើយ​ផ្លាស់​មករស់នៅ​ប្រទេស​កម្ពុជា​ក្នុងនាមជាស្ថាបនិក និងជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា (CCF)។

បច្ចុប្បន្ន​អង្គការ​ CCF ផ្តល់​ការព្យាបាល និងថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​ និង​សមាជិក​សហគមន៍​ជាង 30,000នាក់​ជា​រៀងរាល់ឆ្នាំ ផ្តល់​អាហារ​ដល់​កុមារ​ដែល​អត់ឃ្លាន​ចំនួន400​នាក់​ជា​រៀងរាល់ថ្ងៃ ជា​មួយ​នឹង​កម្មវិធី​អាហារ​ពេល​ល្ងាច និង​បាន​អប់រំ​សិស្ស​ជាង 3,000នាក់​ពីសា​លាម​ត្តេ​យ្យ​រហូតដល់​មហា​វិទ្យាល័យ។

លោក Neeson បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​តាមរយៈ​អង្គការ​របស់លោក​ដើម្បី​ធានាថា​ អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ភាពក្រីក្រ​ធ្ងន់ធ្ងរ ទទួលបាន​ការថែទាំ​សុខភាព ការអប់រំ និង​ទទួលបាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​​សម្រាប់​ការរស់នៅប្រកបដោយ​ស្តង់ដារ។​ ការងារ​របស់លោក​បាន​ផ្លាស់​ប្តូរជីវិតរស់នៅរបស់ពលរដ្ឋខ្មែរ​​ជាច្រើន តាមរយៈ​ការផ្តល់​សេចក្តីថ្លៃថ្នូរ​ដល់​ពួកគេ និង​ផ្លាស់ប្តូរ​របៀប​ដែល​ពួកគេ​មើលឃើញ​ខ្លួនឯង​និង ​ពិភពលោក។

ជា​លទ្ធផល​ចំពោះ​ការខិតខំ​ប្រឹងប្រែង លោកឪពុកទី2 នៃ​កុមារ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ Scott Neeson បានទទួល​ពានរង្វាន់ Q Prize ពី​លោក Quincy Jones នៅ​ឆ្នាំ​2007 នៅក្នុង​កម្មវិធី​សម្ពោធ​សាលា Harvard School of Public Health លើ​ភាពជា​អ្នកដឹកនាំ​ដ៏​សាមញ្ញ​របស់លោក​ក្នុងការ​ទ្រទ្រង់ និង​ឧបត្ថម្ភ​កុមារ​នៅ​កម្ពុជា។ ​នៅ​ឆ្នាំ​នោះ​ផង​ដែរ លោក​ក៏​ទទួលបាន​ពានរង្វាន់ Rex Foundation Bill Graham ដែល​ផ្តល់​ក្នុងនាម​ជា​អ្នកបង្កើត​ទីជម្រក​សម្រាប់​កុមារ​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​លើ​ការអប់រំ។ លើសពីនេះទៅទៀត នៅ​ឆ្នាំ2014​ លោក Scott Neeson បាន​ក្លាយ​ជា​​បេក្ខជន​ប្រកួត​ផ្តាច់​ព្រ័ត្រនៃ​ពានរង្វាន់​មនុស្សធម៌ Rotary International One។ កាល​ពី​ថ្ងៃទី​27 ខែវិច្ឆិកា ឆ្នាំ2017 ថ្មីៗ​នេះ លោក Scott Neeson ទទួលបាន​សញ្ញាបត្រ​បណ្ឌិតកិត្តិយស​ផ្នែក​សង្គមកិច្ច ពី​សាកលវិទ្យាល័យ​សុខាភិ​បាល និង​វិទ្យាសាស្ត្រ​សង្គម St. Elizabeth ដែល​នៅ​ព្រះរាជាណាចក្រ​កម្ពុជាមានតែ​លោក Neeson ប៉ុណ្ណោះ​ជា​បុគ្គល​ទី2 ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​សាកលវិទ្យាល័យ​ស្លូ​វ៉ា​គី​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ចែករំលែក