ហេតុអ្វី​បាន​ជា​យុវវ័យ​បច្ចុប្បន្ន​ ចូលចិត្ត​ប្រើ​ជីវិត​បែប​ស៊ីវិល័យ?

0

មិន​ថា​នៅ​ហាង​កាហ្វេ​ប្រ៊េន ភោជនីយដ្ឋាន​ទំនើប សណ្ឋាគារល្បីៗ ផ្សារទំនើប នៅ​លើ​យន្តហោះ នៅ​បរទេស ឬ​នៅ​កន្លែង​កម្សាន្ត​ល្បីៗ​នោះ​ទេ បច្ចុប្បន្ន​គេ​តែង​សង្កេត​ឃើញ​ថា​រូបភាព​នៅ​កន្លែង​ទាំង​អស់​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ផុសផុល​នៅ​ក្នុង​បណ្តាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស៊ីវិល័យ​ក្នុង​ការ​រស់​នៅ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Cambodia Co., Ltd បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ហើយ​កម្រិត​ជីវភាព​របស់ប្រជាជន​ក៏​ចាប់​ផ្តើម​ប្រសើរ​ឡើង​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ផ្លាស់ប្តូរ​ជីវិត​រស់​នៅ។ កាល​ពី​មុន​អ្វី​ដែល​ប្រជាជន​ត្រូវការ គឺ​អាហារ និង​តម្រូវការ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​គ្រប់គ្រាន់តែ​​ពេល​នេះ​មនុស្ស​ចាប់​ផ្តើមចេះ​ប្រើ​ជីវិត​ឱ្យ​កាន់​តែ​ប្រសើរ​ តាម​រយៈ​ការ​​ដើរ​កម្សាន្ត ការ​ប្រើប្រាស់​សម្ភារ​ទំនើបៗ និង​បែបបទ​នៃ​ការ​រស់​នៅ​បែប​ទំនើប។

លោក​ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Cambodia Co., Ltd
Advertisement

លោក​ឧកញ៉ា​មាន​ប្រសាសន៍​​​ថា ៖ “សម្រាប់​ការ​រកស៊ី​ក៏​ដូចគ្នា​ដែរ គឺ​ត្រូវ​តែ​ចេះ​មើល​ពី​ស្ថានការណ៍​សង្គម ស្រប​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​មាន​ជីវភាព​ល្អ​ប្រសើរ។ មនុស្ស​ជា​ច្រើន ចាប់​ផ្តើម​គិតគូរ​ពី​សម្រស់ និង​ការ​កម្សាន្ត ហេតុនេះ​ផលិតផល​រក្សា​សម្រស់​ជា​ជម្រើស​ល្អ​មួយ​ដែល​គួរ​យក​មក​គិត”។

ចំណែក​ លោក លី តារា អ្នកនិពន្ធ​សៀវភៅ​យុវវ័យ បាន​និយាយ​ថា ​បច្ចុប្បន្ន​មាន​យុវជនមួយ​ចំនួន​ចាប់​ផ្តើម​ចូល​ចិត្ត​ប្រើ​ជីវិត​បែប​ស៊ីវិល័យ (Lifestyle) ដោយ​អ្នកខ្លះ​ចូលចិត្ត​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ ​ចូលចិត្ត​ដើរ​កម្សាន្ត​នៅ​កន្លែង​ល្អៗ ហើយ​អ្នកខ្លះ​​​ចូលចិត្ត​​​ហាងប្រែ៊ន ជា​ដើម​។ ការ​ចូល​ចិត្ត​ប្រើ​ជីវិត​ស៊ីវិល័យ​បែប​នេះ គឺ​មក​ពី​ចរន្ត​នៃ​ការ​រស់នៅ និង​​​ទំនាក់ទំនង​កាន់​តែ​មាន​ភាព​ជឿនលឿន ដែល​ធ្វើឱ្យ​យុវវ័យ​​មើល​ឃើញ​កាន់​តែ​ច្រើន​ពី​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​នៅ​បរទេស ហើយ​ចរន្ត​នៃ​ភាព​ទំនើប​នេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​អនុវត្ត​តាម​ក្នុង​ចំណោម​យុវជន​នៅ​កម្ពុជា។

លោក លី តារា អ្នកនិពន្ធ​សៀវភៅ​យុវវ័យ

លោក តារា ​និយាយ​ថា​ ៖ “ចំពោះ​ការ​ប្រើប្រាស់​ជីវិត​បែប​ស៊ីវិល័យ​របស់​យុវជន ខ្ញុំ​គិត​ថា​បណ្តាល​មក​ពី​ចរន្ត​នៃ​ការ​ឆ្លង​ចូល​របស់​វប្បធម៌​បរទេស ដែលធ្វើឱ្យ​យុវជន​ខ្មែរ​គិត​ថា​ឡូយ ហើយ​ក៏​ព្យាយាម​អនុវត្ត​តាម”។

អ្នក​និពន្ធ​​​ខាង​លើ ​បាន​បង្ហាញ​ថា យុវវ័យ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​ការធ្វើទំនាក់ទំនង ហេតុនេះ​បណ្តាញ​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម បាន​ធ្វើ​ឱ្យ​ពួក​គាត់​យល់​ឃើញ​យ៉ាង​ច្បាស់​ពី​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​នៅ​ក្នុង​ប្រទេស​នានា ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ទៅ​​បន្ត​ការ​សិក្សា​នៅ​ ឬ​ទៅទេសចរណ៍​នៅ​បរទេស​​ធ្វើ​ឱ្យ​ពួក​គាត់​បាន​ឃើញ ហើយ​ក៏​ចាប់​យក​ចំណុច​ល្អៗ​​មក​ប្រើ​ប្រាស់​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

ជាមួយ​គ្នា​នេះ​ លោក ពេជ្រ ពិសាល ប្រធាន​គ្រប់គ្រង​គម្រោង Daily Plus ដែល​ជា​ស្ថាប័ន​រៀបចំ​សិក្ខា​សាលា​​សម្រាប់​យុវជន​លើ​ជំនាញ​សហគ្រិន និង​ការអប់រំ បាន​លើក​ឡើង​ថា មាន​កត្តា 2យ៉ាង​ដែល​យុវវ័យ​បច្ចុប្បន្ន​ចាប់​​ផ្តើម​ប្រើប្រាស់​ជីវិត​បែប​ទំនើប គឺ​ទី1 ​កត្តា​បច្ចេក​វិទ្យា ដោយ​សំដៅ​លើ​បណ្តាញ​សង្គម ដែល​មាន​ដូចជា Facebook ឬ Instagram ជាច្រើន​កំពុង​តែ​ប្រើប្រាស់​ជា​បណ្តាញ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ទី2 គឺ​លំហូរ​នៃ​អាជីវកម្ម​ទំនើប​ដែល​កំពុង​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

លោក ពេជ្រ ពិសាល ប្រធាន​គ្រប់គ្រង​គម្រោង Daily Plus

លោក ពិសាល បាន​និយាយ​ថា ៖ “​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​រស់​នៅក្នុង​ពិភព Facebook ច្រើន​ប្រហាក់​ប្រហែល​នឹង​រស់​នៅ​ក្នុង​ជីវិត​ជាក់​ស្តែង​ដែរ ហេតុនេះ​ទើប​ពួកគេ​ចូលចិត្ត​បង្ហាញ​ពី​ជីវិត​បែប​ស៊ីវិល័យ​របស់​គេ​នៅ​ក្នុង​បណ្តាញ​សង្គម។ ចំណុច​នេះ​ហើយ​ទើប​ធ្វើឱ្យ​មនុស្ស​ជាច្រើន ពិសេស​យុវវ័យ​ចូលចិត្ត​រស់​នៅ​ក្នុង​ជីវិត​បែប​ទំនើប​ដើម្បី​ទទួល​បាន​រូបភាព​ទំនើប និង​ស្រស់ស្អាត​នៅក្នុង​បណ្តាញ​សង្គម​”។

លោក ពេជ្រ ពិសាល បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​លំហូរ​នៃ​អាជីវកម្ម ក៏​មាន​ជាប់​ទាក់ទង​ច្រើន​ផង​ដែរ​លើ​ការ​ផ្លាស់​ប្តូរ​វិធី​រស់​នៅ​នេះ។ លោក​និយាយ​ថា បច្ចុប្បន្ន​មាន​និស្សិត​ជាច្រើន​បាន​ចេញ​ទៅ​សិក្សា​នៅ​បរទេស ហើយ​​បាន​ឃើញ​ពី​អាជីវកម្ម​ប្លែកៗ​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​មាន។ រូបភាព​ភាព​នៃ​ការផ្សព្វផ្សាយ​​អាជីវ​កម្ម​ទាំង​អស់​នោះ បាន​ជំរុញ​ឱ្យ​ប្រជាជន​ជាច្រើន​ទៀត​បានឃើញ និង​បាន​ស្គាល់​ពី​ជម្រើស​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ ស្រប​​ពេលដែល​កន្លែងល្អៗជាច្រើន​ផ្សេងទៀត​កំពុង​អភិវឌ្ឍ​ឱ្យ​ប្លែក និង​ដេញជើង​គ្នា​ជា​បន្តបន្ទាប់៕

ចែករំលែក