Ronaldo ឈ្នះពាន Ballon d’Or ជាលើក​ទី​5 ដើម្បី​តាមស្មើកំណត់ត្រា​របស់ Messi

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​តាម​ស្មើកំណត់ត្រា​របស់ខ្សែ​ប្រយុទ្ធ Lionel Messi ​តាមរយៈ​ការឈ្នះ​ពាន​​រង្វាន់​មាស Ballon d’Or ជា​លើក​ទី​5 ក្នុង​កម្មវិធីមួយក្នុង​ទីក្រុង​ប៉ា​រីស​។

Ronaldo​ បាន​ជួយ​ឲ្យក្រុម Real Madrid ឈ្នះពាន​ក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​12 ខែមិថុនា តាមរយៈការ​ស៊ុត​បាល់បញ្ចូល​ទី​3​គ្រាប់ នៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម Bayern Munich និង Atletico Madrid ក្នុង​វគ្គ​8ក្រុមចុងក្រោយ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ក៏ដូច​ជា​បានស៊ុត​បាល់បញ្ចូលទី​2​គ្រាប់ ក្នុង​ពេលក្រុមខ្លួន​យកឈ្នះ Juventus 4-1 ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ Messi ដែល​​ទើប​តែ​បាន​ចុះហត្ថលេខាលើកុង​ត្រា​ថ្មីមួយនៅឯ​ក្លិប Barcelona រហូត​ដល់ឆ្នាំ​2021​នោះ បាន​បញ្ចប់​​ក្នុង​ចំណាត់ថ្នាក់​លេខ​2 សម្រាប់​រយៈពេល​2​ឆ្នាំ​ជាប់​ៗ​គ្នា បើទោះ​បី​បច្ចុប្បន្ន​បានរកគ្រាប់បាល់បញ្ចូល​ទី​ច្រើន​ជាង Ronaldo ចំនួន​3​គ្រាប់​ ក្រោយពីយុទ្ធនាការយៈពេល1​ឆ្នាំ​ក៏ដោយ​។ ដោយឡែក កីឡាករ​មានតម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុងពិភព​លោក Neymar បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​3 ជាលើក​ទី​2ក្នុងរយៈពេល​3​ឆ្នាំ​​។ Ronaldo បាន​បន្ថែម​ពាន Ballon d’Or ឆ្នាំ​2017 ពីលើពាន​បាល់​មាស​ដែល​រូប​គេ​ធ្លាប់បាន​ឈ្នះកាលពីឆ្នាំ​2008, 2013, 2014 និងឆ្នាំ​2016 ហើយ Messi គឺ​ជា​កីឡាករ​តែម្នាក់​ទៀតគត់​ដែល​​ឈ្នះពាន​នេះ​បើ​គិត​ចាប់​តាំងពីឆ្នាំ​2009​។

Ronaldo បាន​​និយាយ​​ក្នុង​​កម្ម​វិធី​មួយ​នៅ​ឯ​​ប៉ម Eiffel Tower ក្នុង​ទីក្រុង​ប៉ា​រីស ថា៖ «ពិតណាស់ ខ្ញុំ​មាន​អារម្មណ៍​រីក​រាយ ហើយនេះ​ជា​ពេល​វេលា​ដ៏អស្ចារ្យ​ក្នុង​អាជីព​របស់​ខ្ញុំ​​។ នេះ​គឺ​ជា​​អ្វី​ដែល​ខ្ញុំ​សម្លឹង​​ចង់​ឈ្នះ​ជា​រៀង​រាល់​ឆ្នាំ​»​។ Ronaldo បានបន្ថែម​ទៀត​ថា៖ «ពាន​រង្វាន់​ជា​ច្រើន​ដែល​ត្រូវ​បាន​ឈ្នះ​កាលពីឆ្នាំ​មុន បាន​ជួយ​ឲ្យក្រុម​ឈ្នះពាន​រង្វាន់​នេះ​។ សូម​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​រួមក្រុម Real Madrid ហើយខ្ញុំ​ចង់​ថ្លែង​អំណរ​គុណ​ដល់អ្នកផ្សេង​ទៀត​ដែល​បាន​​ជួយឱ្យ​​​ខ្ញុំ​ឈាន​ដល់កម្រិតនេះ​»​​៕

ប្រភព​ពី៖ Sky Sports

Advertisement