Arsenal លត់ BATE Borisov ចាស់​ដៃ ខណៈ Marseille ទៅ​វគ្គ​បន្ត

ខ្សែ​បម្រើ​ Jack Wilshere បានក្លាយ​ជា​​​តា​រាឆ្នើម ខណៈ​ដែលក្រុម Arsenal បានលត់ក្រុម BATE Borisov យ៉ាង​ចាស់​ដៃក្នុងលទ្ធផល 6-០ នាកីឡដ្ឋាន Emirates ក្នុង​ការ​ប្រកួត​ជុំ​ចុងក្រោយនៃពូល​ក្នុងក្រប​ខ័ណ្ឌ Europa League របស់​ពួក​គេកាលពីថ្ងៃព្រហស្បតិ៍ ស្រប​ពេល​ដែលក្រុម Marseille បានកក់​កៅអី​របស់​ពួកគេ ក្នុង​វគ្គ​32​ក្រុមចុងក្រោយ​។

លោក Arsene Wenger បានធ្វើការផ្លាស់​ប្តូរកីឡាករទាំង​11នាក់​ចំពោះក្រុម​ដែលបាន​ចាញ់ក្រុម Manchester United កាលពី​ចុង​សប្តាហ៍មុន ប៉ុន្តែក្នុង​ជម្រើស​​ទី​2​របស់គ្រូបង្វឹកសញ្ជាតិ​បារាំង​រូបនេះ បាន​បង្ហាញពី​ទម្រង់លេង​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យលោក​កត់ត្រា​​ជ័យជម្នះ​ជាលើក​ទី​700របស់​លោក​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​ Arsenal​។ ក្រោយ​ពី​ខ្សែ​ការ​ពារ​ដែល​រ​ង​ការ​រំខានដោយ​បញ្ហា​របួស Mathieu Debuchy​ បានរក​គ្រាប់បាល់​បើក​ឆាកនៅ​នាទីទី​11 តាមរយៈការ​ស៊ុតបាល់បញ្ចូលទី​​ជា​លើក​ទី​1​របស់គេ​​ក្នុងរយៈពេល​1082ថ្ងៃ​ ហើយ​ខ្សែ​ប្រយុទ្ធ Theo Walcott បាន​បន្ថែម​1​គ្រាប់​ទៀត​នៅ​នាទីទី​37​​។

បន្ទាប់មក នៅរយៈពេល ​2នាទី​ចុងក្រោយ​នៃ​តង់​ទី​1 Wilshere​ បាន​បញ្ចប់​ការមិនអាច​រក​គ្រាប់បាល់​បញ្ចូល​ទី​របស់គេ​សម្រាប់ក្រុម Arsenal ចាប់​តាំងពីថ្ងៃ​​ចុងក្រោយនៃក្រប​ខ័ណ្ឌ Premier League រដូវ​កាលឆ្នាំ​2014-2015 តែម្តង​។ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​1​​គ្រាប់ពី​សំណាក់ខ្សែការ​ពារ Denis Polyakov បាន​ជួយ​ឲ្យក្រុម Arsenal នាំមុខ4-០ នៅ​ដើម​តង់​ទី​2 មុនពេល​ខ្សែ​ប្រយុទ្ធ Olivier Giroud​ បាន​រក​​គ្រាប់​បាល់​ទី​6​របស់គេ​នៅ​រដូវកាលនេះ ពី​ការ​ស៊ុតបាល់​ប៉េណាល់ទី ហើយ Mohamed Elneny​ បានបំពេញ​ជ័យជម្នះ​ដ៏​ធំ​​សម្រាប់​ក្រុមខ្លួន​នៅរយៈពេល​16នាទីចុងក្រោយ​តែម្តង​។

Wilshere បានប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «វា​ជា​រឿង​ដែល​ធូរ​ស្រាល​បន្តិច​ដែល​ខ្ញុំ​បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​។ វាជា​គ្រាប់បាល់​1គ្រាប់ក្នុង​ចំណោម​ការប្រកួត​ទាំង​នោះ ប៉ុន្តែ វាមិនមាន​ន័យ​អ្វីឡើយ ពី​ព្រោះ​យើង​បាន​ឈរ​លេខ​1ក្នុងពូលស្រេចទៅ​ហើយ​»​៕

ប្រភពពី៖ Sport24

Advertisement