លោក Mourinho ៖ កីឡាករក្រុម Man City នឹង​​​ត្រូវផ្តួលនៅថ្ងៃអាទិត្យនេះ

លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម​បិសាចក្រហម Manchester United បាន​ធ្វើការ​​វាយ​ប្រហារជាពាក្យសម្ដី​នៅមុនពេល​ការ​ប្រកួត​​រវាងក្រុម​ស្ថិតក្នុង​តំបន់​តែមួយលើ​កីឡាករ​របស់​ក្រុម Manchester City តាម​រយៈ​ការ​អះអាង​ថា យើង​ត្រូវ​ការត្រឹម​តែ​ខ្យល់បក់ «បន្តិច​បន្តួច​ប៉ុណ្ណោះ» សម្រាប់​វាយ​ផ្តួលពួកគេ​​ឲ្យ​ដួលដល់​ដី​។

ក្រុម Man City របស់លោក Pep Guardiola នឹង​ធ្វើ​ដំណើរ​ទៅកាន់កីឡដ្ឋាន Old Trafford នៅ​ថ្ងៃអាទិត្យនេះ ដោយ​សម្លឹង​រកការ​បន្ថែមការនាំមុខ​​ចំនួន​8​ពិន្ទុ​របស់ពួក​គេ​លើ​ក្រុម​ឈរ​លេខ​2 Man United នៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League​។ ការ​ប្រកួតនេះ​ត្រូវ​បានគេ​ចាត់​ទុក​ថា ជា​ឱកាសមួយសម្រាប់ក្រុម Man United ក្នុង​ការ​​ធ្វើ​ដំណើរ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើមពាន​វិញ ហើយ​លោក Mourinho បានបង្កាត់​ភ្លើង​កម្តៅ​ភ្លាម​ៗ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មុនការ​ប្រកួត​របស់លោក​តាម​រយៈ​ការនិយាយ​ថា កីឡាករ​របស់ក្រុម Man City នឹងចាញ់​យ៉ាង​ងាយ​ស្រួលបំផុត​​។

នៅ​ឯ​ទីលាន​ហ្វឹកហាត់​របស់ក្រុម Man United ក្នុង​តំបន់ Carrington ភាគ​ខាងលិច​នៃ​ទីក្រុង Manchester លោក Mourinho បានប្រាប់​អ្នកយក​ព័ត៌​មាន​កាល​ពីថ្ងៃ​សុក្រ​ថា៖ «ពួកគេ​ជាក្រុម​ដ៏ខ្លាំងមួយ​។ ពួកគេ​ការ​ពារ​យ៉ាងល្អ ពួក​គេ​​បញ្ចេញ​ប្រតិ​កម្ម​បាន​យ៉ាង​ល្អ​នៅពេល​ដែលពួក​គេ​បាត់​បង់​បាល់​​។ ពួកគេ​​លេង​បានស៊ី​ចង្វាក់គ្នាល្អ​ទៅ​លើការ​វាយសម្រុក ពួក​គេ​​អាច​​បង្កើត​ឱកាស​បាន​យ៉ាង​ងាយ​។ ពួកគេ​ជាកីឡាករ​ដ៏អស្ចារ្យ ពួក​គេមាន​គ្រូប​ង្វឹក​ដ៏ឆ្នើម ហើយ​ពួកគេមាន​ចំណុច​ល្អ​ជាច្រើន​»​។

គ្រូ​បង្វឹក​រូប​នេះ​បានបន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​រឿង​មួយ​​ដែល​ខ្ញុំមិន​ចូល​ចិត្តនោះ​គឺ​ថា ពួកគេ​បាត់​បង់​តុល្យ​ភាព​យ៉ាង​​ងាយស្រួល​។ អ្នក​ដឹង​ទេ​ថា ត្រឹម​តែកម្លាំង​ខ្សល់បក់​បន្តិ​ច​ប៉ុណ្ណោះ ពួក​គេ​នឹង​ដួល​គ្រាំងតែម្ដង​»​។ ការ​​ប្រកួត​នៅថ្ងៃ​អាទិត្យ​នេះ នឹង​ចាប់​ផ្តើមនៅ​ម៉ោង​11:30យប់​៕

ប្រភព​ពី៖ Sky Sports

Advertisement