តើមហាសេដ្ឋីថ្មោងថ្មីដោយសារ Bitcoin គឺនរណា?

ក្នុងអំឡុងពេលដែលមនុស្សទូទាំងពិភពលោកកំពុងតែប្រកែកគ្នាថា តើ Bitcoin មានឱកាសអាចក្លាយជាពពុះសាប៊ូឌីជីថល(ជំនួញដែលរីកធំលឿន តែងាយបែក)ដែរឬទេ? រហូតទៅដល់មានសេដ្ឋីៗមួយចំនួនកំពុងតែគិតហើយគិតទៀតថា តើគួរវិនិយោគលើ Bitcoin  ឬក៏អត់នោះ?  មានមនុស្សជាច្រើនណាស់ដែលមិនទាន់ដឹងថា មានមនុស្សពីរនាក់បានក្លាយជាមហាសេដ្ឋីដោយសារ Bitcoin ដែលពួកគេកំពុងកាន់ក្នុងដៃ។

សារព័ត៌មានក្នុងប្រទេសអង់គ្លេស នាំមុខគេដោយ​ តេឡេហ្ក្រាហ្វ បានបង្ហើបឱ្យដឹងថា ខាមេរ៉ន់ និងថៃលើរ៍ វិងឃើលវ៉ូស​(Vinklevoss)បានក្លាយជាមហាសេដ្ឋីលំដាប់ពាន់លានដុល្លារដោយសារការចូលទិញ Bitcoin កាលពីឆ្នាំ 2013 ដែលក្រោយមកតម្លៃ Bitcoin ស្ទុះឡើងខ្ពស់ដល់ 10,000 ដុល្លារក្នុង 1 Bitcoin ធ្វើឱ្យទាំងពីរនាក់បងប្អូនភ្លោះក្លាយជាមហាសេដ្ឋីក្នុងចំណោមមហាសេដ្ឋីលំដាប់ពាន់លានដុល្លារដែលមានបានដោយសារ Bitcoinដោយបរិយាយ។

របាយការណ៍របស់តេឡេហ្ក្រាហ្វនៅបានប្រាប់បន្ថែមទៀតថា ថៃលើរ៍ – ខាមេរ៉ន់ វិងឃើលវ៉ូស ចាប់ផ្ដើមកាន់កាប់ Bitcoin តាំងពីឆ្នាំ 2013 ដោយក្នុងពេលនោះតម្លៃរបស់ត្រកូលប្រាក់ឌីជីថលកំពូលពេញនិយមមួយនេះនៅមានតម្លៃត្រឹមតែ 120 ដុល្លារប៉ុណ្ណោះក្នុង​1 Bitcoin  ជាមួយគ្នានោះតេលេហ្ក្រាហ្វជឿថា បងប្អូនភ្លោះ វិងឃើលវ៉ូស ប្រហែលជាមាន Bitcoin នៅក្នុងដៃមិនតិចជាង 1 សែន Bitcoin ឬប្រមាណ 1,16 ពាន់លានដុល្លារអាមេរិកឡើយ។

ទាំងអស់នេះ បើត្រឡប់ទៅក្រោយវិញកាលពីឆ្នាំ 2015 ពីរនាក់បងប្អូនវិងឃើលវ៉ូសធ្លាប់បានផ្ដល់បទសម្ភាសជាមួយ CNN Money ដោយបានប្រាប់ថា នៅពេលអនាគត តម្លៃរបស់ Bitcoin នឹងហក់ឡើងខ្ពស់ និងមានឱកាសច្រើនដែលវានឹងកើនតម្លៃឡើងក្លាយជាទ្រព្យសម្បត្តិលំដាប់លានលានដុល្លារមិនខាន និងដោយសារជំនឿនេះ ធ្វើឱ្យថៃលើរ៍ និងខាមេរ៉ន់បដិសេធក្នុងការបញ្ចេញ Bitcoin ទោះជាក្នុងអំឡុង 3 – 4 ឆ្នាំមុន តម្លៃរបស់ Bitcoin ធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។

តើ ថៃលើរ៍ និងខាមេរ៉ន់ វិងឃើលវ៉ូស ជានរណា?

មកដល់ត្រង់នេះ មិត្តអ្នកអានអាចនឹងនឹកឆ្ងល់ថា តើបងប្អូនភ្លោះវិងឃើលវ៉ូសនេះជានរណា និងមានភាពសំខាន់យ៉ាងណាខ្លះមិនខាន។ ការពិតទៅបងប្អូនភ្លោះវិងឃើលវ៉ូសអាចរាប់បានថា ជាមនុស្សល្បីឈ្មោះម្នាក់ដែរ នៅពេលដែលទាំងពីរនាក់មានឈ្មោះថា ជាម្ចាស់ផ្នត់គំនិតក្នុងបង្កើតហ្វេសប៊ុកបណ្ដាញទំនាក់ទំនងសង្គមដ៏ធំបំផុតក្នុងពេលបច្ចុប្បន្ន មុនពេលដែលផ្នត់គំនិតនេះបានរបូតធ្លាក់ទៅដល់ដៃ ម៉ាក ហ្សាក់ឃើប៊ើក។

ពីរនាក់បងប្អូន វិងឃើលវ៉ូស បានចោទថា ម៉ាក ហ្សាក់ឃើប៊ើក ចម្លងផ្នត់គំនិតក្នុងការសាងហ្វេសប៊ុកពីខ្លួនខណៈពេលនៅជានិស្សិតនៅមហាវិទ្យាល័យ ហាវ៉ាដ ដោយនៅពេលនោះពួកគេបានហៅអ្វីដែលស្រដៀងនឹងហ្វេសប៊ុកនោះថា ConnectU (ចំណុចនេះ មិត្តអ្នកអានអាចមើលបាននៅក្នុងខ្សែភាពយន្ត The Social Network)មុននឹងតុលាការកាត់ក្ដីឱ្យបងប្អូនភ្លោះវិងឃើលវ៉ូសឈ្នះរឿងក្ដីនេះ ព្រមជាមួយបង្គាប់ឱ្យ ម៉ាក ហ្សាក់ឃើប៊ើក ត្រូវបង់ជំងឺចិត្តជាប្រាក់ចំនួន 65 លានដុល្លារអាមេរិក ហើយរឿងរ៉ាវក៏បានបញ្ចប់។

 វិងឃើលវ៉ូសទាំងពីរកំពុងប្រកួតកីឡាអុំទូកក្នុងកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង

ចំណែកអតីតភាពរបស់បងប្អូនភ្លោះវិងឃើលវ៉ូសវិញ ពួកគេរៀនចប់ពីមហាវិទ្យាល័យ ហាវ៉ាដ មានអាជីពជាអ្នកវិយោគទុន អ្នកជំនួញ  ជាសហគ្រិន Start up និងធ្លាប់បានចូលរួមប្រកួតកីឡាអុំទូកក្នុងនាមជាកីឡាកររបស់សហរដ្ឋអាមេរិកក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ 2008 ក្នុងទីក្រុងប៉េកាំងទៀតផង។

បច្ចុប្បន្ននេះ ទាំងពីរនាក់កំពុងធ្វើធុរកិច្ច Start up ពាក់ព័ន្ធនឹងការថ្រេដ Bitcoin​ និងត្រកូលប្រាក់ឌីជីថលដទៃទៀតក្នុងឈ្មោះ Gemini ដោយមានគោលដៅគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ការកើតមានការវិនិយោគទុនក្នុងត្រកូលប្រាក់ឌីជីថលយ៉ាងច្បាស់​លាស់​៕

 

រៀបរៀងដោយ តាវ៉ែនតា

 

Advertisement