Otamendi ជួយឲ្យ Man City នាំមុខដាច់ ខណៈ Rooney សង្គ្រោះ Everton

Manchester City បានបោះជំហានដ៏ធំមួយទៀតឆ្ពោះទៅកាន់ការឈ្នះពាន ខណៈដែលក្រុមកំពុងនាំមុខមួយនេះបានផ្តួលក្រុម Manchester United ក្នុងលទ្ធផល 2-1 ដើម្បីកត់ត្រាជ័យជម្នះជាលើកទី14ជាប់ ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League ខណៈពេលដែលគ្រាប់បាល់តាមស្មើរបស់ Wayne Rooney បានជួយឲ្យក្រុម Everton បញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃអាទិត្យ។

Man City បានតាមស្មើកំណត់ត្រាឈ្នះជាប់ៗគ្នាកាលពីពេលមុនរបស់ក្រុម Arsenal ដែលធ្លាប់បានបង្កើតឡើងនៅចន្លោះខែកុម្ភៈ និងខែសីហា ឆ្នាំ2002 ក្រោយពីខ្សែការពារ Nicolas Otamendi បានរកគ្រាប់បាល់ឈ្នះនៅតង់ទី2។ បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola កំពុងនាំមុខ11ពិន្ទុដាច់ លើក្រុមឈរលេខ2 Man United ដែលបានរងបរាជ័យនៅកីឡដ្ឋាន Old Trafford ជាលើកទី1របស់ពួកគេក្នុងចំណោមការប្រកួត41លើកក្នុងរាល់យុទ្ធនាការទាំងអស់។

ការទទួលជ័យជម្នះចុងក្រោយគេនេះរបស់លោក Guardiola នឹងផ្តល់ផលលំបាកមួយសម្រាប់លោក Jose Mourinho ក្នុងការប្រជែងដណ្តើមពាន ខណៈដែលវាហាក់បង្ហាញថា បច្ចុប្បន្នក្រុម Man City មិនបោះបង់ការនាំមុខរបស់ខ្លួនឡើយ។ លោក Mourinho បានទទួលស្គាល់ថា ពាននឹងធ្លាក់ទៅលើដៃក្រុម Man City តាមរយៈការនិយាយថា៖ «ប្រហែលមែនហើយ…ការមានប្រៀបរបស់ពួកគេពិតជាធំណាស់»។

Man United មានអារម្មណ៍ថា ពួកគេគួរតែទទួលបានបាល់ប៉េណាល់ទីសម្រាប់ការប្រជែងរបស់ Otamendi ទៅលើខ្សែបម្រើ Ander Herrera ប៉ុន្តែ បែរជាត្រូវរងការពិន័យកាតក្រហមជំនួសវិញ។ លោក Mourinho បានបន្ថែមទៀតថា៖ «Manchester City គឺជាក្រុមដ៏ខ្លាំងមួយ ហើយពួកគេត្រូវបានការពារដោយសំណាង ហើយព្រះជាម្ចាស់នៃកីឡាបាល់ទាត់ក៏នៅចាំជួយដល់ពួកគេផងដែរ»៕
ប្រភពពី៖ Sky Sports

Advertisement