Dortmund តែងតាំង​លោក Stoger ក្រោយពី​បណ្តេញ​លោក Bosz

លោក Peter Bosz ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Borussia Dortmund ក្រោយពី​បាន​ជួប​លទ្ធផល​ដ៏​ខក​ចិត្តជា​បន្តបន្ទាប់ និង​ក្រោយពី​ចាញ់​ក្រុម Werder Bremen ក្នុង​លទ្ធផល 2-1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Bundesliga នៅលើ​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃ​សៅរ៍។

លោក Bosz បាន​បាត់បង់​ការងារ​ក្រោយពី​ជួប​រដូវ​កាល​ដ៏​ត្រដាបត្រដួស​មួយ​ទាំង​ក្នុង​ក្របខ័ណ្ឌ Bundesliga និង​ក្របខ័ណ្ឌ​អឺរ៉ុប ហើយ​ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ​បានប្រកាស​ពី​ការចាកចេញ​របស់លោក Bosz ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃអាទិត្យ។ លោក Hans-Joachim Watzke នាយក​ប្រតិបត្តិ​របស់​ក្លិប Dortmund បាន​ឲ្យ​ដឹងថា៖ «កាលពី​យប់មិញ ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយនឹង​លោក Peter Bosz យើង​បាន​សម្រេចចិត្តថា យើង​នឹង​ចែកផ្លូវ​ជាមួយ​គាត់ភ្លាម។

វា​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​រំជួលចិត្ត ប៉ុន្តែ ក៏​គួរ​ឲ្យ​គោរព​ផងដែរ។ ក្នុងនាម​ខ្ញុំ​តំណាង​ឲ្យ​ក្លិប Dortmund ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​លោក Peter Bosz។ យើង​នៅតែ​ចាត់ទុកថា គាត់​ជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់»។ លោក Bosz បាន​ចូលកាន់​តំណែង​ក្នុង​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Bundesliga មួយ​នេះ កាលពី​រដូវក្តៅ ប៉ុន្តែ បើទោះបីបានចាប់ផ្តើមយ៉ាងល្អក៏ដោយ ប៉ុន្តែ ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុក ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ក៏ធ្លាក់ចូលក្នុងសម្ពាធតែម្តង។

ក្លិប Dortmund បានសម្រេចជ្រើសយកជម្រើសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ តាមរយៈការដាក់ការជឿជាក់ទៅលើលោក Peter Stoger ក្នុងការជួយសង្គ្រោះជោគវាសនារបស់ពួកគេ។

លោក Stoger ទើបតែត្រូវបានបណ្តេញចេញដោយក្លិប Cologne កាលពីដើមរដូវកាលនេះ ក្រោយពីពួកគេបានធ្លាក់ទៅឈរក្នុងតំបន់កាត់ចោល។ លោក Stoger បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ និងស្ថិតក្នុងកីឡដ្ឋាននេះ»៕

ប្រភពពី៖ The Sun

Advertisement