Samsung Galaxy S9 ទំនង​មិន​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ឡើយ

ចិន៖ នៅ​សប្ដាហ៍​មុន មាន​ព័ត៌មាន​លេចឮ​មក​ថា ក្រុមហ៊ុន Samsung កំពុង​សំងំ​បង្កើត​បច្ចេកវិទ្យា​ថ្មី​គឺ​ស្គែ​ន​បាតដៃ​ដើម្បី​ចាក និង​ដោះ​សោ ប៉ុន្តែ​នៅពេលនេះ សារព័ត៌មាន​ចិន បានចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ទាក់ទង​នឹង​ស្មា​ត​ហ្វូ​ន Galaxy S9 របស់ Samsung។

យោងតាម​ការចេញផ្សាយ​របស់​បណ្ដាញ​សង្គម Weibo បាន​ឲ្យ​ដឹងថា Samsung Galaxy S9 គឺ​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ដដែល ពោលគឺ​មិនបាន​ផ្លាស់ប្ដូរ​ទៅប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ឡើយ ដោយ​វា​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង Galaxy S8។ បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នេះ ត្រូវបាន Weibo បញ្ជាក់ថា អ្នក​ប្រើ​គ្រាន់តែ​យក​ម្រាមដៃ​ទៅ​ដា​ក់នៅ​ពីមុខ​កាមេរ៉ា​ក្រោយ​របស់​ទូរស័ព្ទ ពេលនោះ​កាមេរ៉ា នឹងធ្វើ​ការ​ស្គែ​ន​នូវ​ម្រាមដៃ​ដើម្បី​ផ្ទៀ​ត​ផ្ទាត់។

ជាមួយគ្នា​នោះ​ផងដែរ សារព័ត៌មាន GSM Arena បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ នឹងមិន​បង្ហាញ Samsung Galaxy S9 នៅក្នុង​ព្រឹត្តិការណ៍ CES 2018 នៅ​ទីក្រុង Las Vegas ឡើយ៕

Advertisement