កញ្ញា សុខ សីឡាលីន គ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា

កន្លង​មក​មាន​ការ​ជជែក​គ្នា​យ៉ាង​ផុលផុស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ទាំង​នៅ​កម្ពុជា និង​ថៃ ជុំវិញ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ល្ខោន​ពាក់​ស្រោមមុខ​ដែល​ខ្មែរ​ហៅ​ថា “ល្ខោនខោល” និង​ថៃហៅ​ “ខូន” ក្រោយ​ពេលដែល​ថៃ គ្រោង​ដាក់​ល្ខោន​ខូនរបស់​ខ្លួនដែល​មាន​ទម្រង់​ស្រដៀង​គ្នា​នឹង​ល្ខោនខោល​របស់​កម្ពុជាចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គកាយូណេស្កូ។ នៅក្នុងនោះដែរកម្ពុជាក៏បានធ្វើការស្នើសុំឱ្យមានការដាក់បញ្ជូលរបាំល្ខោនខោលរបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងមនុស្សជាតិដូចគ្នា។

ថ្មីៗនេះ ស្រាប់តែតារាចម្រៀងខ្មែរប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន បានគ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយអំពីល្ខោនខោលខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់ និងដឹងច្បាស់ពីកេរដំណែលដ៏មហស្ចារ្យដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅ។

តាមរយៈសមាជិកក្រុមយុវជនល្ខោនខោលកម្ពុជា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mo KhonChansithyka បានបញ្ជាក់ឱ្យដឹងដែរថា «ក្រុមយុវជនល្ខោនខោលកម្ពុជា មានកិត្តិយសប្រកាសជាផ្លូវការថា កញ្ញា សុខ សីឡាលីន តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស គឺជាទូតសុឆន្ទៈរបស់ពួកយើង។ ដោយហេតុគាត់បានចូលរួមជួយផ្សព្វផ្សាយព័ត៌មានអំពីពួកយើងតាំងពីកម្មវិធីដំបូងនៃការកកើតក្រុមយុវជនល្ខោនខោលកម្ពុជា និងបន្តមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានឧបត្ថម្ភរាល់កម្មវិធីសម្តែងរបស់ពួកយើងផងដែរ!។ នេះជាការយល់ព្រមដោយបេះដូងស្រឡាញ់សិល្បៈវប្បធម៌ និងរួមចំណែកក្នុងការផ្សព្វផ្សាយល្ខោនខោល ជាមួយយុវជនល្ខោនខោលកម្ពុជា!។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា។ វត្តមាននេះគឺពិតជាមានតម្លៃណាស់»។

គួររំឭកផងដែរថា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា ក៏​ធ្លាប់បានថ្លែងដែរ​ថា រវាង​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​ល្ខោនខោល​ខ្មែរ និង​ល្ខោន​ខូន​របស់​ថៃ ពុំ​បាន​ប៉ះពាល់​ដល់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នោះ​ទេ ហើយកាល​ពី​ថ្ងៃ​ទី​30 ខែ​វិច្ឆិកា ឆ្នាំ2016នោះ ក្រសួង​បាន​ដាក់​ចាប៉ី​ដង​វែង​ខ្មែរចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ។ ក្រៅពី​ល្ខោនខោល កម្ពុជា​ក៏​គ្រោង​រៀបចំ​ឯកសារ​ផ្សេង​ទៀត ស្នើ​ទៅ​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ភ្លេង​អារក្ស តម្បាញ​សូត្រ​ខ្មែរ​ជាដើម ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិផងដែរ៕

Advertisement