Chelsea ផ្តល់​ការរីករាយ​ដល់​លោក Conte ខណៈ Burnley ឡើងឈរ​លេខ4

ក្រុម​តោ​ខៀវ Chelsea បាន​ឆ្លើយតប​យ៉ាង​ល្អឥតខ្ចោះ​ទៅកាន់​ការអះអាង​របស់​លោកគ្រូ​បង្វឹក Antonio Conte ថា ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ដណ្តើមពាន​ក្របខ័ណ្ឌ Premier League បានបញ្ចប់​ទាំងស្រុង​ហើយ តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Huddersfield Town កាលពី​ថ្ងៃ​អង្គារ។

ខ្សែបម្រើ Tiemoue Bakayoko បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​តង់​ទី1 តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ​ដែល​បាន​រិះគន់​រូបគេ សម្រាប់​ការបង្ហាញ​ពី​ទម្រង់​លេង​មិន​ល្អជា​បន្តបន្ទាប់ ក្រោយពី​ផ្ទេរ​មកពី​ក្លិប Monaco កាលពី​ខែកក្កដា។ ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Willian បានតែ​តបាល់​ដើម្បី​ទទួលបាន​គ្រាប់​បាល់​ទី2 នៅ​មុនពេល​បញ្ចប់​តង់​ទី1 ហើយ Pedro បា​នរក​គ្រាប់​បាល់​ទី3 ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea តាម​ស្មើ​ពិន្ទុ​ជាមួយនឹង​ក្រុម​ឈរ​លេខ2 Manchester United ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Bournemouth នៅ​រាត្រី​នេះ។ លោក Conteបាន​ប្រាប់​ទូរទស្សន៍ BBC Sport ថា៖ «នេះ​ជា​ជ័យជម្នះ​ដ៏​ល្អ​មួយ។ ចាប់តាំងពី​នាទី​ដំបូង យើង​លេង​បាន​យ៉ាង​ល្អ»។ ស្របពេល​ជាមួយគ្នានេះ ក្រុម Burnley ដេញតាម​ពីក្រោយ​ក្រុម Chelsea តែ1ចំណាត់ថ្នាក់​គត់ ក្រោយពី​បាន​ផ្តួល​ក្រុម Stoke City ក្នុង​លទ្ធផល 1-០ ស្រប​ពេលដែល​ក្រុម Crystal Palace បាន​ឡើង​ផុតពី​តំបន់​កាត់ចោល តាមរយៈ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន2គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត ដើម្បី​កត់ត្រា​ជ័យជម្នះ 2-1 លើ​ក្រុម Watford។

ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Sean Dyche រកបាន​ដល់​ទៅ31ពិន្ទុ​ពី​ការប្រកួត17លើក ដើម្បី​ឡើងទៅ​ឈរ​ពីលើ​ក្រុម Tottenham Hotspur, Arsenal និង Liverpool ដែល​នឹងត្រូវ​លេង​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ៕

ប្រភពពី៖ BBC

Advertisement