ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

ម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀង The Voice Cambodia រដូវកាលទី 1 លោក ប៊ុត សីហា ដែលត្រូវជាកូនសិស្សក្រុមគ្រូបង្វឹកលោក ឆន សុវណ្ណរាជ ដែលបានបាត់មុខមួយរយៈធំ រហូតដល់មានមតិរិះគន់របស់មហាជនមួយចំនួនបានបន្ទោសទៅខាងផលិតកម្មថា បានទុកលោកចោល មិនព្រមចេញបទចម្រៀងឱ្យលោកច្រៀង ហើយមានអ្នកខ្លះទៀតបានលើកឡើងថា តារាចម្រៀងរូបនេះបានវិលត្រឡប់ទៅកាប់គាស់ដី លីសែងធ្វើស្រែចម្ការ នៅខេត្តកំពង់ស្ពឺ វិញបាត់ទៅហើយ…។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសម្ចាស់ពានរូបនេះ បានបង្ហាញមុខជាថ្មីលើកញ្ចក់ទូរទស្សន៍ អ៊ីធីវី (ETV) តាមរយៈកម្មវិធី ETV Golden Concert ធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត និងសម្តែងក្តីនឹករឭកគ្រប់ៗគ្នា។ ជុំវិញបញ្ហារឿងមិនមានចេញបទចម្រៀង  និងការដែលមានបំណងផ្លាស់ប្ដូរទ្រនំជ្រកនោះ លោក ប៊ុត សីហា មិនបានលើកឡើងទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការដែលមិនសូវបានបង្ហាញមុខមាត់ និងចេញច្រៀងតាម Concert នានានោះ ព្រោះតែលោកមានភារកិច្ចជាប់រវល់បន្ដិច ព្រមទាំងថ្មីៗនេះ លោកមានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទៀតផង។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងសំឡេងកាចរូបនេះ បានសន្យាជាមួយទស្សនិកជនថា ក្រោយពីលោកត្រឡប់មកពីអាមេរិកវិញ លោកនឹងបង្ហាញជូននូវស្នាដៃចម្រៀងថ្មី និងស្តាយល៍ប្លែកៗ ដែលធានាថា នឹងទាក់ទាញចិត្តទស្សនិកជនខ្លាំងបំផុត ពោលគឺ លោកមិនបោះបង់វិថីសិល្បៈចម្រៀងមួយនេះឡើយ៕

Advertisement