អន្ទាក់​អន្តរាយ 5 រឿង​គឺ រណ្ដៅ​កប់​មុខ​ជំនួញ

ការធ្វើ​ធុរកិច្ច ឬ​ធ្វើ​ជំនួញ ក្រៅតែពី​ត្រូវ​គិត​ឱ្យបាន​ច្រើន និង​ចេះ​ក្នុងការ​គិតគូរ​ហើយ​នោះ នៅ​ត្រូវ​គិត​ឱ្យបាន​គ្រប់ផ្នែក​ទៀតផង មិន​ដូច្នោះ​ទេ ក្ដី​អន្តរាយ​អាច​នឹង​មក​សួរសុខទុក្ខ ឬ​ចូល​មកលេង​យើង​ក៏​អាច​ថា​បានដែរ។ នៅក្នុង​អត្ថបទ​នេះ ឡា​រ៉ែ​ន​នឹង​នាំ​មិត្ត​អ្នកអាន ឬ​អ្នក​ដែល​ចង់​ក្លាយខ្លួនជា​អ្នកជំនួញ ឬ​ជា​សហគ្រិន​ទៅ​ជួបនឹង​អន្ទាក់ 5 យ៉ាង​ដែល​អាច​នឹង​ក្លាយជា​រណ្ដៅ​កប់​មុខ​ជំនួញ​របស់លោក​អ្នក​បាន ដូចខាងក្រោម​នេះ។

អន្ទាក់​ទី1 . គ្មាន​គូប្រជែង នៅលើ​ទីផ្សារ

សម្លឹងមើល​យ៉ាងម៉េច​ក៏​ឃើញថា​ជា​ឱកាសល្អ​ដែរ…នៅពេល​គ្មាន​គូប្រជែង ច្បាស់​ជា​ស៊ី​រាប​លើ​ទីផ្សារ​ទាំងមូល​តែម្ដង…តែ​ឈប់​សិន! កុំអាល​ប្រញាប់​ពេក! សាកល្បង​ពិនិត្យមើល​បន្តិច​សិន​យ៉ាងម៉េច​ដែរ?។

ដែល​គ្មាន​គូប្រជែង​នេះ គឺ​ដោយសារ​អ្វី? អត់​មាន​ទីផ្សារ? អត់​មាន​អតិថិជន? អត់​មាន​អ្នកទិញ? ឬ​បើសិន​មាន​ក៏​តិចតួច ឬ​ចំពោះតែ​មនុស្ស​មួយក្រុម​តូច? ឬ​ការរីក​ធំធាត់​ខាង​ទីផ្សារ​ទាប​ពេក? ឬ​ត្រូវ​ចាយ​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​លើ​ទីផ្សារ និង​ការធ្វើ​ឱ្យគេ​ស្គាល់​ប្រ៊េ​ន​ដ៍​ខ្ពស់ជាង​ប្រក្រតី?។ សាកល្បង​ពិចារណា​មើលថា បើសិន​វា​បែប​ហ្នឹង តើ​នឹង​រីកចម្រើន​ទៅមុខ​ដែរឬទេ?។

អន្ទាក់​ទី2 . មិនចេះ​គណនា​ដើមទុន

លក់បាន មិនមែន​មានន័យថា ត្រូវតែមាន​កម្រៃ​ជានិច្ច​នោះទេ។ ចំណុច​នេះ​សម្រាប់​សហគ្រិន​ថ្មោងថ្មីជាច្រើនៗតែ​ដួល​បាក់ក​ស្លាប់​បែប​មិនដឹង​ខ្លួន ព្រោះ​មិនចេះ​គណនា​ដើមទុន ដូចជា ភ្លេច​គិតថ្លៃ​ពលកម្ម​ឱ្យ​ខ្លួនឯង ភ្លេច​គណនា​ថា ក្នុងអំឡុងពេលដំបូងៗដែលមាន​ចំនួន​លក់បាន​តិច ប្រាក់​ដើមទុន​បង្វិល​ខាង​ជំនួញ​ដែល​ខ្លួន​កំពុងមាន​អាច​ប្រើការ​ក្នុង​ការធ្វើ​ជំនួញ​បាន​ប៉ុន្មាន​ខែ? ឬ​ភ្លេច​បូក​ថ្លៃ​ដឹកជញ្ជូន​ចូលទៅក្នុង​តម្លៃ​ទំនិញ ជាដើម។

ទាំងអស់នេះ គឺ​ក្ដី​អន្តរាយ​ដែល​សហគ្រិន​ថ្មោងថ្មីជាច្រើនៗមើលរំលង។

អន្ទាក់​ទី3 . ប្រើ​តិច​ណូ​ឡូ​ជី…យ៉ាងណា​ក៏​មុខ​ជំនួញ​ជោគជ័យ​ដែរ

ក្នុង​យុគសម័យ​នេះ ធុរកិច្ច​ត្រូវ​ដើរទៅ​មុខ​ដោយ​តិច​ណូ​ឡូ​ជី​ទំនើប តិច​ណូ​ឡូ​ជីថ្មីៗស្អី​ចេញមក​ត្រូវតែ​មិន​ខកខាន។ ការគិត​បែបនេះ​អាច​នឹង​មិនមែនជា​រឿង​ល្អ​ក៏បាន​ដែរ។ ទោះជា​ការប្រើប្រាស់​តិច​ណូ​ឡូ​ជី​គឺជា​រឿង​មួយ​ដែល​ល្អ ព្រោះ​វា​អាចជួយ​សម្រួល​ភាពងាយស្រួល​ដល់​មុខ​ជំនួញ​បាន​ក៏ដោយ តែ​ត្រូវ​មើល​ពី​ភាព​ស័ក្តិសម​ផងដែរ។ មុខ​ជំនួញ​របស់​លោកអ្នក​ត្រៀម​រួចជាស្រេច និង​ស័ក្តិសម​ជាមួយនឹង​តិច​ណូ​ឡូ​ជីថ្មីៗនេះដែរ​ទេ? ឬ​ដែល​សំខាន់​នោះ​គឺ តើ​អតិថិជន​របស់​អ្នក គេ​ត្រូវការ​តិច​ណូ​ឡូ​ជី​បែប​ហ្នឹង​ដែរឬទេ?។ បើ​ចម្លើយ​គឺ​ទេ ត​ឱ្យ​តិច​ណូ​ឡូ​ជី​ល្អ​ប៉ុនណា ក៏​មុខ​ជំនួញ​របស់​អ្នក​ទៅ​មិន​ដល់​គោលដៅ​យ៉ាងពិត​ប្រាកដ។

អន្ទាក់​ទី4 . របស់​ហ្វ្រ៊ី ជួយ​ឱ្យ​អតិថិជន​ឆាប់​ចំណាំ​ប្រ៊េ​ន​ដ៍​បាន

កុំ​គិតថា របស់​ហ្វ្រ៊ី​នឹង​សាង​នូវ​ការទទួល​ដឹង និង​ស្គាល់​ទៅដល់​អតិថិជន​បានឱ្យ​សោះ ជាពិសេស​មុខ​ជំនួញថ្មីៗ ព្រោះ​អតិថិជន​ភាគច្រើន​ដែល​បានទទួល​របស់​ហ្វ្រ៊ី​មក​នោះ អាច​នឹង​មើលរំលង មើលមិនឃើញ​គុណ​តម្លៃ ព្រោះ​ពួកគេ​មិនបាន​ធ្លាប់​ស្គាល់​ពីមុនមក ដូច្នេះ​ភាព​ស្មោះស្ម័គ្រ​ចំពោះ​ប្រ៊េ​ន​ដ៍​ក៏​ទាប​ទៅតាម​នោះដែរ។ ក្លាយជា​ថា សហគ្រិន​ត្រូវ​រែកពន់​ដើមទុន​ខាង​ទីផ្សារ​ដែល​ខ្ពស់​ឡើង​ដោយ​បរិយាយ។

អន្ទាក់​ទី5 . ចាប់ផ្ដើម​ជំនួញ​នៅពេលណា​ដែល​ទំនិញ​ត្រៀម​រួចរាល់​ក្នុងការ​ចេញទៅ​ទីផ្សារ

ក្រែង​វា​ជា​រឿង​ដែល​ត្រឹមត្រូវ​ហើយ​តើ ការ​មាន​ទំនិញ​ត្រៀម​រួចរាល់​ក្នុង​ការចេញ​ឆ្ពោះទៅ​ទីផ្សារ​ជាមុន​ហើយ​សឹម​ចាប់ផ្ដើម​ធុរកិច្ច​នោះ?។

អ្នកណា​គិត​បែប​ហ្នឹង អាច​ត្រូវ​ត្រឡប់មក​សម្លឹងមើល​ជាថ្មី ព្រោះ​ការពិតទៅ​យើង​គួរ​ចាប់ផ្ដើម​ពី​ផែនការ​ធុរកិច្ច​ជាមុន សម្លឹង​មើលថា អ្នកណា​ជា​អតិថិជន?  មាន​ទំនិញ​សាកល្បង​ឱ្យ​ក្រុម​អតិថិជន​បាន​សាកល្បង ជាការ​ចាប់ផ្ដើម​សាង​ការដឹង និង​ស្គាល់​ប្រ៊េ​ន​ដ៍​ដំណាលគ្នា​ផងដែរ​ហើយ​ឬ​នៅ?។ បើ​អតិថិជន​មិន​ចូលចិត្ត ក៏​យើង​នៅ​កែសម្រួល​ទាន់ ផ្លាស់ប្ដូរ​តម្លៃ​បាន តែបើ​ទំនិញ​ត្រៀម​រួចរាល់​ក្នុង​ការចេញ​ទៅក្នុង​ទីផ្សារ​ហើយ តែ​តម្លៃ​មិន​ទាក់ទាញ​ចិត្ត​ឱ្យ​ចង់​ទិញ ថែមទាំង​រក​ក្រុម​អតិថិជន​មិនបាន​ទៀតផង​នោះ ហ្នឹងហើយ​គឺ​ការ​ដួល​បះជើងពិតៗនោះ!៕

រៀបរៀង​ដោយ តា​វ៉ែនតា

Advertisement