រឿង​ដែល​ស្ត្រី​គួរ​ដឹង…តើ​រាងកាយ​ស្ត្រី​មានគភ៌​ផ្លាស់ប្ដូរ​យ៉ាងណាខ្លះ​ក្នុង​រយៈពេល 9ខែ?

ដំបូងបង្អស់ សូម​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​អនាគត​អ្នក​ម្ដាយ​ដែល​កំពុង​តាំង​គភ៌​ក្នុងខណៈ​ពេលនេះ។ ស្ត្រី​ជាច្រើន​នាក់​នៅពេល​ដឹងថា ខ្លួនឯង​ចាប់ផ្ដើម​តាំង​គភ៌​ហើយ តែង​អត់​មិន​នឹក​សង្ស័យ​មិនបាន​ឡើយ​ថា តើ​រាងកាយ​របស់ខ្លួន​នឹង​ចាប់ផ្ដើម​ប្រែប្រួល​នៅពេលណា? ក្បាលពោះ​នឹង​ប៉ោង​ធំ​នៅពេលណា? សាច់​ស្បែក សម្បុរ-សម្បក​នឹង​ប្រែប្រួល​ដូចដែល​អ្នក​ឯទៀត​គេ​ធ្លាប់​ប្រាប់​ឬ​អត់? ដូច្នេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា តើ​អ្វីខ្លះ​ដែល​នឹង​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​ក្នុងអំឡុងពេល​តាំង​គភ៌​បន្ត​ពី​ពេលនេះ​តទៅ​ដូចខាងក្រោម​នេះ។

ទម្ងន់​ខ្លួន

ស្ត្រី​មានគភ៌​នឹងមាន​ទម្ងន់​ខ្លួន​កើនឡើង​ប្រមាណ​ជា10ដល់12គីឡូក្រាម​រហូត​មួយ​រយៈពេល​មានគភ៌ គឺ​នឹង​កើន​ឡើងជាបណ្ដើរៗ ដូចតទៅ​នេះ ៖

– ត្រីមាស​ដំបូង ឬ3ខែ​ដំបូង៖ ភាគច្រើន​មិនសូវ​ប្រែប្រួល​ច្រើន​ឡើយ។ អ្នកខ្លះ​អាច​នឹង​ថយចុះ​ទៅវិញ​ទៀតផង ព្រោះ​ស្ថិតក្នុង​អំឡុងពេល​ចាញ់កូន ឬ​បើ​កើនឡើង​ក៏​មិន​លើស2គីឡូក្រាម​ដែរ ហើយ​រឹតតែ​មានគភ៌​កូន​ដំបូង​ផង​នោះ​រឹតតែ​មើល​មិនដឹងថា កំពុង​មានគភ៌​ទៀតផង។

– ត្រីមាស​ទី2 តាំងពី4ខែ​ឡើងទៅ៖ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ក្នុង​មួយអាទិត្យ​ប្រមាណ​ជា 1/2គីឡូក្រាម ឬ​ក្នុង​មួយខែ 2គីឡូក្រាម។ ពេលនេះ​លែង​ជា​អាថ៌កំបាំង​ទៀតហើយ ដោយសារតែ​ចាប់ពី​ខែ​ទី5នេះ​ទៅ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ក្នុង​មួយខែ1 – 2គីឡូក្រាម​ហ្នឹងឯង។

– លុះដល់​ខែ​ទី6 ឡើងទៅ និង​កំពុង​ឈាន​ចូលដល់​ត្រីមាស​ទី3៖ ពេលនេះ​ទម្ងន់​ខ្លួន​អាច​នឹង​កើនឡើង​ក្នុង​មួយខែ2 – 3 គីឡូក្រាម (ចង់​លាក់​រឿង​មាន​ផ្ទៃពោះ​ទៀត​យ៉ាង​មេច​នឹង​បាន បើ​ក្បាលពោះ​ប៉ោង​ឡើង​គ្រប់​តែ​ពេល​យ៉ាង​នេះនោះ)។

ទំហំ​របស់​ស្បូន និង​ក្បាលពោះ

រឹតតែ​អនាគត​អ្នក​ម្ដាយ​មាន​អាយុ​គភ៌​ច្រើនឡើង​ប៉ុនណា ក្បាលពោះ​ក៏​នឹង​រឹតតែ​រីកធំឡើង​ដែរ ដោយ​ខណៈពេល​តាំង​គភ៌​ក្រោយ3ខែ អនាគត​អ្នក​ម្ដាយ​អាច​នឹង​ស្ទាប​ប៉ះ​ដុំ​សាច់​អ្វី​ម្យ៉ាង​រឹង​ទល់​ឡើង​នៅ​ម្ដុំ​ថ្ងាស(ក្បាលពោះ​ផ្នែក​ក្រោម​ផ្ចិត) នោះ​គឺ ស្បូន​ដែល​រីកធំឡើងសន្សឹមៗពី​ប្រឡោះ​ឆ្អឹងត្រគាក រហូតដល់​ចំណុច​ផ្ចិត។ លុះដល់​ខែ​ទី7 – 9 ចុង​កំពូល​ស្បូន​ក៏​នឹង​ឡើង​មកដល់​ចំណុច​ចុងដង្ហើម។ អំឡុងពេល​នេះឯង​ដែល​ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា ទើស​ទែង និងថប់ៗនោះ។

– មុនពេល​តាំង​គភ៌ ស្បូន​មាន​ទំហំ​ប៉ុន​ផ្លែ​ជម្ពូ

– ពេល​អាយុ​គភ៌ 12សប្ដាហ៍ ស្បូន​នឹងមាន​ទំហំ​ប៉ុន​ផ្លែ​ក្រូចថ្លុង

– ពេល​អាយុ​គភ៌ 22សប្ដាហ៍ ស្បូន​នឹងមាន​ទំហំ​ប៉ុន​បាល់ទាត់

– ពេល​អាយុ​គភ៌ 36សប្ដាហ៍ ពោះ​នឹង​រុញ​ខ្ពស់​ឡើងទៅ​ជិត​ដល់​ឆ្អឹង​ដើមទ្រូង។

ខណៈពេល​តាំង​គភ៌ ស្បូន​របស់​ស្ត្រី​មានគភ៌​រីកធំឡើង​ខ្លាំង ដើម្បី​ឱ្យមាន​ទីកន្លែង​សម្រាប់​ទារក​ដែល​កំពុង​ចម្រើន​ធំធាត់​ឡើង។ នៅ​ខាងក្នុង​ស្បូន​ប្រកបដោយ​សាច់ដុំ​មួយ​ប្រភេទ​ហៅថា​សាច់ដុំ​រាប។ អ័រម៉ូន​ផូ​ជេ​ស្ទើ​រ៉ូ​ន នឹង​ធ្វើឱ្យ​សាច់ដុំ​រាប​បន្ធូរ​ខ្លួន និង​ធ្វើឱ្យ​យឺត​យារ​បាន​កាន់តែខ្លាំង​ឡើង ដូច្នេះហើយ​ទើប​វា​អាច​ពង្រីក​ខ្លួន​បាន​ដោយ​ងាយ។

ស្បែកក្បាល​ពោះ​ឡើង​សង្វារ

ជា​រឿង​សំខាន់ និង​ជា​រឿង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​កង្វល់​ចិត្តខ្លាំង​ជាងគេ។ បើសិន​ឃើញថា ស្បែក​នៅ​ម្ដុំ​ក្បាលពោះ​យឺត​រីក​ស្រដៀង​ចង់​ប្រេះ​បែក​នោះ គេ​ហៅថា សង្វារ​ពោះ។ វា​នឹងមាន​លក្ខណៈ​ស្រដៀង​ជា​ខ្សែឆ្នូតៗពណ៌ផ្កាឈូកៗ ឬ​អាច​នឹងមាន​ពណ៌​ស្រគាំខ្លះៗនៅលើ​ក្បាលពោះ ត្រគាក គល់ភ្លៅ សុដន់ ឬ​ជើង​ផ្នែក​ខាងលើ។ ចំណែក​ការណែនាំ​គឺ ចូរ​លាប​ឡេ​ថែបំប៉ន​ស្បែក​ដែល​គ្មាន​ចំណែក​លាយ​ផ្សំ​របស់​សារធាតុ​វ៉ៃ​ថេ​ន​នី​ង។ លាប​តាំងពី​ចាប់ផ្ដើម​ដឹងថា ខ្លួន​តាំង​គភ៌​តែម្ដង ឬក៏​ប្រើ​ឡេស​ម្រា​ប់​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ជាពិសេស ឬ​ប្រើ​ផលិតផល​ពី​ធម្មជាតិ ដូចជា​ប្រេងដូង​ក៏​ល្អ​ម្យ៉ាងដែរ ស្បែក​នឹង​បាន​ស្រស់ថ្លា និង​មាន​សុវត្ថិភាព​ពីសារ​ធាតុគីមី​ទៀតផង។

សុដន់​រីក​ធំ

ស្ត្រី​មានគភ៌​នឹង​ចាប់ផ្ដើម​សង្កេតឃើញថា ទំហំ​សុដន់​របស់ខ្លួន​នឹង​ចាប់ផ្ដើម​រីក​ធំ បន្ទាប់ពី​មាន​ផ្ទៃពោះ​បាន2ខែ​មក។ សរសៃឈាម​នៅ​នឹង​សុដន់​អាច​នឹង​រីកធំឡើង​រហូតដល់​មើ​ល​ឃើញច្បាស់។ ក្បាល​សុដន់​នឹង​រីក​ធំ និង​មាន​ពណ៌​ស្រគាំ។ អនាគត​អ្នក​ម្ដាយ​ខ្លះ​អាច​នឹងមាន​ដុំ​អ្វី​ម្យ៉ាងទល់ៗនៅក្រោម​ក្លៀក តែ​មិនបាច់​ភ្ញាក់ផ្អើល​ទេ ភាគច្រើន​នោះ​គឺជា​ការរីក​ធំធាត់​របស់​សុដន់ ដើម្បី​ត្រៀម​អ័រម៉ូន​ក្នុង​ការផលិត​ទឹកដោះ​ហ្នឹងឯង។ ដូច្នេះហើយ​ទើប​ទំហំ​របស់​សុដន់​អ្នក​រីកធំឡើង​ខ្លាំង ហើយនឹង​ចាប់ផ្ដើម​ផលិត​សារធាតុ​ដែល​ហៅថា ទឹកដោះ​លឿង តែ​នៅ​មិនទាន់​ផលិត​ទឹកដោះ​អ្វី​ទាំងអស់​រហូត​ទាល់តែ​ឆ្លងទន្លេ​ហើយ2 – 3ថ្ងៃ។

រន្ធ​ស្បូន​ប្រែប្រួល

ស្ត្រី​មានគភ៌​នឹងមាន​ទឹករំអិល និង​ធ្លាក់ស​កើនឡើង ដោយសារ​តែមាន​ការហូ​រ​វិល​របស់​លោហិត​ម​ក​ចិញ្ចឹម​ច្រើនជាង​ប្រក្រតី។ បើ​ធ្លាក់ស​មិន​ច្រើន អា​ចរាប់ថា ប្រក្រតី តែបើ​សិន​មាន​ធ្លាក់ស​មក​ច្រើន និង​មាន​អាការ​រមាស់ មាន​ពណ៌​ខុស​ប្រក្រតី ឬ​មាន​ក្លិន​មិនល្អ​វិញ​នោះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។

ហាម​ទិញ​ថ្នាំ​យកមក​សុល (ញាត់​ចូល) រន្ធ​ស្បូន​ដោយ​ខ្លួនឯង​ជាដាច់ខាត ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំងណាស់ អាច​ហុច​ផល​អាក្រក់​ដល់​ទារក​ក្នុង​គភ៌​ថែម​ទៀតផង។ ដូច្នេះ ស្ត្រី​មានគភ៌​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួលយក​ការព្យាបាល​ដែល​ត្រឹមត្រូវ​ទើប​ជាការ​ប្រសើរ​បំផុត។

ស្ត្រី​មានគភ៌ រាងកាយ​នឹងមាន​ការប្រែប្រួល​ច្រើនណាស់ ដើម្បី​សម្រួល​ឱ្យ​ស័ក្តិសម​នឹង​តម្រូវការ​របស់​ទារក និង​ភាព​ត្រៀម​ជាស្រេច​ក្នុងការ​ប្រសូត​បុត្រ។ ការប្រែប្រួល​ផ្លាស់ប្ដូរ​ទាំងអស់នេះ​កើតចេញពី​ការជំរុញ​របស់​សារធាតុ​គីមី​ដែល​ហៅថា អ័រម៉ូន​ដែល​នឹងត្រូវ​ដឹកជញ្ជូន​ទៅ​ទូទាំង​សារពាង្គកាយ​ដោយ​ឈាម តែ​អាការផ្សេងៗ មិនថាតែ​រឿង​សាច់​ស្បែក​ដែល​ប្រែប្រួល កើតមុន ជាំមុខ អាចម៍រុយ​នោះ  នឹង​រលុប​បាត់​ទៅវិញ​ជាបណ្ដើរៗនៅពេល​ឆ្លងទន្លេ​រួច។

ដូច្នេះ​ចូរ​កុំទៅ​វិតក្ក​កង្វល់​ធ្វើ​អ្វី ត្រៀម​កាយ ត្រៀម​ចិត្ត​សម្រាប់​ចិញ្ចឹម​មើលថែទាំ​កូនតូច​ជាទី​ស្រឡាញ់​របស់​អ្នក​វិញ​ទៅ​ប្រសើរ​ជាង៕

Advertisement