ស្ត្រី​មានគភ៌​ដូច​យើង…ធ្វើ​ម៉េច​ដឹងថា កូន​ក្នុង​គភ៌​រឹងមាំ?

ក្នុងអំឡុងពេល​តាំង​គភ៌ ក្ដី​វិតក្ក​កង្វល់ ក្ដី​តានតឹង​ក្នុង​អារម្មណ៍​តែងតែ​កើតឡើង​ចំពោះ​ស្ត្រី​មានគភ៌​បាន​យ៉ាង​ងាយ​ជាង​ប្រក្រតី​ជា​កង្វល់​ពាក់ព័ន្ធ​នឹង​កូន​ថា តើ​កូន​នឹង​យ៉ាងម៉េច​ដែរ? រឹងមាំ​ឬទេ? មាន​អវយវៈ​គ្រប់32 ឬទេ? រាប់សិប​រាប់រយ​កង្វល់​ដែល​ស្ត្រី​មានគភ៌​នឹក​បារម្ភ គឺ​ដោយសារតែ​សេចក្ដីស្រឡាញ់​ដែលមាន​ចំពោះ​កូនតូច​ក្នុង​ផ្ទៃ​ហ្នឹងឯង។ តើ​ស្ត្រី​មានគភ៌​ទាំងអស់​ចង់ដឹង​ទេ​ថា  តើ​យើង​ធ្វើ​ម៉េច​នឹង​ដឹងបាន​ទៅ​ថា កូនតូច​ក្នុង​ផ្ទៃ​របស់​យើង​ហ្នឹង​រឹងមាំ​ល្អ​ដែរឬទេ? សូម​តាមដាន​ជា​បន្ត…។

ធ្វើ​ម៉េច​នឹង​ដឹងបាន​ទៅ​ថា កូន​នៅក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​រឹងមាំ?

ទារក​តូច​នៅក្នុង​គភ៌​នឹង​រឹងប៉ឹង​មាំមួន​ល្អ​ឬទេ​នោះ មួយផ្នែក​មកពី​សុខភាព​របស់​អ្នក​ម្ដាយ ដូច្នេះ​ពេល​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព មិនថាតែ​ការពិនិត្យ​សម្ពាធ​ឈាម ពិនិត្យ​ទឹកមូត្រ​ពិនិត្យ​ឈាម​មើលថា តើ​ស្លេកស្លាំង​ឬទេ? ហើម​ឬទេ? ពិនិត្យមើល​ទម្ងន់​ដែល​កើន​ច្រើនឡើង​រួមទាំង​ការសាកសួរ​ពី​អា​ការខុស​ប្រក្រតីផ្សេងៗនោះទេ អ្វីដែល​សំខាន់​លំដាប់ដំបូងៗមុនគេ​នោះ​គឺ ការពិនិត្យ​គភ៌ នៅពេលដែល​ដឹងថា ខ្លួនឯង​ច្បាស់​ជាមាន​ផ្ទៃពោះ​ហើយ។

ការពិនិត្យ​គភ៌​គឺជា​ជម្រើស​មួយ​ដែល​គួរ​ធ្វើ​ខ្លាំង​បំផុត បើសិនជា​ស្ត្រី​មានគភ៌​ទៅពិនិត្យ​គភ៌ និង​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ជាប់លាប់ នៅពេល​មាន​សញ្ញា​ដាស់តឿន​ដែល​អាច​កើតមាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​បង្ហាញថា ទារក​អាច​នឹងមាន​សុខ​ភាពមិន​រឹងមាំ ដូចជា ទម្ងន់​ខ្លួន​កើនឡើង​តិចជាង​ប្រក្រតី ទំហំ​ស្បូន​រីក​ធំ​យឺត កូន​លែង​សូវ​រើ ស្ត្រី​មានគភ៌​ខ្លួនឯង​មាន​អាការ​ហើម​ខ្លួន​ខ្លាំង ឬ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គ្រូពេទ្យ​នឹង​បានជ្រើសរើស​វិធី​ការត្រួតពិនិត្យ​ព្យាបាល​ដែល​ត្រឹមត្រូវ​ស័ក្តិសម​នឹង​សភាវ​ខុស​ប្រក្រតីផ្សេងៗដែល​កើតឡើង​នោះ។

ការពិនិត្យ​វិនិច្ឆ័យ​ថា តើ​កូន​ក្នុង​គភ៌​រឹងមាំ​ឬទេ?

បច្ចុប្បន្ននេះ ឧបករណ៍​ដែល​ប្រើប្រាស់​ក្នុងការ​ពិនិត្យមើល​ទារក​ក្នុង​គភ៌​មាន​ភាពទាន់សម័យ​ខ្លាំងណាស់ តាមរយៈ​ការវិវឌ្ឍ​តិច​ណូ​ឡូ​ជី​ខាង​ផ្នែក​វេជ្ជសាស្ត្រ ដូចជា៖

ការពិនិត្យ​មើល​អេកូ​ដែល​អាច​សាង​រូបភាព 4D របស់​ទារក​បាន​មើល​ធ្លុះ​ចូលទៅក្នុង​ផ្ទៃ ទៅដល់​ស្បូន​ដោយផ្ទាល់​រហូត​អាច​មើលឃើញ​រូបរាង​របស់​ទារក​ច្បាស់លាស់ សឹងតែ​ដឹង​តែម្ដង​ថា ទារក​នោះ​មានមុខមាត់​ស្រដៀង​ឪពុក ឬ​ម្ដាយ ហើយ​ថែមទាំង​អាច​ពិនិត្យមើល​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម​តាម​អវយវៈផ្សេងៗ តាំងពី​សុក ទងសុក បេះដូង ឬ​សូម្បីតែ​ខួរក្បាល​ទៀតផង ដើម្បី​ពិនិត្យ​មើលថា កូនតូច​របស់​អ្នក​រឹងប៉ឹង និង​មាន​សុវត្ថិ​ភាពល្អ។

ការពិនិត្យ​ស្ដាប់​សំឡេង​បេះដូង​ទារក និង​កត់ត្រា​ចេញមក​ជា​គំនូស​ហ្ក្រា​ហ្វិ​ក ដើម្បី​ប្រើ​ក្នុងការ​ពិនិត្យ​សុខភាព​របស់​ទារក។ ក្នុងករណី​ទូទៅ ការពិនិត្យ​គភ៌​ប្រក្រតី គ្រូពេទ្យ​ពិនិត្យមើល​ខ្នាត​របស់​ស្បូន និង​ទារ​កដោយ​ការប្រើ​ដៃ​ស្ទាប រួមជាមួយ​ការ​ស្ដាប់​សំឡេង​ការ​លោត​របស់​បេះដូង​ដែល​ទៀងទាត់​ក្នុង​រយៈពេលខ្លីៗ ក៏​អាច​ប្រាកដ​ក្នុង​ចិត្តបាន​ទៅហើយ​ថា កូនតូច​មាន​សុខ​ភាពល្អ។

ករណី​ដែល​ពិនិត្យឃើញថា កើតមាន​ភាពខុសប្រក្រតី ឬ​កូនតូច​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតមាន​គ្រោះថ្នាក់​ណាមួយ ឬ​ប្រថុយប្រថាន​នឹង​ការស្លាប់ គ្រូពេទ្យ​នឹង​ប្រញាប់​ផ្ដល់​ការជួយ​សង្គ្រោះ ហើយ​បើសិន​ស្ថិតក្នុង​រយៈ​ប្រសូត​ដែល​សុវត្ថិភាព គ្រូពេទ្យ​ក៏​នឹង​អាចជួយ​ដោយ​ការវះកាត់​ប្រសូត​បានភ្លាមៗទាន់ពេលវេលា​ផងដែរ។

អ្វីដែល​សំខាន់ ក្នុងអំឡុងពេល​តាំង​គភ៌ ក្រៅពី​ការ​ទៅពិនិត្យ​គភ៌​តាំងពីដំបូងៗហើយ ស្ត្រី​មានគភ៌​ត្រូវ​ថែរក្សា​សុខភាព អនាម័យ​ឱ្យបាន​រឹងមាំ​ខ្ជាប់ខ្ជួន ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម ដូចជា ប្រូ​តេ​អី​ុ​ន ខា​បូ​ហាយ​ដ្រេ​ត (ធញ្ញជាតិ បាយ​ម្សៅ ស្ករ-ល-) សារធាតុ​រ៉ែ (បន្លែ ផ្លែឈើ) វីតាមីន​និង​ខ្លាញ់។ ក្រៅពីនេះ​ត្រូវ​ទទួលទាន​ទឹក សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ធ្វើ​ចិត្ត​ឱ្យ​ស្រស់ស្រាយសប្បាយៗ និង​មិន​ធុញថប់​តានតឹង អាចធ្វើ​ការងារស្រាលៗ ស្ដាប់​បទ​ភ្លេង ឬ​អាន​សៀវភៅ​ជាដើម។ ការ​ហែល​ទឹក ការដើរតិចៗ និង​ហាត់​យ៉ូ​ហ្គា គឺជា​ការធ្វើ​លំ​ហាត់ប្រាណ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ រួមទាំង​ការចៀសវាង​ពីអ្វី​ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់ ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ផ្សែង​បារី អាហារ​ដែល​មិនល្អ ការ​អង្គុយ ឬ​ឈរយូរៗ គឺ​សុទ្ធតែ​ហុច​ផល​អាក្រក់​ដល់​ស្ត្រី​មានគភ៌ និង​ទារក​ក្នុង​ផ្ទៃ​ទាំងអស់ ដូច្នេះហើយ​ទើប​គួរ​ចៀសវាង ដើម្បីឱ្យ​ទារក​តូច​ក្នុង​គភ៌​មាន​សុខភាព​រឹងមាំ​ល្អ៕

Advertisement