កម្ពុជា-ថៃ​ឯកភាព​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន4

ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​ពាណិជ្ជករ​ដែល​កំពុង​កើនឡើង​នៅតាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ នាពេល​កន្លងមក​បាន​ឯកភាពគ្នា​នឹង​បង្កើត​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ថ្មី4បន្ថែមទៀត។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​បង្កើត​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន4កន្លែង​បន្ថែមទៀត។ គម្រោង​នេះ​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវទេសចរ​នៅតាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ ហើយក៏​ជា​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កាន់តែច្រើន​ផងដែរ។

ច្រកទ្វារព្រំដែន​អន្ដរជាតិ​ទាំង 4 រួមមាន ទី1ច្រកទ្វារ​អន្ដរជាតិ​អានសេះ​ស្ថិតក្នុង​ខេត្ដ​ព្រះវិហារ​ជាប់​ច្រក​អាន​ម៉ា ស្ថិតក្នុង​ខេត្ដ​អ៊ូ​ប៊ុន ទី2 ច្រកទ្វារ​អន្ដរជាតិ​ជប់​គគី ស្ថិតក្នុង​ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​បូរី​រ៉ាំ ទី3 ច្រកទ្វារ​អន្ដរជាតិ​ភ្នំ​ជី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខោ​ន​ឌី​ន ខេត្ដ​ស្រះកែវ និង​ទី4 ច្រកទ្វារ​អន្ដរជាតិ​ថ្មដា ខេត្ដ​ពោធិ៍សាត់ ជាប់​ច្រក​ថា​សេន ខេត្ដ​ស្រះកែវ។

រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការកាត់បន្ថយ​របាំង​នៃ​ការធ្វើដំណើរ​មិនចាំបាច់​ក៏​ជាការ​សម្រេចបាន​នូវ​កំណើន​នៃ​ភ្ញៀវទេសចរ​ទៅតាម​ផែនការ និង​ការគ្រោងទុក​ផងដែរ។ ជាមួយគ្នានេះ​កម្ពុជា​ត្រូវ​បើក​យន្ដការ​ចូលរួម​ធ្វើឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​ដែល​កាន់តែ​ប្រសើរ និង​ឈានទៅដល់​ការអភិវឌ្ឍ​ប្រក​ដោយ​និរន្ដរភាព​លើស​សរ​គ្រឹះ​ទាំង5 ដែល​រួមមាន សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និង​សន្ដិភាព។

បច្ចុប្បន្ន​កម្ពុ​ជាមាន​ច្រកទ្វារព្រំដែន​អន្ដរជាតិ​សរុប​ចំនួន24 ក្នុងនោះ​មាន​ច្រកទ្វារ​អាកាស​យាន្ដ​ដ្ឋា​ន​អន្ដរជាតិ​ចំនួន3 ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ ចំនួន4 ច្រកទ្វារព្រំដែន​អន្ដរជាតិ​មាន​ចំនួន17 ដោយ​ក្នុងនោះ​ច្រកទ្វារព្រំដែន​កម្ពុជា-វៀតណាម មាន​ចំនួន10 កម្ពុជា-ថៃ មាន​ចំនួន 6 និង​កម្ពុជា-ឡាវ​មាន​ចំនួន1កន្លែង។

ការឯកភាព​គ្នា​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ថ្មី​ទាំង4 ត្រូវបាន​គេ​មើលឃើញថា មិន​ត្រឹមតែ​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​ភ្ញៀវទេសចរ​មកកាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ​ឱ្យបាន​ដល់15,000លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ2020។

អតីត​ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម Nuthavudh Photisaro ធ្លាប់បាន​លើកឡើងថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង4កន្លែង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក​រវាង​ប្រទេស​ទាំងពីរ។ ដោយ​មើលឃើញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ ដូច្នេះ​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពី​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ឈានដល់​ការឯកភាព​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង4បន្ថែមទៀត៕

Advertisement