ខេត្ដ​ចំនួន​បី អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់

ខណៈ​បណ្ដាញ​អគ្គិសនី​ថ្នាក់ជាតិ​នៅ​មិនទាន់​អាចបំពេញ​តម្រូវការ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ដាច់ស្រយាល​បាន​គ្រប់​ជ្រុងជ្រោយ ក្រុមហ៊ុន Nuri Telecom Co.,Ltd ដែលមាន​ការសហការ​ពី​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្កើត​គម្រោង​សិក្សា​មួយ​ស្តីពី​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ខ្នាតតូច សម្រាប់​ប្រើប្រាស់​នៅតាម​ផ្ទះ​ក្នុង​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ដ​ចំនួន3 ក្នុងប្រទេស​កម្ពុជា។

លោក Kim Yu Kwon ប្រធាន​ក្រុមហ៊ុន Nuri Telecom Co.,Ltd. បាន​លើកឡើងថា គម្រោង​សិក្សា​លទ្ធភាព​ប្រព័ន្ធ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ខ្នាតតូច​សម្រាប់​ប្រើប្រាស់​តាម​ផ្ទះ​ក្នុង​តំបន់​ដែល​មិនមាន​បណ្តាញ​អគ្គិសនី​នេះ​បានស្នើ​ថវិកា​រហូតដល់5លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ល្អ ដូច្នេះ​លោក​សង្ឃឹមថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា។

កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​សក្ដានុពល​លើ​ថាមពល​កកើត​ឡើងវិញ ដោយ​តាម​ការសិក្សា​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ដែល​អាច​ផ្ដល់​ថាមពល​មាន​រហូតដល់​ជាង8,000ម៉េ​ហ្គា​វ៉ា​ត់ និង​ថាមពលខ្យល់​មាន​ប្រមាណ 1,380ម៉េ​ហ្គា​វ៉ា​ត់ ។ តាមរយៈ​ការសិក្សា​លទ្ធភាព​នៃ​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​នឹងដាក់​ឱ្យប្រើ​ប្រាស់​ក្នុងផ្ទះ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ចំនួន3 គឺ​ខេត្ដ​ពោធិ៍សាត់ ខេត្ដ​កណ្ដាល និង​ខេត្ត​មណ្ឌល​គី​រី។

រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម​អុ​ិ​ត ប្រាំង មានប្រសាសន៍ថា ការចូលរួម​ពី​ប្រទេស​កូរ៉េ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រួមចំណែក​ផ្គត់ផ្គង់​អគ្គិសនី​ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់ សម្រាប់​បម្រើ​សេចក្ដីត្រូវការ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ទី​ដាច់ស្រយាល​ដែល​បណ្ដាញ​អគ្គិសនី​ថ្នាក់ជាតិ​ពុំទាន់​បាន​ទៅដល់។ ឯកឧត្ដម បន្ដថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ឯកឧត្តម​សូម​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អ​របស់​ក្រុមការងារ​ដែល​បាន​អនុវត្ត​ជោគជ័យ​នូវ​ការដំឡើង​សាកល្បង​ប្រព័ន្ធ​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តាម​ខ្នង​ផ្ទះ​ក្នុង​ខេត្ត​ចំនួន​បី​នេះ៕

Advertisement