ការផ្ទេរ​ប្រាក់​របស់​ព​លករ​ពី​កូរ៉េ មក​កម្ពុជា តាមរយៈ​ធនាគារ​អេស៊ីលីដា បន្ត​កើនឡើង

ការផ្ទេរ​ប្រាក់​មកពី​សា​ធារ​ណ​រដ្ឋ​កូរ៉េ មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ឆ្នាំ2017 នេះ​បាន​កើនឡើង​ជាង12% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2016 ខណៈ​មាន​ក្រុមហ៊ុន និង​ភ្នាក់ងារថ្មីៗជាច្រើន​ទៀត​ក៏​ទទួល​បម្រើសេវា​ដូចគ្នានេះដែរ។

យោងតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ មក​កម្ពុជា ក្នុងឆ្នាំនេះ​មាន​ចំនួន​ជិត235លាន​ដុល្លារ​អាមេរិក ដោយមាន​កំណើន​ប្រមាណ13% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន​ទឹកប្រាក់​ជិត 208លាន​ដុល្លារ។ ទិន្នន័យ​ដដែល​បង្ហាញថា តាមរយៈ​ចំនួន​ទឹកប្រាក់​ខាងលើនេះ​ចំនួន​នៃ​ការផ្ទេរ​ប្រាក់​ក៏បាន​កើនឡើង​ប្រមាណ15% រហូតដល់​ចំនួន 84,057ដង ក្នុង​ឆ្នាំ2017 ធៀប​នឹង​ឆ្នាំ2016 ដែល​ចំនួន​នៃ​ការផ្ញើ​ប្រាក់​មាន​ចំនួន73,146ដង។

លោកស្រី​បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា ក្រោយពី​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​កូរ៉េ ក៏ដូចជា​ដៃគូ​ដែលជា​ភ្នាក់ងារ​ផ្ទេរប្រាក់ គឺ​ពិតជា​បានផ្តល់​នូវ​ភាពងាយស្រួល​ច្រើន​ដល់​ការបម្រើ​សេវា​ផ្ទេរប្រាក់​របស់​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ។

លោកស្រី​បណ្ឌិត បានបញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ថា៖“ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​អេស៊ីលីដា មាន​ភាពងាយស្រួល ដោយសារ​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ធំ មាន​បណ្តាញ​ច្រើន​រហូតដល់​ចំនួន 260សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា។ គេ​អាច​ផ្ទេរប្រាក់​ប្រកបដោយ​ភាពងាយស្រួល និង​គ្មាន​បញ្ហា​អ្វី​នោះទេ។ ស្របពេល​នៃ​ការរីកចម្រើន​លើ​សេវា​ផ្ទេរប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ ដោយសារ​មាន​ប្រជា​ពលករ​ខ្មែរ​យ៉ាងហោចណាស់​ជាង4ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ក៏មាន​ក្រុមហ៊ុនថ្មីៗទៀត​បាន​ហក់ចូល​ប្រកួតប្រជែង​ក្នុង​សេវា​ផ្ទេរប្រាក់​នេះ​ផងដែរ។

កាលពី​ថ្ងៃទី20 ខែធ្នូ​នេះ ធនាគារ​គូក​មីន​កម្ពុជា និង​ធនាគារ​ឯកទេស​វី​ង បានប្រកាស​ពី​ការដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​មក​ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​របស់​ធនាគារ​គូក​មីន ដែលជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក អ៊ុក វ៉ាន់ដា អនុប្រធាន​ធនាគារ​គូក​មីន​កម្ពុជា បាន​លើកឡើងថា ភាពជា​ដៃគូ​នេះ​នឹង​ធ្វើឱ្យ​សេវាកម្ម​ផ្ទេរប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា កាន់​តែមាន​ភាពងាយស្រួល មាន​សុវត្ថិភាព និង​លឿន​ជាង​មុន។ លោក​បាន​បន្តថា​ធនាគារ​គូក​មីន​កម្ពុជា មាន​ចំនួន​គណនី​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ច្រើនជាងគេ ហើយ​ចំនួន​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ 90%បាន​ផ្ញើ​ប្រាក់​មក​ស្រុកកំណើត​តាមរយៈ​ធនាគារ​គូក​មីន​នៅ​ប្រទេស​កូរ៉េខាងត្បូង។

សកម្មភាពពលករខ្មែរនៅកូរ៉េខាងត្បូង រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

លោក វ៉ាន់ដា បញ្ជាក់ថា ពលករ​ខ្មែរ​នៅ​កូរ៉េ អាច​ផ្ញើ​ប្រាក់​តាម​កម្មវិធី​ស្មា​ត​ហ្វូ​ន Liiv KB Cambodia ដែល​ត្រូវបាន​ដាក់បញ្ចូល​ជាមួយ​វី​ង​ឬ​ដោយ​គ្រាន់តែ​ទៅ​សាខា​ណាមួយ ក្នុងចំណោម​សាខា​ប្រមាណ1,500កន្លែង​នៅ​ប្រទេស​កូរ៉េ ហើយ​ធ្វើ​ប្រតិបត្តិការ ចំណែកឯ​ការទទួលប្រាក់​នៅ​ប្រទេស​កម្ពុជា​វិញ​គឺ​កាន់តែ​ងាយស្រួល​ជាង​មុន ជាមួយ​បណ្តាញ​ភ្នាក់ងារ​វី​ង​ប្រមាណ5,000កន្លែង​ទូទាំងប្រទេស។

លោក សុធី សុ​វិ​ត្យា នាយក​ទទួលបន្ទុក​ផ្នែក​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង បាន​អះអាងថា ការផ្ញើ​ប្រាក់​នេះ​កាន់តែ​ងាយស្រួល​ដោយ​ចំណាយពេល​ត្រឹមតែ10នាទី​រវាង​ប្រទេស​ទាំងពីរ ហើយ​ការចាប់ផ្តើម​អនុវត្ត គឺ​ចាប់ពី​ថ្ងៃទី20 ខែធ្នូ​នេះ​តទៅ​ជាមួយ​តម្លៃ​សេវា​សមរម្យ​ចាប់ពី1ម៉ឺន​រៀល​ឡើងទៅ។

ឯកឧត្តម ហេង សួរ ប្រធាន​អង្គភាព​នាំ​ពលករ​ទៅ​ក្រៅប្រទេស និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់បាន​អះអាងថា ប្រាក់បៀវត្ស​ខ្ពស់​នៅ​ប្រទេស​កូរ៉េ​គឺជា​មូលហេតុ​ចម្បង​នៃ​ការទាក់ទាញ​ពលករ​ខ្មែរ ថ្វីត្បិតតែ​គេ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​មុននឹង​បាន​ចេញទៅ ដោយ​ពលករ​ម្នាក់​ត្រូវ​ចំណាយ​យ៉ាងហោចណាស់1,000ដុល្លារ​ដែរ​សម្រាប់​លិខិតស្នាមផ្សេងៗមុននឹង​បានចេញ​ទៅ។

ឯកឧត្តម បានឱ្យដឹងថា ពលករ​ខ្មែរ​ដែល​ទៅ​បម្រើការ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​ដំបូង​បានទទួល​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន950ដុល្លារ​ក្នុង​មួយខែ។ នាពេល​កន្លងមក ក្រសួង​ធ្លាប់​បានធ្វើ​ការស្ទង់មតិ​ចំពោះ​កម្មករ​ហើយ​ដឹងថា​កម្មករ​ម្នាក់​អាច​សន្សំ​បានជា​មធ្យម650ដុល្លារ ក្នុង1ខែ ដោយ​ពួកគាត់​អាច​ផ្ញើមក​ស្រុក​វិញ​ចំនួន​ប្រហែល 500ដុល្លារ​ក្នុង​មួយខែ៕

Advertisement