បន្លែ​សុវត្ថិភាព​កំពុង​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​កម្ពុជា

កសិករ​ដាំ​ដំណាំ​នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​បាន​និយាយថា ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ​តាមបែប​បុរាណ មក​ដាំ​តាមបែប​បច្ចេកវិទ្យា​ថ្មី​ដោយ​មិនមាន​សារធាតុ​គីមី​កំពុង​ទទួលបាន​ផល​យ៉ាងច្រើន និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

លោក ជួង វ៉ុ​ន កសិករ​ដាំ​ម្រះ នៅ​ជើងភ្នំ​ស្អាង​ក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​ថា ក្នុងនាម​ជា​កសិករ​គ្មាន​ពេលណា​សប្បាយចិត្ត​ជាង​ពេលដែល​ដំណាំ​ទទួលបាន​ផល​ល្អ និង​លក់បាន​ថ្លៃ​នោះទេ ព្រោះ​វា​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត​ដ៏​ខ្លាំង​សម្រាប់​កសិករ​ក្នុង​ការបន្ត​ការដាំដុះ។ លោក​បន្តថា គ្រួសារ​របស់គាត់​បាន​ចាប់​របរ​ដាំ​បន្លែ​តាម​ទម្លាប់​ចាស់​ជាង10ឆ្នាំ​មកហើយ ដោយ​ទើបតែ​បាន​ប្តូ​រម​កដាំ​តាម​បច្ចេកទេស​ទំនើប​បែប​បន្លែ​សុវត្ថិភាព​នេះ​ជាង1ឆ្នាំ​ប៉ុណ្ណោះ។ ការផ្លាស់ប្តូរ​ទម្លាប់​នេះ គឺ​ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អង្គការ​លាស់​ថ្មី ដែល​ធ្វើឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

កសិករ​ខាងលើ​បន្តថា តម្លៃ​ផ្លែ​ម្រះ​នៅ​ឆ្នាំនេះ​បាន​ថ្លៃ​គ្រាន់បើ ដោយ​កាលពី​ឆ្នាំមុន1គីឡូក្រាម​លក់បាន​តម្លៃ​ត្រឹមតែ1,000រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​បាន2,000រៀល តែ​ក៏មាន​ពេលខ្លះ​ធ្លាក់​មក​នៅត្រឹម​ចន្លោះ​ពី1,200-1,300រៀល​ផងដែរ។

ចំណែក លោកស្រី ជីវ ជីតា ដែល​បាន​ប្រកប​របរ​ដាំ​ម្រះ បាន​ប្រាប់​ដែរ​ថា ម្រះ​មុននឹង​ដាំ គឺ​គេ​ត្រូវ​ភ្ជូ​រ​ដី​ហាល​ចោល​ពី1-2សប្តាហ៍​ដើម្បីឱ្យ​ដី​ឆ្អិន​ល្អ ទើប​ផ្គុំ​រង និង​បាច​កំបោរ​ស​ដើម្បី​សម្លាប់​មេរោគ ហើយ​ចាប់ផ្តើម​រាយ​បង្កប់​ទុយោ ក្រាល​កៅស៊ូ​លើ​រង និង​ដោត​ឫស្សី​សម្រាប់ធ្វើ​ទ្រើង។ បន្ទាប់មក​គេ​យក​កូន​ម្រះ​ដែល​បណ្តុះ​រួម មក​ដាំ​តាម​ប្រហោង​ដែល​បាន​ចោះ​ទុក និង​ដាំ​ឃ្លាត​ពីគ្នា​ប្រហែល20សង់ទីម៉ែត្រ។ មុននឹង​បានកូន​ម្រះ​ដំបូង​គេ​ត្រូវយក​គ្រាប់​ម្រះ​ត្រាំ​ក្នុង​ទឹក​ក្តៅអ៊ុនៗចន្លោះ​ពី2-3ម៉ោង រួច​យកទៅ​ផ្អាប់​ក្នុង​ដី2-3យប់​ទើប​យក​ដី​មួយ​ភាគ អាចម៍គោ2ភាគ និង​ផេះ​អង្កាម2ភាគ មក​លាយ​ចូលគ្នា​ហើយ​ដាក់ចូល​ខ្ទះ​លីង​ប្រមាណ15នាទី​ទុកឱ្យ​ត្រជាក់​ទើប​យកទៅដាក់​ក្នុង​ត្រេ​ដាក់​គ្រា​ប់ម្រះ​ចូល​ដើម្បី​បណ្តុះ។ លោកស្រី បាន​បញ្ជាក់ថា ការដាំ​ដោយ​ក្រាល​កៅស៊ូ និង​បង្កប់​ទុយោ​នេះ យើង​មិន​ហត់​ក្នុង​ការធ្វើ​ស្មៅ ឬ​ស្រោច​ទឹក​ទេ ហើយ​ក្រោយ​ដាំ1ខែ10ថ្ងៃ គឺអាច​បេះ​បាន​ហើយ ដោយ2ទៅ3ថ្ងៃ​បេះ​ម្តង និង​បន្ត​បេះ​រហូតដល់​ទៅ1ខែ​ឯណោះ​ទើប​គេ​រើ​ដើម​ចាស់​ចោល​ដាំ​សាជាថ្មី។

លោក ប៉ុល អភិរក្ស ប្រធាន​សាខា​អង្គការ​លាស់​ថ្មី ប្រចាំខេត្ត​កណ្តាល បាន​និយាយថា អង្គការ​របស់​លោកមា​ន​គោលដៅ​ជួយ​បង្រៀន​កសិករ​ឱ្យដាំ​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ដាំ​ក៏ដូចជា​អ្នក​ទទួលទាន ដោយ​បង្រៀន​នូវ​បច្ចេកទេស​ដល់​ពួកគាត់ ព្រមទាំង​វិធីសាស្ត្រ​ដាំ​ដុះ ថែទាំ ក៏ដូចជា​ការប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី ឱ្យបាន​ត្រឹមត្រូវ និង​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ​ផងដែរ។

ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ស្អាង លោក អ៊ុក សុគន្ធ មានប្រសាសន៍ថា ស្អាង​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ក្រុង​ទាំង11 របស់​ខេត្តកណ្តាល ដែលមាន​សក្តានុពល​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​បន្លែ​នាំមុខគេ​ក្នុង​ខេត្តកណ្តាល ដោយ​ក្នុង​មួយថ្ងៃ​អាចមាន​បរិមាណ​ពី50-60តោន។ ទូទាំង​ស្រុក​ស្អាង​មាន​ផ្ទៃដី​ដាំ​បន្លែ​ចម្រុះ​ចំនួន2,037ហិកតា។ លោក​បាន​បន្ថែមទៀតថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព អ្នក​ទទួលទាន​ទាំងអស់​គួរតែ​ងាក​ទៅរក​ការដាំដុះ​បែប​បច្ចេកទេស​ទំនើប គឺ​បន្លែ​សុវត្ថិភាព​ដើម្បី​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ។

គួរ​បញ្ជាក់ថា បន្លែ​សុវត្ថិភាព​មាន​លក្ខណៈ​ខុសពី​បន្លែ​សរីរាង្គ ដោយ​វា​ស្ថិតនៅ​ចន្លោះ​បន្លែ​មាន​សារធាតុ​គីមី និង​បន្លែ​សរីរាង្គ​ដែល​គ្មាន​ជាតិគីមី​សោះ។ លោក សុគន្ធា និយាយថា បន្លែ​សុវត្ថិភាព​គេ​ប្រើ​ជីគីមី​ខ្លះ​ដែរ ដើម្បី​ថែរក្សា​ដំណាំ​ឱ្យ​ល្អ ប៉ុន្តែ​គេ​ប្រើ​ក្នុង​កម្រិត​តិចតួច​បំផុត ហើយ​មុននឹង​កាត់​យកទៅលក់ ឬ​ទទួលទាន គេ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គីមី​ជាច្រើន​ថ្ងៃ ដោយ​មិន​ដូច​បន្លែ​គីមី ដែល​ជួនកាល​ពេល​គេ​កាត់​យកទៅលក់​ហើយ​នោះ នៅតែ​បន្ត​ជ្រលក់​ថ្នាំ​គីមី​បន្ថែម​ដើម្បី​រក្សា​សោភ័ណភាព​ឱ្យនៅ​បានយូរ៕

Advertisement