ទុនវិនិយោគវិស័យ​សំណង់​នៅ​កម្ពុជា​កើនឡើង​ជិត​30%

បើ​ទោះបី​ជា​សកម្មភាព​នៃ​ការ​ទិញ​ លក់​អចលន​ទ្រព្យ​ហាក់​មិន​សូវ​មាន​ភាព​ផុលផុស​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​ប្រមាណ​ជិត​30% ក្នុង​រយៈពេល​10​ខែ​ដំបូង នៃ​ឆ្នាំ2017 នេះ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ឯកឧត្តម ប៉ែន សុផល បាន​ឱ្យ​ដឹង​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​លំនៅឋាន​បុរី​ប្រណីត អ & អេស្វ របស់​ក្រុមហ៊ុន R&F Properties Hs (Cambodia) Co., Ltd ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​60​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​លើ កាល​ពី​សប្តាហ៍​មុន​ថា​រយៈពេល​10​ខែ ឆ្នាំ2017 នេះ​វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​27.68%។ ឯកឧត្តម​ បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​2016 កន្លង​ទៅ​ទុន​វិនិយោគ​វិស័យ​សំណង់ មាន​ប្រមាណ​5,580 លាន​ដុល្លារ​សហរដ្ឋ បើ​ធៀប​នឹង​ឆ្នាំ​2015 កើន​ឡើង​ប្រមាណ​67.15% និង​នៅ​ក្នុង​រយៈពេល​10ខែ នៃ​ឆ្នាំ 2017 នេះ​មាន​ប្រមាណ 6,267 លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2016 គឺ​មាន​កំណើន​ប្រមាណ ​27,68% និង​បង្កើត​ការងារ​ជូន​ប្រជាពល​រដ្ឋ​បាន​ប្រមាណ​ជាង​200,000​នាក់​ក្នុង​មួយ​ថ្ងៃ។

ស្រប​នឹង​ការ​រីក​ចម្រើន​នេះ សហគ្រាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ បាន​ចុះបញ្ជី​នៅ​ក្រសួង ដែល​នៅ​មាន​សុពលភាព​បាន​កើន​ដល់​1,038 ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​42 និង​ក្រុមហ៊ុន​សាង​សង់​សរុប​មាន​ចំនួន​996។ ទន្ទឹម​នេះ​ក្រសួង​ក៏​បាន​និង​កំពុង​ពង្រឹង​ការ​គ្រប់គ្រង​សំណង់ ពិសេស​សំណង់​អគារ​ធំ​ៗ​ឱ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​គតិយុត្ត​បច្ចេកវិទ្យា​ស្តង់ដារ​ខ្ពស់ និង​មាន​អត្តសញ្ញាណ​វប្បធម៌​ជាតិ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សោភណភាព បរិស្ថាន​បៃតង និង​ភាព​សុខុដុម​រមណីយ​កម្ម​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា តាម​ការ​សិក្សា​របស់​ក្រសួង​អំពី​ក្របខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា ​ឃើញ​ថា​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​រាជធានី-ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ​2014 មាន​ចំនួន​ប្រមាណ​4,5​លាន​នាក់​ត្រូវ​ជា​27,1​% នឹង​បាន​បន្ត​កើន​ឡើង​ដល់​7,92​លាន​នាក់​ត្រូវជា​44​% នៅ​ឆ្នាំ​2030។ តាម​ទិន្នន័យ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រយៈពេល​15​ឆ្នាំ (2015-2030) តម្រូវ​ការ​លំនៅ​ឋាន​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​80​ម៉ឺន​លំនៅឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​5​ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំៗ​។

ឆ្លើយតប​នឹង​កំណើន​នេះ ក្រសួង​បាន​និង​កំពុង​សកម្ម​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី ប្លង់គោលនិង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោល​នយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​ឱ្យ​ស្របតាម​តម្រូវការ​នៃ​ការ​រីក​លូតលាស់​ផ្នែក​នគរូបនីយ​កម្ម និង​កំណត់​តំបន់​ទិសដៅ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ក្រុង ពង្រីក​ទីក្រុង តំបន់​ស្នាក់​នៅ និង​ជា​ពិសេស​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធនិង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប​ និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​សមធម៌៕

Advertisement