ទស្សនៈ​របស់​ម្ចាស់​អាជីវកម្ម​ចំពោះ​បុគ្គលិក​ទាក់ទង​នឹង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន

បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​យុវជន​ខ្មែរ​ជាច្រើន​ហាក់​មាន​ទំនោរ​ងាក​ទៅ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ជាជាង​ទៅ​បម្រើ​ការងារ​ឱ្យគេ​យកប្រាក់​ឈ្នួល តែ​ក៏​មិន​ប្រាកដថា​គ្រប់​អាជីវកម្ម​របស់​ពួកគាត់​សុទ្ធតែ​ទទួលបាន​ជោគជ័យ​ទាំងអស់​នោះដែរ។

ម្ចាស់​អាជីវកម្មនីមួយៗមាន​ចំណុច​ពិសេស​ផ្ទាល់ខ្លួនផ្សេងៗគ្នា​ដែល​អាចធ្វើឱ្យ​ការគ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ទទួលបាន​ជោគជ័យ។ លោក ហែម ហេ​ម៉ា ម្ចាស់​អាជីវកម្ម​បោក​អ៊ុត​ទំនើប និង​យក្សា​បោក​អ៊ុត ព្រមទាំង​យក្សា​កាហ្វេ បាន​លើកឡើងថា ទោះបីជា​អាជីវកម្ម​របស់លោក​ពុំ​សូវ​ត្រូវការ​បុគ្គលិក​បម្រើការ​ងារ​ច្រើន​ក៏ពិតមែន តែ​យ៉ាងណា​ក្នុងនាម​លោក​ជា​ម្ចាស់​អាជីវកម្ម​ក៏​ទទួលស្គាល់ថា ភាពជោគជ័យ​នៃ​អាជីវកម្ម​របស់ខ្លួន​មិនមែន​បានមកពី​ការប្រឹងប្រែង​របស់លោក​តែម្នាក់ឯង​នោះទេ គឺ​ចេញ​មកពី​សកម្មភាព​នៃ​ការធ្វើការងារ​រួមគ្នា​ជាមួយ​បុគ្គលិក។

ម្ចាស់​អាជីវកម្ម​រូបនេះ​បាន​បញ្ជាក់ថា៖“គ្រប់ពេលវេលា​ខ្ញុំ​តែងតែ​គិតថា​បុគ្គលិក​របស់ខ្ញុំ​ជា​បង​ជា​ប្អូន​ខ្ញុំ ពិសេស​ខ្ញុំ​ចាត់ទុកថា​ខ្លួនឯង​ក៏​ជា​បុគ្គលិក​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​នោះដែរ គ្រាន់តែ​ខ្ញុំ​មាន​តួនាទី​ផ្សេង​ពី​ពួកគាត់​តែប៉ុណ្ណោះ ដូច្នេះ​រាល់ពេល​ដែល​ពួកគាត់​បាន​លើក​ជា​យោបល់ ឬ​ប្រាប់​ពី​ផល​លំបាក​នៃ​ការងារ​មកកាន់​ខ្ញុំ​គឺ​ខ្ញុំ​តែងតែ​យកមក​គិត​ដើម្បី​រក​វិធី​ដោះស្រាយ ព្រោះថា​យ៉ាងហោចណាស់​ក៏​ពួកគាត់​បានគិត​ចង់ឱ្យ​ក្រុមហ៊ុន​មានការ​រីកចម្រើន​ដែរ​ទើប​គាត់​លើក​ជា​យោបល់។ ម្យ៉ាង​គំនិត​ច្រើន​វា​ល្អ​ជាង​ការគិត​ឃើញតែ​ម្នាក់ឯង។

លោក ហេ​ម៉ា បញ្ជាក់ថា ដើម្បី​ឈានទៅដល់​ការ​អនុវត្ដ​ការងារ​គ្រប់​សកម្មភាព​ឱ្យបាន​ជោគជ័យ ឬ​មុនពេល​បើក​អាជីវកម្ម ដាច់ខាត​ម្ចាស់​អាជីវកម្ម​ត្រូវតែមាន​ការរៀបចំ​គម្រោង​ផែនការ​ឱ្យបាន​ច្បាស់លាស់ ព្រោះ​ការរៀបចំ​ផែនការ​ច្បាស់លាស់​ងាយស្រួល​យើង​អាច​ទប់ស្កាត់​នូវ​ហានិភ័យ​ដែល​នឹង​កើតឡើង​បាន​ងាយស្រួល​ជាង​ការដែល​មិនបាន​រៀបចំ​វា និង​គិតទុក​មុន។ ជាង​នេះ​វា​នឹង​បង្ក​ភាពងាយស្រួល​ដល់​យើង​ក្នុង​ការកែប្រែ​ស្ថានការណ៍ ដើម្បី​គេចចេញ​ពី​ឧបសគ្គ​តាមរយៈ​ការសិក្សា​ផែនការ​បន្ថែម និង​មាន​ភាព​បទ​បែន​ជានិច្ច។ ជាមួយគ្នានេះ​លោក​ក៏បាន​បញ្ជាក់ថា រាល់ពេល​បុគ្គលិក​ជួប​ការលំបាក​យើង​ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​នៅ​ជាមួយ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ជាមួយគ្នា ព្រោះថា​ការធ្វើ​កិច្ចការ​ជាមួយគ្នា គឺ​វា​មិន​ខុសពី​ការ​ជិះទូក​រួមគ្នា​ឡើយ ពោលគឺ​យើង​ត្រូវធ្វើ​កា​ងារ​ជាមួយ​បុគ្គលិក​ដើម្បី​ជាការ​ផ្តល់​កម្លាំងចិត្ត​បន្ថែម​ដល់​ពួកគាត់​ទើប​យើង​អាច​សម្រេច​គោលដៅ​រួម​បាន។

លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Co., Ltd បាន​លើកឡើងថា ដើម្បី​គ្រប់គ្រង​អាជីវកម្ម​ឱ្យទទួល​បាន​ជោគជ័យ ក្នុងឋានៈ​លោក​ជា​ម្ចាស់​អាជីវកម្ម​តែង​ប្រាប់​ខ្លួនឯង​ថា កុំ​មាន​មហិច្ឆតា​ខ្លាំងពេក និង​កុំ​មាន​អំនួត​ឱ្យសោះ ព្រោះ​ភាព​អំនួត​មិនអាច​ជួយ​យើង ឬ​ផ្ដល់​ផលចំណេញ​អ្វី​ដល់​អាជីវកម្ម​របស់​យើង​ទេ។ ផ្ទុយទៅវិញ​វា​ថែមទាំង​បាន​នាំ​យើង​ឱ្យ​ដើរ​ទៅរក​ភាពបរាជ័យ​ទៀតផង ជាក់ស្ដែង​រូបលោក​ក៏​ធ្លាប់​ជួប​ភាពបរាជ័យ​ផងដែរ ដូច្នេះ​ក្រោយពី​ដឹង​នូវ​ចំណុចខ្សោយ​របស់ខ្លួន​ហើយ​ទើប​លោក​យល់ថា​ទោះបីជា​ម្ចាស់​អាជីវកម្ម​ក៏ដោយ ត្រូវតែ​ចេះ​ទទួលយក​មតិ​អ្នកដទៃ​មក​ពិចារណា ហើយ​មិន​ត្រូវធ្វើ​អ្វី​ដោយ​អត្ដ​នោ​ម័ត​តែឯង​ឡើយ។

លោក​ឧកញ៉ា បាន​មានប្រសាសន៍ថា៖“ខ្ញុំ​អាចបង្កើតអ្វីៗគ្រប់យ៉ាង​បាន​ឡើងមក​ក៏​ព្រោះតែ​ខ្ញុំ​យក​បេះដូង​ទៅធ្វើ​ការងារ​លើ​គ្រប់ផ្នែក ដោយ​ចាត់ទុក​បុគ្គលិក​ទាំងអស់​ជា​សមាជិក​ក្នុង​ក្រុមគ្រួសារ​តែមួយ មានន័យថា​យើង​កំពុងតែ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា។ រាល់​ការងារ​ទាំងអស់​នៅពេលដែល​យើង​យក​បេះដូង​ទៅ​និយាយ​វា​មាន​ភាពទូលំទូលាយ​ជាង​ការដាក់​បញ្ជា។ ជោគជ័យ​របស់ខ្ញុំ​មាន​សព្វថ្ងៃ​បាន​ដោយសារតែ​បងប្អូន​ខ្ញុំ(បុគ្គលិក)ជួយ​ជំរុញ​គំនិត​ឱ្យ​ខ្ញុំ​ចេះ​ច្នៃប្រឌិត យកមក​ធ្វើជា​គម្រោង និង​អនុវត្ដ​ជាប្រចាំ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា បាន​បន្ថែមថា​សមត្ថភាព​បុគ្គលិក​គឺជា​រឿង​សំខាន់ ដូច្នេះ​រាល់​ការធ្វើ​អាជីវកម្មនីមួយៗ យើង​ត្រូវ​ស្គាល់​ពី​សមត្ថភាព​បុគ្គលិក និង​ត្រូវ​បណ្ដុះបណ្ដាល ហ្វឹកហាត់​ពួកគាត់​បន្ថែម។ ក្នុង​ក្រុមហ៊ុន​មួយ​ទាល់តែ​បុគ្គលិក​មាន​សមត្ថភាព​ទើប​អាចធ្វើ​កិច្ច​ការល្អ ពិសេស​បញ្ហា​ផ្លូវ​ចិ​ត្ដរបស់​បុគ្គលិក​ក៏​រឹតតែ​សំខាន់​បើសិន​បុគ្គលិក​ធ្វើការ​ងារ​ដោយ​ពុំ​ស្រឡាញ់ និង​គ្មាន​ទំនួល​ខុសត្រូវ​ក្រុមហ៊ុន​នឹង​ទន់ខ្សោយ​ទៅតាម​ហ្នឹង​ដែរ។ ក្នុងនាម​ម្ចាស់​អាជីវកម្ម​យើង​ត្រូវ​ចេះ​បណ្ដុះ​គំនិត​ពួកគាត់​ឱ្យ​ស្រឡាញ់​ក្រុមហ៊ុន​របស់​យើង​ឱ្យ​ដូចជា​របស់គាត់។ លោក​ឧកញ៉ា​បាន​បញ្ជាក់ថា៖“យើង​អាចធ្វើ​ការងារ​នេះ​បាន​តាមរយៈ​ការកាត់បន្ថយ​ការស្ដីបន្ទោស ហើយ​ងាក​មករក​ការសម្របសម្រួល និង​ដំណោះស្រាយ​រួមគ្នា។

លោក​ឧកញ៉ា​បន្ថែមទៀត​ថា ទោះបីជា​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ​សំខាន់​យើង​ត្រូវ​ចេះ​បញ្ជ្រៀប​ខ្លួន​ចូល​ជាមួយ​បុគ្គលិក ដើម្បី​ឱ្យដឹង​គ្រប់​ជ្រុងជ្រោយ គ្រប់​គន្លឹះ​ទាំងអស់ ពិសេស​ត្រូវមាន​ឆ​ន្ទះ​ធ្វើ​កិច្ច​ការឱ្យ​ខ្លាំងក្លា​ជាង​ពួកគាត់។ ក្នុងនាម​យើង​ជា​ម្ចាស់​អាជីវកម្ម​ក៏ត្រូវ​មាន​ផែនការ​មួយ​ឱ្យ​ច្បាស់លាស់ ព្រោះ​រាល់​មុខ​ជំនួញ​ទាំងអស់​ត្រូវមាន​គោលការណ៍ ឆន្ទៈ និង​គោលបំណង​ឱ្យ​ច្បាស់លាស់​ទើប​យើង​ងាយស្រួល​ដើរ​ឆ្ពោះទៅរក​គោលដៅ។ គោលដៅ​របស់​យើង​គឺ​មិនមែន​បានត្រឹមតែ​គិត​គ្មាន​ការ​អនុវត្ដ​នោះទេ។ ដូច្នេះ​ដើម្បី​ធ្វើ​វា​បាន​យើង​ត្រូវ​បោះចោល​គំនិត​អគតិ ឬ​អវិជ្ជមាន ហើយ​គិត​នូវ​អ្វីល្អៗ និង​រក​ដំណោះស្រាយ​ល្អ ធ្វើយ៉ាងណា​ឱ្យ​ការងារ​របស់​យើង​មាន​សកម្ម​ភាពរស់រវើក​ជានិច្ច​ដើម្បីឱ្យ​ចរន្ដ​ការងារ​មាន​ភាពល្អប្រសើរ៕

Advertisement