តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា?

បច្ចុប្បន្ន​គេ​សង្កេតឃើញថា វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មានការ​រីកចម្រើន​ខ្លាំងឡើងៗនៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ពិសេស​គឺ​វត្ត​មាននៃ​អគារ​ការិយាល័យ​សាខា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​ទីប្រជុំជន​ទូទាំងប្រទេស។ តើ​ហេតុអ្វី​បានជា​វិស័យនេះ​មានការ​រីកចម្រើន​ខ្លាំង​ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ?

លោកស្រី ចាន់ សុធាវី ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង​នៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ បាន​និយាយថា បើ​ប្រៀបធៀប​ការលក់​ពីមុន និង​បច្ចុប្បន្ន​គឺមាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ ដោយ​ការលក់​នាពេលនេះ​មាន​ភាពល្អប្រសើរ​ជាង ព្រោះ​ភាគច្រើន​អតិថិជន​អាចមាន​លទ្ធភាព​ទិញ​ដោយ​បង់​រំលស់។ លោកស្រី​បាន​បន្ថែមថា ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​បានធ្វើឱ្យ Lifestyle នៃ​ការរស់នៅ​របស់​ប្រជាជនមាន​ការផ្លាស់ប្តូរ គឺ​ពួកគេ​ត្រូវ​ការដើរ​ឱ្យទាន់​សម័យកាល​នៃ​បច្ចេកវិទ្យា ដូច្នេះ​តម្រូវការ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ថ្មី​ប្រភេទ Smart Phone ក៏ដូចជា​កុំព្យូទ័រ និង​សម្ភារ​ប្រើប្រាស់ទំនើបៗផ្សេងទៀត​មានការ​កើនឡើង​ខ្លាំង ដែលជា​ឱកាសល្អ​មួយ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុងការ​ពង្រីក​ខ្លួន​ផ្តល់​កម្ចី​លើ​ការបង់​រំលស់​សម្ភារ​ទាំងនោះ​ទៅតាម​តម្រូវការ​របស់​អតិថិជន។

បច្ចុប្បន្ន​យើង​សង្កេតឃើញថា ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ក៏មាន​បង្កើត​សេវាកម្ម​ផ្តល់​កម្ចី​ជាច្រើន​ប្រភេទ​ដើម្បី​ជា​ជម្រើស​សម្រាប់​អតិថិជន​ផងដែរ​ដូចជា កម្ចី​សម្រាប់ធ្វើ​ជំនួញ កម្ចី​ទិញ​ដី​ទិញ​ផ្ទះ ទិញ​សម្ភារ​ប្រើប្រាស់ផ្សេងៗ ទិញ​រថយន្ត ម៉ូតូ​ទូរស័ព្ទដៃ កុំព្យូទ័រ កម្ចី​ផ្នែក​អប់រំ និង​កម្ចី​អាពាហ៍ពិពាហ៍​ជាដើម។ ការពង្រីក​នូវ​សេវាកម្ម​ផ្តល់​កម្ចី​ទាំងអស់​ខាងលើនេះ​ស្រប​ពេលដែល​តម្រូវការ​នៃ​ការប្រើប្រាស់​សម្ភារទំនើបៗមានការ​កើនឡើង​ទើប​ធ្វើឱ្យមាន​ការរីកចម្រើន​វិស័យនេះ​យ៉ាង​ឆាប់រហ័ស​ដូច្នេះ។

លោក មុត សុភ​ក្ត្រ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​ស្ថិតក្នុង​ខេត្តព្រៃវែង បាន​និយាយថា ដើមឡើយ​លោក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សម្លឹង​ឃើញ​តម្រូវការ​សាច់ជ្រូក​នៅលើ​ទីផ្សារ​កើនឡើង ស្រប​ពេលដែល​មានការ​នាំចូល​ច្រើន​ពី​ប្រទេសជិតខាង លោក និង​គ្រួ​សារបាន​សម្រេចចិត្ត​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដើម្បី​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់លោក​ឱ្យបាន​ដល់​ទំហំ​ដី​ជាង1ហិកតា ហើយ​សហការ​ជាមួយ​ក្រុមហ៊ុន CP ធ្វើការ​ចិញ្ចឹម​កូនជ្រូក​ទទួលបាន​ជោគជ័យ ដែល​ធ្វើឱ្យ​ចំណូល​គ្រួសារ​កាន់តែ​បានល្អ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ លោក​បន្តថា ការរីកចម្រើន​ទៅលើ​អាជីវកម្ម​ចិញ្ចឹម​ជ្រូក គឺ​ដោយសារ​ទទួលបាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បើ​ពុំ​ដូច្នោះ​ទេ​លោក​នឹងមិន​មានលទ្ធភាព​ពង្រីក​កសិដ្ឋាន​បានទេ។

ចំណែក​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​មានប្រសាសន៍ថា ការរីកចម្រើន​នៃ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ល្អប្រសើរ ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ក្នុងការ​ប្រក​បរបរ​ជួញដូរ​រក​ទទួលទាន ហើយ​កាលណា​ប្រជាជន​រកស៊ី​ជួប​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ គឺ​គាត់​មាន​ធនាគារ ក៏ដូចជា​មីក្រូហិរញ្ញវត្ថុ​រង់ចាំ​ជួយផ្តល់​ប្រាក់កម្ចី ដែល​អាចជួយ​ឱ្យ​គាត់​មានលទ្ធភាព​ពង្រីក​សង្វាក់​ផលិតកម្ម និង​មុខរបរផ្សេងៗកាន់តែ​រីក​ធំធាត់ឡើងៗ និង​មាន​ចំណូល​ត្រឡប់មកវិញ​កាន់តែ​ច្រើនឡើង។

លោក​ឧកញ៉ា​អះអាងថា អ្វីដែល​សំខាន់បំផុត គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ បាន​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបញ្ចេញ​ថវិកា​បញ្ចូល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ ដែលជា​កត្តារួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច7% ជា​រៀងរាល់ឆ្នាំ និង​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ទោះយ៉ាងណា លោក​ឧកញ៉ា បានផ្តល់​អនុសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា មុននឹង​សម្រេច​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រជាពលរដ្ឋ​ត្រូវមាន​ផែនការអាជីវកម្ម (Business Plan) មួយ​ច្បាស់លាស់​ហើយ​ត្រូវ​ប្រកប​របរ​អាជីវក​ម្មណា ដែលជា​តម្រូវការ​ទូទៅ​របស់​សង្គម ទើប​នាំឱ្យ​អាជីវកម្ម​មានការ​គាំទ្រ​នៅលើ​ទីផ្សារ មិន​ជួប​ហានិភ័យ និង​មិន​ជួប​ការលំបាក​ក្នុងការ​បង់ប្រាក់​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ។

គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន​ហត្ថា​កសិករ បានផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទូទៅ​ប្រមាណ100,000នាក់ ដែលមាន​ប្រាក់កម្ចី​សរុប​ជា 400លាន​ដុល្លារ និង​បាន​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា3,000នាក់ ដែល​កំពុងធ្វើការ​នៅតាម​សាខា​ចំនួន168 ទូទាំងប្រទេស​កម្ពុជា។

ជាមួយគ្នានេះ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា មានប្រសាសន៍​ស្រដៀង​នេះដែរ​ថា តាម​ទ្រឹស្តី​ក៏ដូចជា​ការអនុវត្ត ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក​បណ្ឌិត បញ្ជាក់ថា តាមរយៈ​ការរីកចម្រើន​លើ​វិស័យ​ហិរញ្ញវត្ថុ​នេះហើយ​ដែលជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​ដើមទុន និង​មុខរបរផ្សេងៗ ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ កាន់​តែមាន​ភាពប្រសើរ។

គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ពង្រីក​សាខា​បាន​ចំនួន​ដល់ 260សាខា​នៅក្នុង​ប្រទេស​កម្ពុជា 41សាខា​នៅ​ប្រទេស​ឡាវ និង 8សាខា​ទៀត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​បញ្ចេញ​សាច់​កម្ចី​សរុប​ជិត 3,000 លាន​ដុល្លារ​អាមេរិក​និង​ជួយផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 12,000នាក់​ទៀតផង។ គិត​មកទល់​ខែវិច្ឆិកា ឆ្នាំ2017 នេះ​ធនាគារ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប 54ស្ថាប័ន ក្នុងនោះ​រួមមាន​ធនាគារពាណិជ្ជ ចំនួន39ស្ថាប័ន និង​ធនាគារ​ឯកទេស​មាន​ចំនួន15ស្ថាប័ន ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​រហូតដល់76ស្ថាប័ន ហើយ​ក្នុងចំណោម​នោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន 7ស្ថាប័ន៕

Advertisement