សហ​ស្ថាបនិក​នៃ​គេហទំព័រ Bitcoin.com លក់ Coin ទាំងអស់​របស់ខ្លួន

សហ​ស្ថាបនិក​ម្នាក់​នៃ​គេហទំព័រ Bitcoin បាន​លក់​កាក់​របស់គាត់​ទាំងអស់​ក្រោម​ហេតុផល​ថា ប្រភេទ​នៃ​រូបិយវត្ថុ​នេះ​លែង​រីកដុះដាល​ថែមទៀត​ហើយ។ នេះ​បើតាម​គេហទំព័រ www.standard.co.uk។

លោក Emil Oldenburg ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ Bitcoin.com បាន​និយាយថា Bitcoin គឺជា​ការវិនិយោគ​ដែល​គ្រោះថ្នាក់​បំផុត។ ភាពឆ្អែត​នៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​គឺ​គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​វិនិយោគ​ទៅលើ​វា តែ​វា​នឹងមាន​ការលំបាក​ក្នុង​ការលក់​ចេញ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ចំណេញ​តិច ឬ​អាច​ខាតបង់​ទៀតផង។ លោក Oldenburg បាន​ប្រាប់ថា គាត់​បាន​បង្វែរ​ថវិកា​របស់គាត់​ពី Bitcoin ទៅជា​សាច់ប្រាក់ ហើយ​យកទៅ​វិនិយោគ​ក្នុង​ប្រព័ន្ធ​សាច់ប្រាក់​ថ្មី​មួយទៀត​ដែល​ទើបនឹង​បង្កើត​កាលពី​ខែសីហា​កន្លងមក។

WizSec Founding Team: Kim Nilsson, J. Maurice, Emil Oldenburg

លោក​និយាយថា៖“ការវិនិយោគ​លើ Bitcoin គឺ​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយ​វា​ពិត​ជាមាន​ហានិភ័យ​ខ្ពស់។ ហេតុនេះហើយ​ទើប​ខ្ញុំ​លក់​កាក់ Bitcoin របស់ខ្ញុំ​ទាំងអស់ ដើម្បី​ប្តូរ​ទៅជា Bitcoin Cash វិញ។

លោក​បាន​បន្តថា៖“ពេល​ខ្ញុំ​លក់ Bitcoin ខ្ញុំ​បាន​ចំណាយលុយ35អឺរ៉ូ ឬ​ស្មើនឹង50ដុល្លារ​អាមេរិក និង​ប្រើពេល12ម៉ោង​សម្រាប់​ប្រតិបត្តិ​ការផ្ទេរ​លុយ​ពី​ការងារ​នេះ។ ទីបំផុត​ប្រតិបត្តិការ​របស់ខ្ញុំ​ក៏បាន​រួចរាល់​ដោយ​គ្មាន​បញ្ហា។ អ្នកគ្រប់គ្រង Bitcoin.com និង​ជា​សហ​ស្ថាបនិក​នៃ​គេហទំព័រ​ដែល​បាន​ជួយ​ដេញថ្លៃ​ឱ្យ​តម្លៃ​នៃ Cryptocurrency ឡើងថ្លៃ បាន​និយាយថា ក្រុមហ៊ុន​បានបញ្ចប់​ការវិនិយោគ​លើ​សេវា​ថ្មី​សម្រាប់​ប្រព័ន្ធ Bitcoin ហើយ​ពេល​បច្ចុប្បន្ននេះ​បាន​បង្វែរ​ការ​ផ្តោតទៅលើ Bitcoin Cash។

លោក​បាន​បញ្ជាក់ថា៖“ការចំណាយ​សម្រាប់​វិនិយោគ​លើ Bitcoin Cash គឺ​តិចជាង Bitcoin ធម្មតា​ឆ្ងាយ​ណាស់។ ប្រព័ន្ធ Bitcoin ចាស់​លែង​រីកចម្រើន​ទៀតហើយ ហើយ​មានតែ​ប្រព័ន្ធ Bitcoin Cash នេះ​ទេ ទើប​អាចជួយ​ដល់​អ្នកវិនិយោគ​ឱ្យទទួល​បាន​ប្រាក់ចំណេញ​មកវិញ​ទៅ​ថ្ងៃ​អនាគត។

ខណៈដែល Bitcoin បានចាប់ផ្តើម​រីកដុះដាល​នៅ​ខែមករា វា​បាន​កើនឡើង​តម្លៃ​របស់​វា​ចាប់ពី1,000ដុល្លារ សម្រាប់ Coin មួយ​ទៅ18,000ដុល្លារ​នោះ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ព្រមាន​ទុកជាមុន​ហើយ​ថា វា​អាច​នឹងត្រូវ​បញ្ចប់​ដោយ​ទឹកភ្នែក។ Bitcoin គឺជា​ប្រព័ន្ធ​រូបិយវត្ថុ​ដែល​ទិញតៗគ្នា​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​មិនមាន​ឆ្លងកាត់​ធនាគារកណ្តាល​នោះទេ៕

Advertisement