IMF មាន​សុ​ទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចរបស់កម្ពុជា

ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច ក៏​ដូចជា​ការ​រីក​ចម្រើន​របស់​វិស័យ​ធនាគារ​នៅ​ក្នុងប្រទេសកម្ពុជា​ នា​រយៈ​ពេល​​ជាង ​2ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោក Jarkko Turunen ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់ IMF សម្រាប់​កម្ពុជា ​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​អភិវឌ្ឍ​វិស័យ​ធនាគារ ប្រកប​ដោយ​ភាព
​រឹងមាំ និង​អាច​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ​បាន​យ៉ាង​ល្អ។

ក្នុង​នាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ក៏​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​មន្ត្រី​ជំនាញ ព្រម​ទាំង​ជួយ​តាម​ដាន​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​រួម​ចំណែក​បន្ត​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ស្ថិរភាព​នយោបាយ​ និង​សុខ​សន្តិភាព គឺ​ពិត​ជា​មាន​សារ​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ជាតិ។ ឯកឧត្តម​មាន​ប្រសាសន៍​ថា៖“កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និងមាន​ភាព​​រឹង​មាំ​នា​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នៅ​ឆ្នាំ 2017 នេះ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា 7% ជាមួយ​នឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ជាង5% និង​ស្ថិរ​ភាព​តម្លៃ​ប្រាក់​រៀល”។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​អត្រា​កំណើន​ឥណទាន​បាន​ថយ​ចុះ​សន្សឹមៗ ទៅ​ក្នុង​អត្រា​សមស្រប (17.6%នៅ​ខែកុម្ភៈ ឆ្នាំ2017) រួម​ចំណែក​ធ្វើ​ឱ្យ​ឥណទាន​បន្ត​មាន​គុណ​ភាពល្អ​ប្រសើរ៕

Advertisement