ការបង់ពន្ធ នឹងមាន​ភាពងាយស្រួល​បន្ទាប់ពី​មាន​វត្តមាន «E-Payment»

ដោយ​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​កាន់តែ​មានកា​រវិ​វត្ដ​ទៅមុខ ពិសេស​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បង្កើត​សេវាកម្ម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “E-Payment” ដើម្បី​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ពន្ធ។

ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​ភាពចាំបាច់​និង​កាត់បន្ថយ​ការចំណាយ​ពេលវេលា​រប​ស់​អតិថិជន​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​គិតគូរ​ជាប្រចាំ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ការបង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​កាតព្វកិច្ច​បង់​ពន្ធ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្កើត​នូវ​សេវាកម្ម​អន​ឡាញ​ឈ្មោះថា E-Payment។ ឯកឧត្ដម​បន្ដថា រាល់​អ្នកមាន​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់​ដែល​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ គឺ​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បានទេ ព្រោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ក្នុង Database ដូច្នេះ​អ្នកមាន​កាតព្វកិច្ច​អាច​ទៅ​បង់​នៅតាម​ធនាគារ​បាន។ ផ្ទុយទៅវិញ​សម្រាប់​ក្រុមហ៊ុន ឬ​អ្នក​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ មាន​ទិន្នន័យ​ក្នុង Database ហើយ​នោះ​គឺអាច​ដំណើរការ​នៃ​ការបង់ពន្ធ​តាមរយៈ​សេវា E-Payment បាន។

ឯកឧត្ដម គង់ វិបុល បាន​បញ្ជាក់ថា៖“អតិថិជន​ចង់​ប្រើប្រាស់​សេវា E-Payment លុះត្រា​តែមាន​ព័ត៌មាន​ច្បាស់លាស់ ត្រឹមត្រូវ​នៅក្នុង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ។ សេវាកម្ម​នេះហើយ​ដែល​អតិថិជន​ជាប់ពន្ធ​ទាំងអស់​ចង់បាន​ប្រើប្រាស់​ដើម្បី​ងាយស្រួល​បង់ពន្ធ។ ឧទាហរណ៍​ពេលខ្លះ​គាត់​នៅ​ការិយាល័យ​ធ្វើ​ការងារ​លុះដល់​ពេល​ប​ង់​ពន្ធ​គាត់​ត្រូវ​ឆ្លៀតពេល​ទៅ​បង់​នៅតាម​សាខា។ បើ​ដូច​កាលពី​ពេលមុន​តាម​សាខា​ខ្លះ​អតិថិជន​ទៅ​អត់​ជួប​មន្ដ្រី​របស់​យើង​ទៀត​ធ្វើឱ្យ​គាត់​ត្រូវ​អង្គុយ​រង់ចាំ។ ទោះយ៉ាងណា​បច្ចុប្បន្ន​យើង​ក៏បាន​ចាត់ចែង​មន្ដ្រី​ឱ្យ​ដាក់​វេន​គ្នា​ធ្វើការ​ងារ​ដូច​មន្ដ្រី​ធនាគារ​អ៊ីចឹង ព្រោះ​យើង​ដឹងថា​នៅពេល​អតិថិជន​មក​បង់ពន្ធ​មិន​ជួប​មន្ដ្រី​ត្រឡប់​ទៅវិញ​ប្រាកដជា​មួម៉ៅ​មិន​ខាន។ ផ្ទុយទៅវិញ​អតិថិជន​ដែល​ប្រើប្រាស់​សេវា E-Payment គាត់​មិនចាំបាច់​មកដល់​កន្លែង​បង់ពន្ធ​ទេ គាត់​នៅ​ការិយាល័យ​ធ្វើការ​ងារ​ក៏ដោយ​គ្រាន់​តែមាន​កុំព្យូទ័រ​ចូលទៅក្នុង​គេហទំព័រ អាច​ស្វែងរក​កន្លែង​បង់ពន្ធ​បាន​យ៉ាង​ងាយ ដែល​ចរន្ដ​នេះ​បាន​ជួយ​កាត់បន្ថយ​ការចំណាយ​ដល់​អតិថិជន​បាន​យ៉ាងច្រើន។

ទោះបីយ៉ាងណា​ឯកឧត្ដម​អគ្គនាយក ក៏បាន​សម្ដែង​នូវ​អារម្មណ៍​មិនទាន់​ស្កប់​ចិ​ត្ដ​ចំពោះ​អ្វីដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បង្កើតបាន​នេះ​ទេ ខណៈ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កំពុងមាន​ទិសដៅ នឹងដាក់​សេវាកម្ម​មួយទៀត​ឱ្យ​អតិថិជន​ប្រើប្រាស់ គឺ​ការដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ។ ជាមួយគ្នានេះដែរ​ឯកឧត្ដម​បាន​បន្ថែមថា ការពិត​សេវាកម្ម​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវបាន​បង្កើតឡើង​ហើយ ប៉ុន្ដែ​ទាមទារ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅលើ​យន្ដការ​មួយចំនួន​ដែល​នៅ​សេសសល់ និង​ត្រូវការ​ពេលវេលា​ក្នុងការ​បង្រៀន​ដល់​អតិថិជន​ឱ្យ​ចេះ​ប្រើប្រាស់​ផងដែរ។

ជាងនេះទៅទៀត​ដើម្បី​ធានាបាន​នូវ​សក្ដានុពល និង​តម្លាភាព​ក្នុង​កិច្ចការងារ​បម្រើសេវា​ជូន​អតិថិជន អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​បង្កើត​ប្រព័ន្ធ​មួយទៀត​ជា​លក្ខណៈ​ផ្ទៃក្នុង ដើម្បី​គ្រប់គ្រង​ធនធានមនុស្ស​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​ទាំងអស់​ប្រឹងប្រែង​ធ្វើការ ឱ្យមាន​សក្ដានុពល និង​មាន​តម្លា​ភាពមិន​បក្សពួកនិយម។

ឯកឧត្ដម គង់ វិបុល បាន​បញ្ជាក់ថា ទោះ​មាន​សេវាកម្ម​ល្អ​យ៉ាងណា​សម្រាប់​បម្រើ​ជូន​អតិថិជន​ក៏ដោយ​បើ​បុគ្គលិក​មិន​យក​ចិ​ត្ដ​ទុកដាក់​បម្រើ​ការងារ​ជូន​អតិថិជន ក៏​ការងារ​គ្មាន​សក្ដានុពល និង​ប្រសិទ្ធភាព​ដែរ ដូច្នេះ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​នេះ​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់​ទាំង​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម ត្រូវមាន​របាយការណ៍​ការងារ​រាយការណ៍​ប្រចាំថ្ងៃ​ទៅក្នុង​ប្រព័ន្ធ ដោយ​សូម្បីតែ​ខ្លួន​ឯកឧត្ដម​ផ្ទាល់​ក៏​ត្រូវធ្វើ​របាយការណ៍​ដែរ។ ឯកឧត្ដម បាន​បន្ថែមថា នៅពេល​មាន​ប្រព័ន្ធ​នេះ​យើង​ងាយស្រួល​ដឹងថា​បុគ្គលិក​ណា​ប្រឹងប្រែង​ធ្វើការ​ងារ ដោយ​ប្រព័ន្ធ​ជា​អ្នកវិភាគ​ឱ្យតែ​ម្ដង។

គួរ​បញ្ជាក់ថា ប្រព័ន្ធ​ទាំងបី​ខាងលើ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​កំពុង​តែមាន ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​វិស្វករ​ខ្មែរ​តែម្ដង៕

Advertisement