អ្នក​ដែល​មើលរំលង​ការទំនាក់ទំនង​ភាគច្រើន​រកស៊ី​មិនសូវ​ជោគជ័យ តើ​នេះ​មកពី​ហេតុអ្វី?

ទំនាក់ទំនង គឺជា​រឿង​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ ពិសេស​សម្រាប់​ពាណិជ្ជករ​ដែលជា​អ្នកមាន​គោលដៅ​ទំនាក់ទំនង​ច្រើន​បំផុត​ទាំង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ទំនាក់ទំនង​ជាមួយ​អតិថិជន​និង​ជាមួយ​បុគ្គលិក ជាដើម។

នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint លោក សោម សម្បត្តិ បាន​និយាយថា ការបង្កើត​ទំនាក់ទំនង​គឺជា​រឿង​ដ៏​ចាំបាច់​របស់​មនុស្ស ពិសេស​អ្នករកស៊ី​ដែលជា​ការចាំបាច់​ដើម្បី​ផ្តល់ឱ្យ និង​ទាក់ទាញ​ផលប្រយោជន៍​ពី​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់ខ្លួន។ លោក​បញ្ជាក់ថា ការបង្កើត​ទំនាក់ទំនង​ល្អ​អាច​ជំ​រុញឱ្យ​មនុស្ស​ម្នាក់​កាន់​តែមាន​សក្តានុពល​ក្នុងការ​រ​ស៊ី ព្រោះ​នៅពេលដែល​គាត់​លក់​ផលិតផល​ណាមួយ ឬ​ប្រកាស​ពី​ផលិតផល​ណាមួយ គាត់​នឹង​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មនុស្ស​ទូទៅ ព្រោះ​មនុស្ស​បាន​ជឿជាក់​ទៅលើ​គាត់​មុន​ជឿជាក់​លើ​ផលិតផល​របស់គាត់​ទៀតផង​ដែរ។

លោក សម្បត្តិ បាន​ថ្លែងថា៖“ក្រៅពី​ការបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ ការបង្កើត​ទំនាក់ទំនង និង​យកចិត្តទុកដាក់​ជាមួយ​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​មួយ​ផងដែរ​សម្រាប់​អ្នកជំនួញ ព្រោះថា​បុគ្គលិក​ជា​ផ្នែក​ដែល​សំខាន់​ដើម្បី​នាំ​អាជីវកម្ម​ឱ្យទទួល​ជោគជ័យ។ ប្រសិនបើ​បុគ្គលិក និង​ថៅកែ​មិន​យល់​ពីគ្នា​នោះ​បញ្ហា​នឹង​កើតឡើង​មិនចេះចប់​មិនចេះហើយ។

នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​បន្ថែមទៀតថា ជាទូទៅ​អ្នករកស៊ី​ខ្លះ​តែងតែ​ភ្លេចខ្លួន​រឿង​ទំនាក់ទំនង​នេះ ដោយមាន​អ្នកខ្លះ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ តែ​ដល់​ពេលដែល​មានបាន​ក៏​ចាប់ផ្តើម​ឃ្លាតឆ្ងាយ​ពី​ការទំនាក់ទំនង ឬ​ចាប់ផ្តើម​ដំឡើង​ខ្លួន។ ចំណុច​នេះ​អាច​នឹង​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ងាយ​បរាជ័យ​បំផុត ព្រោះ​ការរកស៊ី​មិនមែន​ចេះតែ​ចំណេញ​រហូត​នោះទេ វា​ត្រូវតែមាន​ការប្រកួតប្រជែង ហេតុនេះ​ការរក្សា​ទំនាក់​ទំនងជា​រឿង​សំខាន់​ដែល​ត្រូវតែ​ធ្វើជា​រៀងរហូត ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ។

បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​នេះដែរ លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J. Quach បាន​ថ្លែងថា គ្រប់គ្នា​ដែល​នៅ​ជុំវិញខ្លួន​យើង​សុទ្ធតែជា​អតិថិជន ហេតុនេះ​ការធ្វើ​អ្វីមួយ​គឺ​ត្រូវតែ​ប្រយ័ត្ន។ ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​អ្នករកស៊ី ព្រោះ​ពេលខ្លះ​គេ​អាច​មើល​មនុស្ស​ណា​ម្នាក់​ហើយ​វាយតម្លៃ​គាត់​ថា គ្រាន់តែ​ជា​មនុស្ស​ធម្មតា ឬ​គ្រាន់តែ​ជា​អ្នក​ដែល​មិនសូវ​សំខាន់​ក្នុងសង្គម​ដែល​មិនចាំបាច់​ខ្វល់ខ្វាយ​ពី​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ប៉ុន្មាន​នោះទេ តែ​ពួកគេ​អាច​ភ្លេច​ថា​ក្រៅពី​ភាពជា​បុគ្គល​ធម្មតា អ្នក​ទាំងអស់នោះ​អាចមាន​មុខងារ​មួយទៀត​ដែល​យើង​ចាំបាច់​ត្រូវតែ​ទាក់ទង គឺ​គាត់​ជា​អតិថិជន​របស់​យើង។

លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ “អ្នក​ដែល​នៅ​ជុំវិញខ្លួន​យើង អ្នកណា​ក៏ដោយ ក៏ត្រូវ​តែ​យកចិត្តទុកដាក់​ទាំងអស់ ព្រោះថា​មនុស្ស​មិនអាច​ធ្វើ​ការងារ ឬ​រស់​តែម្នាក់ឯង​បានទេ។ មនុស្ស​កុំ​មើលងាយ​មនុស្ស​ពេលខ្លះ​មនុស្ស​សាមញ្ញ​ម្នាក់​នៅថ្ងៃនេះ អាច​នឹង​ក្លាយជា​មនុស្ស​សំខាន់​ដែល​យើង​ត្រូវ​ទាក់ទង​នៅ​ថ្ងៃក្រោយ​ក៏​ថា​បាន។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ ខាងលើ​បាន​បញ្ជាក់ថា ទំនាក់​ទំនងជា​គន្លឹះ​យ៉ាងសំខាន់​ដែល​អាច​រុញច្រាន​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​ភាព​រីកចម្រើន។ ហេតុនេះ​សូមកុំ​មើលរំលង​រឿង​ដែល​សំខាន់​មួយ​នេះ ទោះបីជា​យើង​មាន​ស្ថាប័ន​ធំ​ហើយ​ក៏ដោយ ក៏​មិនអាច​មើលរំលង​ពី​មនុស្ស​គ្រប់គ្នា​ដែល​តូច​ទាប​ជាង​ខ្លួន​ដែរ។ ការព្យាយាម​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយគ្នា អាចជួយ​ឱ្យ​យើង​ទទួលជោគជ័យ​ទាំង​ការរកស៊ី និង​មាន​ភាពត្រជាក់ត្រជុំ​ក្នុងការ​រស់នៅ។

អគ្គនាយក​ក្រុមហ៊ុន សេដ្ឋីនី លោក ឆាក់ សុជាតិ បាន​លើកឡើងថា ការទំនាក់ទំនង​ជាដ​ង្ហើ​មយ៉ាង​សំខាន់​សម្រាប់​ការរកស៊ី។ អ្នក​ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​ការទំនាក់ទំនង​ជា​មនុ​ស្ស​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុងការ​រកលុយ​ព្រោះថា មនុស្ស​ដែល​អាច​ទទួល​ប្រយោជន៍​ពី​សង្គម​ច្រើន​បំផុត គឺជា​អ្នក​ដែល​មើលឃើញ​ពី​តម្លៃ​នៃ​សង្គម និង​ការរស់នៅ​របស់​មនុស្ស​ទូទៅ។

លោក សុជាតិ បាន​និយាយថា៖“យើង​សាក​ស្រមៃ​ទៅ​មើលថា យើង​មាន​មនុស្ស​ប្រហែល1លាន​នាក់​នៅក្នុង​ដៃ បន្ទាប់មក​យើង​បង្កើត​អាជីវកម្ម​មួយ​ដែល​ចំណេញ​តែ50សេន​ប៉ុណ្ណោះ​ក្នុង​មួយខែ គឺ​យើង​អាច​ចំណេញ​បាន 50ម៉ឺន​ដុល្លារ វា​ងាយ​ជាង​ការដែល​យើង​ទៅយក​លុយ 50ម៉ឺន​ដុល្លារ​ពី​មនុស្ស​ម្នាក់​ឆ្ងាយ​ណាស់។

សហគ្រិន​រូបនេះ បាន​បន្ថែមទៀតថា មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ការរកស៊ី គឺ​ត្រូវតែ​ប្រមូល​ពី​អ្នកមាន​លុយធំៗទើប​ល្អ តែ​គំនិត​នេះ​មិន​ប្រាកដថា​ត្រូវ​នោះទេ ព្រោះ​បើ​យើង​ចង់បាន​លុយ 50ម៉ឺន​ដុល្លារ​ពី​នរណាម្នាក់ ម្ចាស់​លុយ​នោះ​ក៏មាន​វិធី​ការពារ​លុយ​របស់គេ​ដែរ តែ​ប្រសិនបើ​យើង​ប្រមូល​តែ 50សេន​ពី​មនុស្ស1លាន​នាក់ យើង​នឹង​អាច​ទទួលបាន50ម៉ឺន​ដុល្លារ​ដូចគ្នា។ ការរកស៊ី គឺ​ត្រូវមាន​ភាព​វៃឆ្លាត និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ ហេតុនេះ​ពេលខ្លះ​ការបង្កើត​ទំនាក់ទំនង​ល្អ អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នករកស៊ី​ជោគជ័យ​បាន ទោះបីជា​យើង​លក់​តូចតាច ឬ​បន្តិចបន្តួច​ក៏ដោយ៕

Advertisement