ចង់​ធ្វើជា​សហគ្រិន​ស្ដ្រី​ជោគជ័យ សំខាន់បំផុត​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង

ម្ចាស់​អាជីវកម្ម​ជាច្រើន​ដែល​ទទួលបាន​ភាពជោគជ័យ​តែងតែមាន​អំណះអំណាង​ថា ដើម្បីឱ្យ​អាជីវកម្ម​មួយ​ជោគជ័យ​ត្រូវ​ទាមទារ​ឱ្យមាន​ការរៀបចំ​ផែនការ​ច្បាស់លាស់ ពិសេស​ការប្រើ​ទុនវិនិយោគ​ក៏​ជាសំខាន់​ដែរ។ ដោយឡែក​សម្រាប់​ម្ចាស់​ជំនួញ MAYA Cosmic ដែល​កំពុងមាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​ថៃ ហើយ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Luxury Smile នៅ​កម្ពុជា បាន​បង្ហើប​ថា ការចាប់ផ្ដើម​អាជីវកម្ម​ដើមទុន​ជា​ចំណែក​តូច​តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់​នោះ គឺ​ការសិក្សា​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ និង​ទឹក​ចិ​ត្ដ​ដ៏​រឹងមាំ​របស់​ម្ចាស់​ជំនួញ។

អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ (Sasitan Laorojpinyo) នាយិកា​ក្រុមហ៊ុន MAYA Cosmic ដែល​បច្ចុប្បន្ន​កំពុងតែ​មានដំណើរ​ការលក់​យ៉ាង​ល្អ​នៅក្នុង​ទីផ្សារ​កម្ពុជា តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន Luxury Smile បាន​រៀបរាប់​ពី​ដំណើរ​ជីវិត ក៏ដូចជា​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​ថា រូបនាង​គឺជា​ក្មេងស្រី​ម្នាក់​កើត​ក្នុង​ត្រកូល​អ្នកមាន​ទ្រព្យសម្បត្ដិ​មួយ​ក្នុងប្រទេស​ថៃ ដោយ​នាង​ជា​កូនស្រី​ពៅ​ក្នុងចំណោម​បងប្អូន4នាក់។ អ្នកនាង​បាន​បន្តថា ចាប់ផ្ដើម​ដឹងក្ដី​ពេលណា​អ្នកនាង​បានឃើញ​គ្រួសារ​ខ្លួន​មាន​ហាង​មាស​ចំនួន5កន្លែង​ទៅហើយ ខណៈ​បច្ចុប្បន្ន​ហាង​មាស​នោះ​ត្រូវបាន​ពង្រីក​រហូតដល់8សាខា។ ដោយសារ​ចាប់កំណើត​ក្នុង​ត្រកូល​អ្នកមាន​ទ្រព្យសម្បត្តិ ថ្ងៃ​ណា​ក៏​ឃើញ​ការជួញដូរ​មាស និង​ប្រាក់​ដែរ ហេតុនេះ​ទើប​ធ្វើឱ្យ​រូបនាង​កើតមាន​គំនិត​ចង់​ធ្វើ​អាជីវកម្ម​តាំងពី​នៅ​វ័យក្មេង។ ទោះជា​យ៉ាងណា​អ្នកនាង​យល់ថា ប្រសិនបើ​ចង់​ដើរ​ទៅមុខ​ឱ្យបាន​វែងឆ្ងាយ ចង់​រកស៊ី​ឱ្យទទួល​បាន​ជោគជ័យ គឺ​ទាមទារ​ឱ្យ​ខ្លួនឯង​ត្រូវមាន​ចំណេះដឹង​ទូលំទូលាយ​ខាង​ផ្នែក​ទីផ្សារ ហេតុនេះ​រូបនាង​បាន​ខិត​ខំរៀន​រហូត​ទទួលបាន​បរិញ្ញាបត្រ និង​បន្ដទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​រយៈពេល1ឆ្នាំ​ទៀត។

ក្រោយពី​បញ្ចប់​ការសិក្សា ដោយ​មិន​ចង់ទុក​ពេលវេលា​ឱ្យនៅ​ទំនេរ​យូរ នាយិកា​ក្រុមហ៊ុន MAYA Cosmic រូបនេះ​ក៏​ចាប់ផ្ដើម​រកស៊ី​តែម្ដង។ និយាយ​ទៅដល់​ការធ្វើ​អាជីវកម្ម ប្រសិនបើ​យើង​ក្រឡេក​ទៅ​មើល​ជីវភាព​គ្រួសារ​របស់​ស្ដ្រី​ជំនួញ​វ័យក្មេង​រូបនេះ​វិញ គឺ​មិនមាន​ការលំបាក​ឡើយ មានន័យថា​ចង់​ចាប់​អាជីវកម្ម​បែបណា? នៅពេលណា? ឬ​ទំហំ​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​កម្រិតណា​ក៏​អាចទៅរួច​ដែរ តែ​អ្វីដែល​ធ្វើឱ្យ​អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ ត្រូវ​គិតពិចារណា​ច្បាស់លាស់​ទៅលើ​អាជីវកម្ម​នោះ គឺ​ដោយសារ​រូបនាង​ចង់​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួនឯង ដើមទុន​ផ្ទាល់ខ្លួន​មិនមែនជា​របស់​គ្រួសារ ម្យ៉ាងទៀត​អ្នកនាង​ជា​អ្នក​ចង់បាន​ឥស្សរភាព និង​សេរីភាព​ក្នុង​ការធ្វើ​ជំនួញ​ផងដែរ។

បន្ទាប់ពី​គិតគូរ​បានច្បាស់លាស់​ហើយ អ្នកនាង​ក៏បាន​សម្រេច​ចិ​ត្ដ​ប្រើ​ដើមទុន​ប្រមាណ1ម៉ឺន​បាត​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់ខ្លួន​ដោយ​សហការ​ជាមួយ​មិ​ត្ដ​ភក្ដិ។

អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ បន្ថែមថា៖ “ដោយ​គិតគូរ​បានច្បាស់លាស់​ហើយ ខ្ញុំ​ក៏​សម្រេច​ចិ​ត្ដ​ចាប់ផ្ដើម​អាជីវកម្ម​ក្នុង​ការលក់​ផលិតផល​តាម​អន​ឡាន។ វា​ពិតជា​ទទួលបាន​ការគាំទ្រ​ខ្លាំងណាស់​ដោយសារតែ​អាជីវកម្ម​មួយ​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ។ ទន្ទឹម​និង​ការទទួលបាន​ជោគជ័យ អាជីវកម្ម​នោះ​ក៏ត្រូវ​រលាយ​ទៅវិញ​ដោយសារតែ​ម្ចាស់​ហ៊ុន​មានគំនិត​ខ្វែងគ្នា ធ្វើឱ្យ​ការប្រកប​អាជីវកម្ម​ដំបូង​ត្រូវ​ទទួល​នូវ​ការបរាជ័យ​ពីរដង ខណៈ​ខ្ញុំ​ទើបតែ​មាន​អាយុ​ត្រឹម20ឆ្នាំ​ប៉ុណ្ណោះ ដែលមាន​បទពិសោធ​ក្នុង​ទីផ្សារ និង​សង្គម​នៅមាន​តិចតួច។

បន្ទាប់ពី​មាន​បទពិសោធ​បរាជ័យ​ពីរដង ស្ដ្រី​ជំនួញ​វ័យក្មេង​រូបនេះ​ក៏​នៅតែ​មិន​ចុះចាញ់​ចំពោះ​អាជីវកម្ម និង​ប្រឹង​ដើរទៅ​មុខជា​និច្ច។ នៅពេលនោះ​អ្នកនាង​បាន​ស្វែងយល់​ពី​ខ្លួនឯង​ថា ជា​មនុស្ស​ចូល​ចិ​ត្ដ​តុបតែង​ខ្លួនស្អាតៗទើប​ធ្វើឱ្យ​មានគំនិត​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ដោយ​ចំណាយ​ទុន​មួយចំនួនធំ ដើម្បី​បង្កើត​គ្រឿងសម្អាង​មានឈ្មោះ​ខ្លួនឯង MAYA Cosmic ក្នុងនោះ​រួមមាន ក្រេ​ម ម្ស៉ៅ សាប៊ូ​ដុះ​ខ្លួន ដុះ​មុខ ធ្វើឱ្យ​ស្បែក​ម៉ដ្ឋ​សរ​លោង ជាដើម ដែល​ផលិតផល​ទាំងនោះ​ផ្ដោតទៅលើ​គុណ​ភាពជា​ចម្បង។

បន្ទាប់ពី​ដំណើរការ​ក្នុង​ទីផ្សារ​បាន​រយៈពេល4ខែ ផលិត MAYA ក៏​ទទួលបាន​នូវ​ភាពជោគជ័យ និង​ការទទួលស្គាល់​ពី​ប្រជាជន​ថៃ​ទូទាំងប្រទេស។ អ្នកនាង​បន្ដថា៖“ត្រឹម​រយៈពេល4ខែ ដែល​ខ្ញុំ​អាចធ្វើឱ្យ​ប្រជាជន​ថៃ​ទទួលស្គាល់​នូវ​គុណភាព​ផលិតផល MAYA វា​មិនមែនជា​រឿង​ងាយស្រួល​ទេ។ ជាក់ស្ដែង​ខ្ញុំ​ជា​អ្នក​ធ្លាប់​រៀន​ខាង​ផ្នែក​ទីផ្សារ ទោះយ៉ាងណា​ក៏ត្រូវ​ទាមទារ​ឱ្យ​យើង​យល់ដឹង​អំពី​យុទ្ធសាស្ត្រ​ក្នុង​ការលក់​នៅក្នុង​ទីផ្សារ​អន​ឡាញ​ឱ្យបាន​ច្បាស់។ យុទ្ធសាស្ដ្រ​ទីផ្សារ​នេះ យើង​ត្រូវ​សិក្សា​ជាប្រចាំ ដោយ​យូរ​បំផុត​មួយ​សប្ដាហ៍​ម្ដង​ក៏ត្រូវ​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី ជួនកាល​គិត​ឃើញ​ថ្ងៃនេះ ស្អែក​ចាប់ផ្ដើម​អនុវត្ដ​ក៏មានដែរ។ ក្នុងករណី​ចាំបាច់​ត្រូវ​ជួល​តារាល្បីៗមក​បង្ហាញ​ផលិតផល​របស់​យើង ទោះបីជា​ចាយលុយ​ច្រើន​ក៏ត្រូវ​តែ​ធ្វើ។ ទោះយ៉ាងណា ផលិតផល​មានគុណ​ភាពល្អ និង​រក្សាបាន​នូវ​សុខភាព​អ្នកប្រើប្រាស់​ទើប​ធ្វើឱ្យ​អ្នកប្រើប្រាស់​ផ្សព្វផ្សាយតៗគ្នា។

អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​កាន់តែ​ទទួលបាន​ភាពល្បីល្បាញ​នោះ គឺ​ក្រៅពី​បង្កើត និង​ចែកចាយ​ផលិតផល​មានគុណ​ភាព​ហើយ​នោះ យើង​ក៏​ជា​អ្នកបង្កើត Brand ឱ្យ​អតិថិជន​នៅ​ប្រទេស​ថៃ​រហូតដល់100ប្រភេទ និង​នៅ​ប្រទេស​កម្ពុជា25ប្រភេទ។ ក្រៅពីនេះ​ការធ្វើ​ជំនួញ​ត្រូវ​យល់ច្បាស់​ពី​ទីផ្សារ ត្រូវ​ស្គា​ល់ពី​ដៃគូ ព្រមទាំង​ចេះ​ទប់ស្កាត់​ហានិភ័យ​ផងដែរ។ អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ បញ្ជាក់ថា៖“ដោយសារ​យើង​អាចឈរជើង​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​ក្នុង​កិ​ត្ដិ​នាម​ល្អ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​របស់ខ្ញុំ ទទួលបាន​ពានរង្វាន់​ចំនួន2 គឺ Best Business Award និង Best Product Award រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា (2015-2016)”។

ជាមួយគ្នានេះ​ស្ដ្រី​ជំនួញ​វ័យក្មេង​ខាងលើ ក៏បាន​បញ្ជាក់ដែរថា ទន្ទឹមនឹង​ការទទួលបាន​ភាពជោគជ័យ ភាពស្មុគស្មាញ​ក៏​តែងតែ​កើតឡើង​នៅ​ជុំវិញខ្លួន​របស់​អ្នកនាង​ជាប្រចាំ​ដែរ ដែល​ទាមទារ​ឱ្យ​ត្រូវ​ដោះស្រាយ​នៅពេល​ក្រុមហ៊ុន​ចាប់ផ្ដើម​ល្បីល្បាញ ប៉ុន្ដែ​ពុំ​សូវ​មាន​បុគ្គលិក ដោយសារតែ​យើង​ចាប់ផ្ដើម​ពី​ដើមទុន​មិនសូវ​ច្រើន ដូច្នេះ​អតិថិជន​ទាំងអស់​ត្រូវ​សាង​ឡើង​ដោយ​ខ្លួនឯង។ ពិសេស​នៅពេល​មាន​ការបញ្ជាទិញ​ច្រើន យើង​មិនអាច​ផលិត​ឱ្យទាន់​ទៅតាម​តម្រូវការ គឺ​ពិតជា​ធ្វើឱ្យ​យើង​ជា​ម្ចាស់​អាជីវកម្ម​មាន​ភាពស្មុគស្មាញ​ខ្លាំង​មែនទែន។ អ្នកនាង​ប្រាប់ទៀតថា គ្មាន​ផ្លូវ​ដើរ​ណា​ទទួលបាន​ជោគជ័យ ដោយ​ពុំមាន​ការឆ្លងកាត់​ការលំបាក ឬ​ឧបសគ្គ​នោះទេ ដូច្នេះ​យើង​ក៏​មិនត្រូវ​ចុះចាញ់​នូវ​ឧបសគ្គ​ទាំង​នោះដែរ។

អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ បន្ដថា ក្រោយពី​ទទួលបាន​ភាពជោគជ័យ​នៅ​ប្រទេស​ថៃ អ្នកនាង​ក៏​ចាប់ផ្ដើម​មើលឃើញ​ពី​តម្រូវការ​នៃ​អ្នកប្រើប្រាស់ និង​សក្ដានុពល​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ទើប​សម្រេច​ចិ​ត្ដ​ធ្វើ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុមហ៊ុន Luxury Smile ដែលមាន​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ចែកចាយ។ នៅ​ឆ្នាំ2018 នេះ Luxury Smile នឹង​ចែកចាយ​ផលិតផល MAYA ទៅដល់​ប្រទេស​ឡាវ​ផងដែរ និង​គម្រោង​បើក Clinic មួយ​ដែលមាន​សក្ដានុពល​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ ជាងនេះទៅទៀត​ក្រុមហ៊ុន​នឹង​នាំចូល​នូវ​ផលិតផល​ថ្មី​ដែល​លក់ដាច់​ជាងគេ​បំផុត​នៅ​ប្រទេស​ថៃ​ដែលមាន​ឈ្មោះថា ទឹក​ជំនួយ​ស្បែក​ដ៏​អស្ចារ្យ(Water Essence) មក​កម្ពុជា​ផងដែរ។

អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ ក៏បាន​ចែក​រំ​ឡែក​គំនិត​ដល់​សហគ្រិន​ស្ដ្រី​ខ្មែរ​ថា៖“ចង់​ធ្វើជា​សហគ្រិន​ស្ត្រី​ដ៏​ជោគជ័យ អាចធ្វើ​អាជីវកម្ម​យូរអង្វែង​សំខាន់បំផុត​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង និង​តែងតែ​ផ្ដល់​កម្លាំង​ចិ​ត្ដ​លើ​ខ្លួនឯង ដូច​យើង​ជឿជាក់​លើ​ផលិតផល​របស់​យើង និង​ធ្វើ​កិច្ចការ​នោះ​ជាប្រចាំ។

ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ អ្នកនាង សាក់​សិ​កថា​ន់ ឡាវ​រ៉ូ​ត​ភី​ន​យ៉ូ ក៏​មិន​បោះបង់ចោល​សកម្មភាព​ម​នុស្ស​ធម៌​ដែរ ដោយនៅ​ថ្ងៃ​ខួបកំណើត​របស់​នាង កាលពី​ថ្ងៃទី10 ខែធ្នូ កន្លងមក អ្នកនាង​បាន​នាំ​មិ​ត្ដ​ភក្ដិ​ជនជាតិ​ថៃ​ដែលជា​អ្នកជំនួញ​មក​ជាវ​ព្រះពុទ្ធ​បដិមាករ​យកទៅ​តម្កល់​ក្នុង​ទី​វត្ដ​អា​រ៉ា​ម​ក្នុងប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ2018 នេះ​អ្នកនាង​មាន​គម្រោង​នឹង​ជួយឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ចំនួន300នាក់​នៅ​ខេត្ដ​មណ្ឌលគិរី៕

Advertisement