ការដាំ​ដើម​ពុទ្រា​មាន​ភាពងាយស្រួល និង​រកចំណូលបាន​ខ្ពស់

ពុទ្រា​ម្រេច កំពុង​ទទួល​បានការ​ពេញនិយម​ច្រើន​ពី​អ្នក​បរិភោគ ហើយ​ថែមទាំង​ផ្តល់ប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ដល់​អ្នក​ដាំ​ទៀតផង ដោយ​ក្នុង​មួយ​សប្តាហ៍​អាច​លក់បាន​ប្រមាណ 800ដុល្លារ សម្រាប់​ការដាំ​នៅលើ​ផ្ទៃដី​ជាង 30អា។

លោក ថន ធី កសិករ​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រាប់ថា ចាប់តាំងពី​ងាក​មក​ដាំ​ពុទ្រា​ម្រេច​នេះ​បាន​រយៈពេល 4ឆ្នាំ​មក ជីវភាព​គ្រួសារ​របស់លោក​បាន​ប្រសើរ​ឡើងជា​លំដាប់ ហើយកូនៗក៏បាន​ចូលរៀនគ្រប់ៗគ្នា​ដែរ។ លោក​បាន​បន្តថា ពុទ្រា​ដែល​លោក​ដាំ​នេះ​នៅ​លើដី​បណ្តោយ 200ម៉ែត្រ និង​ទទឹង 18ម៉ែត្រ នេះ​មាន​ដើម​សរុប​ចំនួន230 ហើយ​ក្នុង​មួយ​សប្តាហ៍​អាច​បេះ​លក់បាន2ដង ដោយ​ក្នុង1ដង បាន​ជាង 200គីឡូក្រាម។ បច្ចុប្បន្ន​ក្នុង1គីឡូក្រាម​លក់បាន​តម្លៃ 8,000រៀល ប៉ុន្តែ​បើ​ខែ​ណា​មិនសូវ​សម្បូរ​អាច​លក់បាន​ដល់​ទៅ10,000រៀល​ឯណោះ។

ចំណែក​លោក ខឹម កិ អាយុ 65ឆ្នាំ ដែលជា​កសិករ​ដាំ​ពុទ្រា​ម្រេច​ម្នាក់​ដែរនោះ ក៏បាន​និយាយ​ដែរ​ថា គាត់​បាន​ដាំ​ពុទ្រា​នេះ​ជាង 8ឆ្នាំ​មកហើយ ដោយបាន​ទិញ​ពូជ​ពី​ឃុំ​ព្រែក​គយ ក្នុង1ដើម​តម្លៃ1ដុល្លារ។ លោក​បាន​បង្ហើប​អំពី​វិធីសាស្ត្រ​ដាំ​ដុះ និង​ថែទាំ​ថា ពុទ្រា​ម្រេច​មិន​ពិបាក​ដាំ និង​ថែទាំ​ប៉ុន្មាន​នោះទេ ដំបូង​គឺ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល1ទៅ2ខែ ទើប​រាស់​ហើយ​ហាល​ចោល1អាទិត្យ​ទៀត ទើប​ឆូត​ជា​គន្លង​កាប់​រណ្តៅ​ទំហំ5តឹក​ដាក់​ជីលា​មក​គោ​ចូល​ហើយ​យក​កូន​ពុទ្រា​មក​ដាំ​ជាការ​ស្រេច និង​ត្រូវ​ទុក​គម្លាត​ពីគ្នា​ប្រមាណ​ពី4-5ម៉ែត្រ​ពី​ដើម​មួយ​ទៅ​ដើម​មួយទៀត។

នៅ​រដូវវស្សា​គេ​មិនបាច់​ស្រោច​ទឹក​ទេ តែ​ត្រូវ​ស្រោច​ទឹក1-2ដង​ក្នុង​សប្តាហ៍​នៅ​រដូវប្រាំង។ ពុទ្រា​មិន​ពិបាក​ថែទាំ​ទេ ចំណែកឯ​ជី​ទៀតសោត​គឺ​ប្រើតែ​ជីធម្មជាតិ លាមក​គោ មាន់ ទា និង​បាញ់ថ្នាំ​ការពារ​ដង្កូវ​តែ1ដង​ប៉ុណ្ណោះ​ក្នុង1ខែ។ ក្រោយ​ដាំ​បាន6ខែ អាច​ប្រមូល​ផល​បាន​ហើយ ដោយ​ក្នុង1សប្តាហ៍​អាច​បេះ​បាន​ចំនួន2ដង។ នៅពេល​ដើម​ពុទ្រា អាយុ​បាន2ឆ្នាំ​គេ​ត្រូវតែ​អារ​ដើម​ចោល​ខ្លះ ដោយ​ទុក​គល់​កន្លះ​ម៉ែត្រ​ដើម្បីឱ្យ​លាស់​ថ្មី ហើយ​ក្រោយ​អារ​ចោល6ខែ ពុទ្រា​នឹង​ចាប់ផ្តើម​ចេញ​ផ្លែ ប៉ុន្តែ​ដល់​ដើម​ពុទ្រា អាយុ6ឆ្នាំ ផ្លែ​វា​ចាប់ផ្តើម​តូច ទើប​គេ​គាស់​ដើម​ចាស់​ចោល​ដាំ​សាជាថ្មី។

អ្នកស្រី ប៉ាង សារ៉េត ជា​អ្នកលក់​ម្នាក់​ក្នុងចំណោម​អ្នកលក់​ជាង10តូប​នៅ​ចំណុច​ច្រាំង​បាក់ ក្បែរ​ផ្សារ​ស្អាង បាន​ប្រាប់​ឱ្យដឹងថា ពុទ្រា​ម្រេច​មាន​រសជាតិ​ជូរអែម និង​ស្រួយ​ឆ្ងាញ់ ហើយ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន។ ជា​មធ្យម​ក្នុង1ថ្ងៃ​គាត់​អាច​លក់បាន​ប្រមាណ50គីឡូក្រាម តែបើ​ថ្ងៃ​សៅរ៍ អាទិត្យ​និង​ថ្ងៃ​ឈប់សម្រាក​វិញ គឺ​លក់បាន​ច្រើន​រហូតដល់​ទៅជា​ង 100គីឡូក្រាម​ក៏មានដែរ ដែល​ក្នុង​មួយ​គីឡូ​រកប្រាក់​ចំណេញ​បាន​ប្រមាណ​ជា2,000រៀល៕

Advertisement