កូនបៅ​ឈ្លក់​ទឹកដោះ​ញឹកញាប់ តើ​មាន​គ្រោះថ្នាក់​ដែរឬទេ? ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងណា?

មាន​ជា​ច្រើនដង​ណាស់​ដែល​ការចិញ្ចឹម​កូនតូច​របស់លោក​ឪពុក​អ្នក​ម្ដាយ​ច្រើនតែ​សង្កេតឃើញថា កូន​មាន​អាការ​ឈ្លក់​ទឹកដោះ​នៅពេល​បៅ ដែល​អ្នកខ្លះ​ក៏​មិនសូវ​ជា​ផ្ដល់​ការចាប់អារម្មណ៍​លើ​រឿងនេះ​ប៉ុន្មាន​ទេ ព្រោះ​គិតថា ជា​រឿង​ធម្មតា​ដែល​អាច​កើតឡើង​បាន​ចំពោះ​ក្មេងតូចៗ តែ​ដឹង​ឬទេ​ថា មាន​ព័ត៌មាន​ញឹកញាប់​ណាស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់បាត់​បង់ជីវិត​របស់​ទារក​ដែល​បណ្តាលមកពី​ការ​ឈ្លក់​ទឹកដោះ​នេះ ព្រោះ​បណ្តាលមកពី​ការដកដង្ហើម​ខុស​ប្រក្រតី ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​ហាម​មើលរំលង​រឿងនេះ​ជាដាច់ខាត និង​គួរ​ការពារ​មិនឱ្យ​កើតឡើង​ដោយ​វិធី​ខាងក្រោម​នេះ។

គួរឱ្យ​កូនបៅ​ទឹកដោះ​ម្ដាយ​ជា​បន្តបន្ទាប់​រហូតដល់​អាយុ6ខែ​ឡើងទៅ

មាន​ឪពុកម្ដាយ​មួយចំនួន​ដែល​ឱ្យ​កូនតូច​បៅ​ទឹកដោះគោ​ម្សៅ ដោយ​ការ​ឆុង​ដាក់​ដប​ទឹកដោះគោ​ឱ្យ​មឹ​ម តែ​អាច​នឹង​ភ្លេច​ថា កូន​របស់​លោកអ្នក​មិនបាន​បៅ​ទឹកដោះ​នោះ​ជាប់​រហូត​នោះទេ ទើប​អាចធ្វើ​ឱ្យមាន​បញ្ហា​ទឹកដោះ​ហូរ​ចេញពី​ដប​ចូលទៅក្នុង​បំពង់ក​របស់​កូន​ខណៈដែល​គេ​កំពុង​លង់លក់​បាន ដែល​បើសិនជា​បៅ​ទឹកដោះ​ចេញពី​ដោះ​ម្ដាយ​វិញ នឹង​មិនសូវមាន​បញ្ហា​នេះ​កើតឡើង​ទេ។ រឹតតែ​ឱ្យ​ទឹកដោះគោ​ឆុង​ទៅ​កូនបៅ​ខណៈដែល​កូន​កំពុងតែ​ហាមាត់​ស្រែកយំ​ផង​នោះ រឹតតែ​ប្រថុយ​ក្នុងការ​ធ្វើឱ្យ​កូន​កើតការ​ឈ្លក់​ទឹកដោះ​ខ្លាំង​ឡើង​ថែមទៀត។

ឱ្យ​កូនតូច​គេង​ផ្អៀង​បន្ទាប់ពី​បៅ​ទឹកដោះ​ហើយ

ដើម្បី​ជាការ​ការពារ​ការ​ឈ្លក់​ទឹកដោះ គួរ​លើក​កូន​ពពាក់​លើ​ស្មា ដើម្បីឱ្យ​កូនតូច​បាន​ភើ​ចេញមក​រៀងរាល់​ពេល​បំបៅ​ទឹកដោះ​ហើយ និង​ដាក់​ឱ្យគេ​គេង​ផ្អៀង​ជំនួស​ការដាក់ឱ្យ​គេង​ផ្ងារ ដើម្បី​ការពារ​មិនឱ្យ​កើតមាន​ការហូរ​ទឹកដោះ​បញ្ច្រាស​ចេញ​មកពី​បំពង់​អាហារ​រហូត​ក្លាយជា​ហេតុ​ឱ្យ​កើតការ​ឈ្លក់​ទឹកដោះ​បាន។

ក្បាល​ដប​ទឹកដោះ​ខុស​ខ្នាត ឬ​យ៉ាងណា?

បើទោះជា​កន្លងផុត​អំឡុង6ខែ​ហើយ​ក៏ដោយ​តែ​ក៏ត្រូវ​មានការ​យកចិត្ត​ទុកដាក់​លើ​ការ​បំបៅ​ទឹកដោះ​កូន​មិន​អន់​ជាង​អំឡុង​ខែដំបូងៗដែរ ជាពិសេស​ក្បាល​ដប​ទឹកដោះ​ដែល​អាច​នឹងមាន​ខ្នាត​ធំ​រហូត​ធ្វើឱ្យ​ទឹកដោះ​ហូរ​ចេញ​មកពី​ក្នុង​ដប​ច្រើន​ធ្វើឱ្យ​ក្មេង​មិនអាច​លេប​ទាន់ ទើប​បណ្ដាលឱ្យ​កើត​ជាការ​ឈ្លក់​ទឹកដោះ​ក៏មាន។

កុំ​បញ្ចុក​ទឹកដោះ​ច្រើន​ជ្រុល​ពេក

ដោយសារតែ​ក្មេង​តូច​មិនទាន់​ចេះ​និយាយប្រាប់​បាន​ថា មាន​អ្វី​ខុស​ប្រក្រតី​ចំពោះ​ខ្លួនឯង​នោះ ទើប​គេ​ត្រូវ​ប្រើការ​ស្រែកយំ​ជា​សញ្ញា​ប្រាប់​នៅពេល​មានរឿង​អ្វី​ម្យ៉ាង​កើតឡើង​នៅក្នុង​ខ្លួនគេ ដែល​ឪពុកម្ដាយ​មួយចំនួន​អាច​នៅ​ថ្មីថ្មោង​ជាមួយនឹង​ការចិញ្ចឹម​ថែទាំ​កូន បែរជា​យល់ថា កូន​យំ​ព្រោះ​ឃ្លាន​បៅ ក៏​ចាប់​ដប​ទឹកដោះគោ​ដាក់ឱ្យ​កូនបៅ​គ្រប់​ពេលដែល​កូនតូច​ស្រែកយំ រហូត​កើត​បញ្ហា​ទឹកដោះ​ពេញ​ហៀរ​ក្រពះ និង​ធ្វើឱ្យ​ក្មេង​ក្អែ​ចេញមក​វិញ​រហូត​ក្លាយ​ជាការ​ឈ្លក់​ទឹកដោះ​ក៏មាន។

អាច​បណ្ដាលមកពី​ភាពខុសប្រក្រតី​របស់​អវយវៈ​ណាមួយ

បើសិនជា​កូន​នៅតែ​កើតមាន​អាការ​ឈ្លក់​ទឹកដោះ​ញឹកញាប់ និង​មាន​សញ្ញា​ថា​កាន់តែ​ធ្ងន់ធ្ងរ​ឡើងជារឿយៗនោះ ឪពុកម្ដាយ​គួរតែ​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​វិនិច្ឆ័យ​ថា តើ​មាន​អា​ការខុស​ប្រក្រតី​អ្វី​ដែរឬទេ? ដោយ​រោគ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ឈ្លក់​ទឹកដោះ​នេះ គឺ​ការដែល​អវយវៈ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បឺត​លេប​មាន​ភាពខុសប្រក្រតី ឬ​សួត និង​បេះដូង​មាន​បញ្ហា​ជាដើម។

បានដឹង​បែបនេះហើយ ឡា​រ៉ែ​ន សង្ឃឹមថា លោកឪពុក​អ្នក​ម្ដាយ​នឹង​ប្រយ័ត្នប្រយែង​ខ្លាំង​ឡើង​ក្នុងការ​ចិញ្ចឹម​ថែទាំ​កូនតូច​ក្នុង​វ័យ​ទារក​នេះ និង​គួរ​ឧស្សាហ៍​សង្កេតមើល​អាការ​របស់​កូនតូច​ឱ្យបាន​គ្រប់ពេល​ថា តើ​មានការ​ឈ្លក់​ទឹកដោះ​ដល់​ថ្នាក់​មុខ​ឡើង​ក្រហម ឬ​ស្លេកស្លាំង​ដែរឬទេ? បើសិនជា​មិន​ស្រួល ក៏​គួរតែ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យភ្លាមៗតែម្ដង ដើម្បី​សុវត្ថិភាព​របស់​កូន​សម្លាញ់៕

Advertisement