ផែនការអភិវឌ្ឍន៍​ទី​ក្រុង និង​បញ្ហា​ប្រឈម

យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក​ស្តីពី​ការអភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី ភ្នំពេញ​បានឱ្យដឹងថា ការរីកលូតលាស់​ដ៏​ឆាប់រហ័ស​នៃ​ក្រុងភ្នំពេញ​ក្នុង​រយៈពេល10ឆ្នាំ​កន្លង មកនេះ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើន​ឱកាស​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាងច្រើន ក៏ប៉ុន្តែ​ការផ្តោត​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ផែនការ ការគ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ចៀសវាង​ការរីក​រាលដាល​នៃ​ភាព​គ្មាន​សណ្តាប់ធ្នាប់ ការស្ទះ​ចរាចរណ៍ និង​ការបំពុល​បរិស្ថានផ្សេង។

របាយការណ៍​មួយ​មាន​ចំណងជើង​ថា ការអភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ លើកឡើង​នូវ​ភាព​ប្រឈម​ជាច្រើន​ក្នុងការ​ផ្តល់​ជា​សេវាកម្ម​ជា​មួលដ្ឋាន​ដែល​រួមមាន​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ស្ថានីយ​កែច្នៃ​ទឹកស្អុយ សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការគ្រប់គ្រង​កាកសំណល់​រឹង។ល។ ការគ្រប់គ្រង និង​ការផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ក្រុង ការពង្រឹង​អភិបាលកិច្ច និង​ការផ្តល់​សេវាកម្ម​ក៏​ជួប​បញ្ហា​ប្រឈម​ដែរ។ ទោះបី​ជាមាន​ដំណើរការ​រៀបចំ​ក្រុង​ដែលមាន​ស្រាប់​ក៏ដោយ ក៏​ការផ្តល់​ហិរញ្ញប្បទាន និង​សមត្ថភាព​បច្ចេកទេស​ជា​ញឹកញាប់​បង្ក​នូវ​ឧបសគ្គ​ជាច្រើន​ដល់​ផែនការអភិវឌ្ឍន៍​ទីក្រុង​ទីតាំង និង​ផែនការ​ប្រើប្រាស់​ដី ជាពិសេស​ថ្នាក់​ខណ្ឌ និង​សង្កាត់។

លោកស្រី អុ​ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា៖ “រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុងការ​កែខៃ​ទីក្រុង​ជា​វិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់ខ្លួន ការបង្កើត​ការងារ​ឱ្យបាន​ច្រើន​ថែមទៀត និង​ការបង្ក​លទ្ធភាព​ឱ្យមាន​សេវាកម្ម​កាន់តែ​ប្រសើរ​ជាង​មុន។ ការអភិវឌ្ឍ​ទីក្រុង​ដែលមាន​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​បានល្អ​អាចជួយ​ធ្វើឱ្យ​ទីក្រុង​មាន​ភាពល្បីល្បាញ​ក្នុងការ​ធានាឱ្យមាន​ស្តង់ដារ​រស់នៅ​ល្អប្រសើរ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ។

របាយការណ៍​នេះ​បានផ្តល់​អនុសាសន៍​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ការរីកលូតលាស់​ក្នុង​ទីក្រុង​កាន់​តែមាន​លក្ខណៈ​ប្រកួតប្រជែង កាន់​តែមាន​និរន្តរភាព និង​កាន់តែ​គ្របដណ្តប់​ទូលំទូលាយ​លើ​វិស័យសំខាន់ៗចំនួន4 គឺ ទី1.ត្រូវ​កែលម្អ​ស្ថាប័ន និង​អភិបាលកិច្ច​ដើម្បីឱ្យ​ទីក្រុង​អាច​អភិវឌ្ឍ​ទៅបាន​ប្រកបដោយ​ភាព​សុខដុម និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ 2.ត្រូវ​កែលម្អ ផែនការ​រៀបចំ​ទីក្រុង និង​ការអនុវត្ត​ផែនការ​តាមរយៈ​ការបង្កើត​បទដ្ឋាន​គតិ​យុត្ត ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែលមាន​ស្រាប់។ ទី3. ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ដែល​ប្រកបដោយ​និរន្តរភាព​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ និង​ភាព​ប្រកួតប្រជែង។ ទី4. ត្រូវ​ធានាថា ការរៀបចំ​ទីក្រុង​ត្រូវ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ចៀសវាង​កុំឱ្យ​មាន​វិសមភាព។

លោកស្រី ជូ​ឌី បេ​គ័​រ ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​ដែលជា​អ្នកនិពន្ធ​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ជាច្រើន​បាន​មានប្រសាសន៍ថា៖ “ទីក្រុង​ទាំងឡាយ​ដែលមាន​ផែនការ​ល្អ ធ្វើ​ឱ្យគេ​អាច​គ្រប់គ្រង​បានល្អ​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ចសង្គម​ផ្នែក​នគរូបនីយកម្ម និង​អាចបង្កើត​បានជា​ទីកន្លែង​ដែលមាន​លក្ខណៈ​រស់​រវើក​អាច​រស់​នៅបាន និង​មាន​ទីធ្លា​ល្អប្រសើរ។ ផែនការ​នេះ​អាចធ្វើ​ទៅបាន​យ៉ាង​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​វា​នឹង​ជា​ដំណើរការ​មួយ​ដែលមាន​រយៈពេល​វែង និង​ទាមទារ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន។

បើទោះជា​យ៉ាងនេះ​ក្តី លោក​ម៉េ​ត មាស​ភក្តី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា សាលា​រាជធានី​បាន​សហការ​ជាមួយ​អង្គការ JICA ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការរៀបចំ​រំដោះ​ទឹកជំនន់​ចេញពី​ភូមិសាស្ត្រ​រាជធានី និង​រៀបចំ​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ដោយ​ធ្វើការ​ចម្រោះ​ទឹក​មុននឹង​បង្ហូរ​ចូលក្នុង​ទន្លេ ។ ចំណែក​សេវា​ដឹកជញ្ជូន​សាធារណៈ​វិញ សាលា​រាជធានី​បានដាក់​ឱ្យប្រើ​ប្រាស់​រថយន្ត​ក្រុង​សរុប​ចំនួន​ជាង 150គ្រឿង​ហើយ​មកទល់​បច្ចុប្បន្ន ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​ជា​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​នៅ​អំឡុង​ខែមេសា ឆ្នាំ2018នេះ រដ្ឋាភិបាល​ជប៉ុន និង​ផ្ដល់ជំនួយ​ជា​រថយន្តក្រុង​ចំនួន​ជាង100គ្រឿង​បន្ថែមទៀត​ដើម្បី​ដាក់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ​ឱ្យបាន​គ្រប់​ដងផ្លូវ​នានា​ក្នុងភូមិ-សាស្ត្រ​រាជធានី លើសពីនេះ​សាលាក្រុង​ក៏​នឹងដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​នូវ​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក (Water Taxi) ចាប់ពី​ខណ្ឌ​ព្រែក​ព្នៅ​រហូតដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅ​ចុងឆ្នាំ2018នេះ។

ពាក់ព័ន្ធ​នឹង​ករណី​គ្រប់គ្រង​កាកសំណល់​រឹង​វិញ​នោះ សាលា​រាជធានី​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជនផ្សេងៗដើម្បី​កែច្នៃ​សំរាម​ទៅជា​ថាមពល ឬ​ជីសរីរាង្គ​ជាការ​ចាំបាច់​ក្នុង​ការធានា​ឱ្យបាន​នូវ​បរិស្ថាន​ល្អ និង​សោភ័ណភាព​ស្អាត ក៏​ដូច​ការថែរក្សា​អនាម័យ​ទីក្រុង​ផងដែរ៕

Advertisement