ផ្នែកឯកជន​ស្នើ​​ឱ្យរាជរដ្ឋាភិបាល​បង្កើតតំបន់ SME ដើម្បីងាយស្រួលទទួលបានឥណទាន

អ្នក​ប្រកប​ធុរកិច្ច​ក្នុង​ផ្នែក​ឯកជន​បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​គេ​ជឿថា​ជា​តួអង្គ​សំខាន់​មួយ​ដែរ​ក្នុង​ការចរចា​បង្កើត​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច និង​មធ្យម​តាមរយៈ​គម្រោង​បង្កើត​ធនាគារ​សហគ្រាស​ខ្នាតតូច និង​មធ្យម(SME Bank) ដែលមាន​ដើមទុន​ដំបូង100លាន​ដុល្លារ។

ក្នុង​វេទិកា​ស្ដីពី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅថ្មីៗនេះ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកសំណើ​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ដើមទុន​ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម ដោយ​អនុញ្ញាតឱ្យ​សហគ្រិន​អាចមាន​លទ្ធភាពទទួល​បាន​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​របស់​រាជ​រដ្ឋាភិបាល​ដែល​ទើប​ផ្តួចផ្តើម​នឹង​បង្កើត​នាពេលឆាប់ៗនេះ។

លោក​ឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ “វា​ជាប់​ពាក់ព័ន្ធ​ដល់​វិស័យ​កសិកម្ម​ យើង​ច្រើននោះ​គឺ​ការអភិវឌ្ឍ​ផ្នែក​សិប្បកម្ម និង​ឧស្សាហកម្ម​ធុន​តូច និងមធ្យម ដោយហេតុថា ថ្មីៗនេះ​សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន មាន​គម្រោង​ដើម្បី​បង្កើត​នូវ​ធនាគារ អេស អឹម អុី (SME) ដូច្នេះ​អ្វីដែល​សំខាន់​ដែល​យើង​ចង់ដឹង​នោះ​គឺ តើ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នេះ អាច​ទទួលបាន​នូវ​ឥណទាន​ពី​ធនាគារ​នោះ​តាមរបៀប​ណា?”

លោក​ឧកញ៉ា បាន​អះអាងថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​គ្របដណ្តប់​ភាគច្រើន ទាំង​ផលិតកម្ម ទាំង​ធនធានមនុស្ស និង​កម្លាំង​ពលកម្ម ព្រោះ​ហេតុដូចនេះ ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​មានដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ល្អ វា​មាន​ភាពចាំបាច់​ក្នុង​បង្កើត​តំបន់​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច និង​មធ្យម​មួយ​ឡើង។ ការបង្កើត​តំបន់​នេះ ត្រូវបាន​គេ​ជឿថា នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុងការ​ទទួលបាន​ដើមទុន​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​តា​មរយៈ​ការទទួលបាន​កម្ចី ការអនុគ្រោះផ្សេងៗ មាន​ពន្ធ និង​តម្លៃ​ភ្លើងអគ្គិសនី​ជាដើម។

ឧកញ៉ា លឹម ហេង បាន​បន្ថែមថា៖ “ដើម្បី​ងាយស្រួល​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួលបាន​កម្ចីយើង​ស្នើសុំ​ឲ្យ​ឯកឧត្តម (វេ​ង សាខុន)ជួយ ព្រោះ​ឯកឧត្តម​ច្បាស់​ជាមាន​ការចូលរួម​ជជែក​ជាមួយ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ធនាគារ​អេស​អឹម​អុីនេះ​ឱ្យ​កើតឡើង ហើយ​ខ្ញុំ​ស្នើសុំ​ឯកឧត្តម​ជួយ​ជំរុញ​ដល់​ការបង្កើត​តំបន់​សិប្បកម្ម និង​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម (អេស​អឹម​អុី)ផង”។

មូល​ហេតុដែល​ត្រូវបង្កើត​តំបន់​នេះ ព្រោះថាបើ​នៅ​រាយប៉ាយ​ដូច​សព្វថ្ងៃ គឺ​មិន​ងាយ​នឹង​ទទួលបាន​ឥណទាន​នោះទេ។ លោក​ឧកញ៉ា បាន​លើក​ឧទាហរណ៍​ថា ដូច​ការទិញ​បុរី ឬ​សំណង់ផ្សេងៗអ៊ីចឹង ដែល​គេ​ងាយស្រួល​ទទួលបាន​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ ព្រោះ​គេ​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង​សំណង់​តាមរយៈ​ការបង់​រំលស់។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ទទួលយកសំណើ​របស់​តំណាង​សភាពាណិជ្ជកម្ម ដោយបាន​ឆ្លើយតប​ទៅវិញ​ថា គំនិត​បង្កើត​ធនាគារ​ អេស​ អឹម ​អុីនេះ គឺ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ជា​សាធារណៈហើយ ក្រោយ​ការជួបប្រជុំ​ជាមួយ​ផ្នែក​ឯកជន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​នឹង​ដួលរលំ បើសិនជា​គ្មាន​ការកែច្នៃ​ផលិតផល​សម្រាប់​នាំចេញ​ទេនោះ។ ការកែច្នៃគឺ​ត្រូវ​ពឹង​ផ្អែកលើ​ទីតាំង​ណាមួយ​ជាក់លាក់​ដែល​ថាមពល​អគ្គិសនី​មានតម្លៃ​ថោក មាន​ទីតាំង​សម្រាប់​កែច្នៃ​ប្រកបដោយ​ស្តង់ដារ​អនាម័យ​ខ្ពស់ ហើយ​ជាពិសេស​បំផុត​នោះ​គឺ មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ឥណទាន​សម្រាប់​ប្រតិបត្តិការ​តែម្តង។

ជា​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អះអាងថា៖“ក្រោយពី​យើង​ប្រជុំ​ជាមួយ​ផ្នែក​ឯកជន​និយាយ​ពី​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​រួចហើយ យើង​ចង់បាន​ការផ្តល់​ឥណទាន​នេះ។ ខ្ញុំ​និយាយ​ពិត និង​ត្រង់​ទៅ គឺ​ខ្ញុំ​ចង់​ជំរុញ​រឿងនេះ…”។

សូម​រំឭកថា កាលពី​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 ដែល​ទើប​កន្លងផុតទៅថ្មីៗនេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា នៅពេល​ខាងមុខ​កម្ពុជា​នឹង​បង្កើតឱ្យមាន​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​មួយទៀត ដើម្បី​ឈានទៅ​ផ្តល់​កម្ចី​ឥណទាន​ដល់​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សហគ្រាស​ទាំងឡាយណា​ដែលមាន​គំនិត​ចង់​បង្កើត​សហគ្រាសឬ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ដែល​នេះ​ជាការ​ជំរុញ​ការបង្កើន​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​បាន​អះអាងថា រាជរដ្ឋាភិបាល​នឹង​ឈានទៅ​បង្កើតឱ្យមាន​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ដើមទុន 100លាន​ដុល្លារ​អាមេរិក ដែល​រំពឹងថា វា​នឹង​កាត់បន្ថយ​សម្ពាធ​ពី​ការខ្វះ​ដើមទុន និង​សម្ពាធ​ពី​ការប្រកួតប្រជែង​ថ្លៃដើម៕

Advertisement