តើ​ការជួល​ផ្ទះ​គេ​នៅ និង​ការទិញ​ផ្ទះ​បង់​រំលស់​មួយណា​ចំណេញ​ជាង?

បច្ចុប្បន្ន​និន្នាការ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​សម្រាប់​រស់នៅ​កំពុងមាន​ភាព​ផុសផុល​យ៉ាងខ្លាំង ខណៈដែល​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​ជាច្រើន​បាន​សហការ​ជាមួយ​ធនាគារ​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​អាច​ទិញ​ផ្ទះ​បង់​រំលស់​បានយូរ​ឆ្នាំ ទន្ទឹមគ្នា​នេះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​នៅតែ​ជ្រើស​យក​ការជួល​ផ្ទះ​គេ​ស្នាក់នៅ ដោយ​គិតថា​មិន​ចង់​ជាប់ជំពាក់​បំណុល​ធនាគា​រ។ ដូច្នេះ​ទើប​គេ​សួរថា តើ​ការទិញ​ផ្ទះ​បង់​រំលស់ និង​ការជួល​ផ្ទះ​គេ​នៅ មួយណា​ចំណេញ​ជាង?

លោកស្រី ឃិត សុភ័ក្ត្រ ដែល​សព្វ​ថ្ងៃជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ភ្នំពេញ​ថ្មី​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​បាន​និយាយថា រាល់ថ្ងៃ​លោកស្រី​បាន​ជួល​ផ្ទះ​គេ​នៅ​ដែលមាន​តម្លៃ 200ដុល្លារ ក្នុង​មួយខែ។ លោកស្រី​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​នៅ​ខ្លួនឯង​នោះទេ បើទោះជា​ត្រូវ​ទិញ ដោយ​ការបង់​រំលស់​ក៏​តម្រូវឱ្យមាន​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាងហោចណាស់30%ដើម្បី​បង់​ដំណាក់កាល​ដំបូង​ដែរ ហើយ​លក្ខខណ្ឌ​នៃ​ការខ្ចីប្រាក់​ពី​ធនាគារ​មាន​ភាពសាំញ៉ាំ​ច្រើន ប្រសិនបើ​ជ្រើសរើស​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី​វិញ យើង​ពិបាក​ក្នុងការ​ជ្រើសរើស​ទីតាំង​ផ្ទះ​ដែល​យើង​ចង់​ទិញ ព្រោះថា ម្ចាស់​បុរី​ខ្លះ​មិន​ទទួលយក​ការបង់​រំលស់​នេះ​ទេ មាន​ម្ចាស់​បុរី​តិចតួច​ទេ ដែល​ទទួល​ឱ្យ​បង់​រំលស់ តែ​ការប្រាក់​ថ្លៃ​ចន្លោះ​ពី12%-15%ក្នុង​មួយឆ្នាំ ហើយ​ការបង់​មាន​រយៈពេល​ខ្លី ដូច្នេះ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ការជួល​ផ្ទះ​គេ​នៅ​គឺ ត្រូវ​ចំណាយ​ខ្ពស់ជាង​ថ្លៃ ឈ្នួល 2-3ដង​ឯណោះ ហេតុនេះហើយ​ទើប​លោកស្រី​សម្រេច​ជួល​ផ្ទះ​គេ​នៅ​បណ្តោះអាសន្ន​សិន។

លោកស្រី តាំង ហ៊ួ ប្រធាន​ក្រុមហ៊ុន AMATAK Property Service មានប្រសាសន៍ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនោរ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​មានការ​កើនឡើង​យ៉ាងខ្លាំង​គួរឱ្យកត់សម្គាល់ ខណៈដែល​ម្ចាស់​សំណង់​បុរី និង​អគារ​ផ្ទះល្វែង​មួយចំនួន​ប្រកាស​លក់​ផ្ទះ​ដោយ​មិនមាន​ប្រាក់​កក់ ឬ​មាន​ប្រាក់​កក់​ត្រឹមតែ20%ទៅ30% អាច​ចូល​រស់នៅ​ផ្ទះ​ថ្មី​បាន​ដោយ​បង់​រំលស់​ជាមួយ​ធនាគារ ដែលមាន​ការប្រាក់​ទាប​សមរម្យ​អាច​ទទួលយកបាន។

លោកស្រី​បាន​បញ្ជាក់ថា សម្រាប់​គូស្រករ​ដែល​ទើប​រៀបការ​រួច ហើយ​មាន​ការងារ​ធ្វើ​ទាំងពីរ​នាក់ ពួកគេ​តែងតែ​យកប្រាក់​ខែ​ខាង​ណាមួយ​ទៅ​បង់​រំលស់​ផ្ទះ​ថ្មី និង​ទុក​ប្រាក់ខែ​ម្នាក់ទៀត​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ ដែល​ធ្វើឱ្យ​ពួកគេ​មានការ​ចាយវាយ​ត្បិតត្បៀត ចេះ​សន្សំសំចៃ និង​មិនសូវ​ចាយវាយ​ខ្ជះខ្ជាយ​ដូច​កាលពីមុន។ វិធី​មួយ​នេះ​បានធ្វើឱ្យ​ពួកគេ​ទទួលបាន​ផលចំណេញ​ត្រឡប់មកវិញ ដែល​ចំណេញ​ ទី1 គឺ​ទោះជា​ជួល​ផ្ទះ​គេ​បង់​ប្រចាំខែ​យូរ​ប៉ុនណា​ក៏​នៅតែ​ជា​ផ្ទះ​គេ ទី2.បើសិនជា​ទិញ​ផ្ទះ​បង់​រំលស់ ជួន​កាលបើ​ទិញ​ត្រូវ​តំបន់ ផ្ទះ​នឹង​ឡើងថ្លៃ​លក់បាន​ប្រាក់ចំណេញ ទី3.បើសិនជា​គិតថា​មិន​ចង់​ជំពាក់​គេ ហើយ​រង់ចាំ​សន្សំ​ប្រាក់​គ្រប់​ចាំ​ទិញ​តែម្តង ដូចជា​លំបាក​ខ្លាំង ដោយសារ​តម្លៃ​ដីធ្លី ផ្ទះល្វែង​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ ហើយ​មិនមាន​ពេល​ធ្លាក់​ថ្លៃ​នោះទេ

ទោះយ៉ាងណា​លោកស្រី តាំង ហ៊ួ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ផ្ទះ​បង់​រំលស់​ជាមួយ​ធនាគារ ប្រសើរ​ជាជាង​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី ឬ​អគារ​ផ្ទះល្វែង ដោយសារ​ធនាគារ​អាច​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ហើយ​មាន​អត្រា​ការប្រាក់​ទាប​ជាង​ម្ចាស់​បុរី ឬ​ក្រុមហ៊ុន​ផ្ទះល្វែង​ទាំងនោះ។

ជាមួយគ្នានេះដែរ​អ្នកនាង Grace Rachny Fong នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century21 Cambodia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា បើសិន​ទិញ​ផ្ទះ​បង់​រំលស់​គួរ​បង់​ជាមួយ​ធនាគារ​ប្រសើរ​ជាង​បង់​ជាមួយ​ម្ចាស់​បុរី​ផ្ទះល្វែង ដោយសារ​រយៈពេល​កន្លងមក​មាន​ភាព​អសកម្ម​មួយចំនួន​ដោយសារតែ​ម្ចាស់​សំណង់​ផ្ទះល្វែង​ខ្លះ​បាន​លក់​ផ្ទះ​បង់​រំលស់​ទៅឱ្យ​អតិថិជន​រួចហើយ តែ​បែរជាយក​ប្លង់​ទៅ​ដាក់​នៅ​ធនាគារ​យកលុយ​ចាយ​អស់​ធ្វើឱ្យ​កើត​មានរឿង​ប្តឹងផ្តល់​គ្នា​ទៀតផង។ លើសពីនេះ មុននឹង​ទិញ​ត្រូវ​ស៊ើប​មើល​ពី​ប្រវត្តិ​របស់​បុរី ឬ​ផ្ទះល្វែង​នោះ​ឱ្យ​ច្បាស់​ទើប​មិនមាន​ហានិភ័យ ហើយ​បើ​ចង់​ទិញ​ឱ្យបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ គួរ​ស្វែងរក​ការប្រឹក្សា​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​ទើប​មិន​ខកបំណង។

លោក ចូ ហ្វី​ឡេ​ន (Joe Phelan)នាយក​សេវា​ធនាគារ​សម្រាប់​អតិថិជន​បុគ្គល​នៃ​ធនាគារ ហុង លី​អុង (ខេ​ម​បូ​ឌា) ភីអិលស៊ី ក៏បាន​ផ្តល់យោបល់​ផងដែរ​ថា ការជួល​ផ្ទះ​សម្រាប់​នៅ​ពិតជា​ត្រូវ​ចំណាយ​ច្រើន ហើយ​មិន​ងាយស្រួល​ដូច​នៅផ្ទះ​ផ្ទាល់ខ្លួន​នោះទេ ដូច្នេះ​ការទិញ​ផ្ទះ​ដោយ​បង់​រំលស់​ចំណេញ​ច្រើនជាង។ បច្ចុប្បន្ននេះ​ការប្រាក់​ធនាគារ​ក៏​មិនសូវ​ជា​ខ្ពស់​ខ្លាំង​ដូច​កាលពី​ពេលមុន​ដែរ ជាពិសេស​ធនាគារ​ភាគច្រើន​ក៏បាន​លើកទឹកចិត្ត និង​ផ្តល់​លក្ខខណ្ឌ​ល្អ​ដល់​អតិថិជន​សម្រាប់​ក​ម្ចី​ទិញ​ផ្ទះ​នេះដែរ ជាក់ស្តែង​ធនាគារ ហុង លី​អុង ក៏បាន​បង្កើត​ការផ្តល់

ជូន​ជាពិសេស​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​ផ្ទះ​ជាមួយ​អត្រា​ការប្រាក់​យ៉ាង​ទាប​ត្រឹមតែ Honey Moon Rate 6.99 ភាគរយ​សម្រាប់ 3ឆ្នាំ​ដំបូង សម្រាប់​ទិញ​គេហដ្ឋាន និង​ខុន​ដូ។ លោក​បន្តថា៖ “ពុំទាន់​មាន​ធនាគារ​ណា​ដែល​ផ្តល់ជូន​នូវ​ការប្រាក់​ទាប​បែបនេះ​ទេ ដូច្នេះហើយ​យើង​ទទួលបាន​ការចាប់អារម្មណ៍ និង​មាន​អតិថិជន​ទិញ​ផ្ទះ​តាមរយៈ​ឥណទាន​ទិញ​គេហដ្ឋាន​បានក្លាយ​ជា​ម្ចាស់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ជាច្រើន​នាក់​រួចមកហើយ។

លោក​បាន​បន្តថា៖ “ធនាគារ ហុង លី​អុង បាន​សហការ​ជាមួយ​បុរីធំៗជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ជា​ដៃគូ ដែល​ការសហការ​នេះ​បាន​ផ្តល់ជូន​នូវ​ជម្រើស​ដ៏​ពិសេស​ដល់​គ្រប់​អតិថិជន ជាមួយនឹង​អត្រា​ការប្រាក់​ទាប និង​អាច​ខ្ចី​បាន​រហូតដល់ 80%នៃ​តម្លៃ​ផ្ទះ ឬ​អាច​ជ្រើស​យក​កម្ចី​ដែលមាន​រយៈពេល​រហូត​ដល់ 25ឆ្នាំ ដែល​អតិថិជន​អាច​ខ្ចី​បាន​ចាប់ពី10,000 ដុល្លារ​ឡើងទៅ​ទៀតផង។

ប្រសិនបើ​អតិថិជន​ចង់​ស្នើ​កម្ចី​ឥណទាន​ទិញ​គេហដ្ឋាន​ជាមួយ​ធនាគារ ហុង លី​អុង ចំពោះ​អតិថិជន​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្រុមហ៊ុន យើង​តម្រូវឱ្យមាន​កិច្ចសន្យាការងារ និង​លិខិតបញ្ជាក់​ប្រាក់ខែ។ ចំពោះ​អតិថិជន​អ្នករកស៊ី ឬ​អ្នកជំនួញ​តម្រូវឱ្យ​ភ្ជាប់​មកជា​មួយ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ចំនួន 3ឆ្នាំ​ចុងក្រោយ៕

Advertisement