អត្ថប្រយោជន៍​នៃ​ការប្រើ​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់

ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា គេ​សង្កេតឃើញថា​សកម្មភាព​ទិញ-លក់ ជួល​ដី-ផ្ទះ ខុន​ដូ អគារ​ការិយាល័យ​មានការ​រីកដុះដាល​យ៉ាងខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ មាន​ចម្ងល់​ជាច្រើន​ជុំវិញ​ការរកស៊ី​ទិញ-លក់ ជូ​ល​អចលនទ្រព្យ​នេះ​ដែល​តែងតែ​លើកឡើងថា តើ​យើង​គួរ​ដាក់​ស្លាក​លក់ ឬ​ជួល​អចលនទ្រព្យ​របស់​យើង​ដោយ​ខ្លួនឯង ឬ​ព្រម​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ដាក់លក់ ឬ​ជួល​អចលនទ្រព្យ​របស់​យើង? ព្រោះ​បើ​យើង​ប្រើ​សេវា​ក្រុមហ៊ុន​អចលនទ្រព្យ យើង​នឹងត្រូវ​ចំណាយ​ប្រាក់​បង់ថ្លៃ​សេវា​នៃ​ការលក់3% ឬ​សេវា​លើ​ការជួល1ខែ​ជាដើម ដូច្នេះ​តើ​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​យើង​នឹង​ទទួលបាន​ពី​ការប្រើ​សេវា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ទាំងនោះ?

លោក ម៉ាន់ ចាន់​ឌី អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា(CVEA) និង​ជា​អគ្គនាយក​ក្រុមហ៊ុន Premium Housing មានប្រសាសន៍ថា ការប្រើ​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​ឱ្យជួយ​លក់ ឬ​ជួល​ដី-ផ្ទះ អគារ​ខុន​ដូ ក៏ដូចជា​អគារ​ការិយាល័យ​ជាដើម​នោះ ម្ចាស់​អចលនទ្រព្យ​នឹង​ទទួលបាន​អត្ថប្រយោជន៍ 2យ៉ាង ក្នុងនោះ​រួមមាន ៖

  1. ភ្នាក់ងារ​អចលនទ្រព្យ​ទទួលបាន​ការបណ្តុះបណ្តាល​សមត្ថភាពផ្សេងៗជាច្រើន មុននឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ដើម្បី​ប្រកបការងារ​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដែលមាន​ជំនាញ​មួយ​ច្បាស់លាស់ ហើយ​ភ្នាក់ងារ​អចលនទ្រព្យ​មាន​បណ្តាញ​ទំនាក់ទំនង​ការងារ​ច្រើន​រវាង​ភ្នាក់ងារ​នឹង​ភ្នាក់ងារ រវាង​ក្រុមហ៊ុន​នឹង​ក្រុមហ៊ុន មាន​អតិថិជន​នៅក្នុង​ដៃ​ស្រាប់។ នៅពេល​មាន​ព័ត៌មាន​លក់​អចលនទ្រព្យ​ណាមួយ គាត់​អាច​ចែករំលែក​ព័ត៌មាន​នោះ​ទៅ​បណ្តាញ​របស់គាត់ ដោយ​ធ្វើការ​ចែករំលែក​នូ​វក​ម្រៃ​ជើងសារ​ជាមួយគ្នា ពេលនោះ​នឹងធ្វើ​ឱ្យ​ការលក់ ឬ​ជួល​អចលនទ្រព្យនីមួយៗនោះ​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ និង​លក់ ឬ​ជួល​ឆាប់​ដាច់ ។

ទី2. ឆ្លងកាត់​បទពិសោធ​ច្រើន​ឆ្នាំ ភ្នាក់ងារ​អចលនទ្រព្យ​មាន​ទេពកោសល្យ​ក្នុងការ​ចរចារ​ពន្យល់​ពី​ហេតុផល និង​អត្ថប្រយោជន៍ផ្សេងៗដើម្បីឱ្យ​អ្នកលក់​ជឿទុកចិត្ត តែ​ប្រសិនបើ​ម្ចាស់​អចលនទ្រព្យ​ដាក់​ស្លាក​លក់ ឬ​ជួល​ដី-ផ្ទះ​ដោយ​ខ្លួនឯង​នោះ វា​នឹង​បង្ក​ការរំខាន​ច្រើន​ចំពោះ​ខ្លួនឯង​តាមរយៈ​ការ​ទូរស័ព្ទ​សាកសួរ​ព័ត៌មានផ្សេងៗពី​អតិថិជន​ដែល​ពេលខ្លះ​បានត្រឹមតែ​សួរ​ចោល​តែប៉ុណ្ណោះ។

ចំណែក​លោក ខាត់ សុវណ្ណ សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​CVEA និង​ជានា​យក​ក្រុមហ៊ុន Camtop Property Group ក៏បាន​លើកឡើង​ដែរ​ថា នៅមាន​ហេតុផល​មួយចំនួនទៀត​ដែល​ម្ចាស់ផ្ទះ ឬ​ម្ចាស់​គម្រោងផ្សេងៗត្រូវ​ប្រើ​ភ្នាក់ងារ​លក់ ដូច​ជាទី1. ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​វាយតម្លៃ​ដី-ផ្ទះ ក៏ដូចជា​អគារ​សម្រាប់​លក់​ចេញ ឬ​ជួល​បន្ត​ទៅឱ្យ​អតិថិជន តើ​គួរ​លក់ ឬ​ជួល​ក្នុងតម្លៃ​ប៉ុន្មាន​ដើម្បី​ឱ្យស្រប​នឹង​ទីផ្សារ។ ជួនកាល​ការលក់​ថ្លៃ​លើស​តម្លៃ​ទីផ្សារ​ខ្លាំងពេក​ក៏​លក់​មិន​ដាច់ ឬ​បើ​លក់​ទាប​ពេក​នាំឱ្យ​ខាត​ប្រយោជន៍​ម្ចាស់​អចលនទ្រព្យ ឬ​គម្រោង​នោះ។ ហេតុផល​មួយទៀត​គឺ មុននឹង​នាំ​អតិថិជន​ទៅពិនិត្យ​មើល​ផ្ទះ ឬ​គម្រោងផ្សេងៗនោះ ភ្នាក់ងារ​លក់បាន​ពិនិត្យមើល​លក្ខខណ្ឌ​ច្រើន​ចំណុច​ទៅលើ​អ្នកទិញ បើ​ពិនិត្យឃើញថា គាត់​ចង់​ទិញ ឬ​ជួល​ពិតប្រាកដ​ទើប​គេ​នាំទៅ ប៉ុន្តែ​សម្រាប់​ម្ចាស់ផ្ទះ​ជួនកាល​មិនបាន​ដឹង​ទេ គ្រាន់តែ​គេ​មក​ពិនិត្យមើល​ផ្ទះ​ក៏​អនុញ្ញាត​ឱ្យចូល ជួនកាល​មាន​ហានិភ័យ​កើតឡើង​ដោយ​មិនដឹង​ខ្លួន ដូចជា​ករណី​ចាប់ជំរិត ឬ​ប្លន់ផ្សេងៗកើតឡើង​ក៏​អាច​ថា​បានដែរ។

លោក​ថា ភាព​ទទួលខុសត្រូវ​គឺជា​រឿង​សំខាន់ ដូច្នេះ​នៅពេលដែល​ម្ចាស់​ដី ឬ​ម្ចាស់ផ្ទះ​ប្រើ​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ នឹង​ធ្វើឱ្យ​ការលក់​ប្រកបដោយ​តម្លាភាព មានការ​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់។

លោកស្រី Grace Rachny Fong អនុប្រធាន​សមាគម CVEA និង​ជា​នាយិកា​ក្រុមហ៊ុន Century21 Cambodia បានលើកឡើង​ផងដែរ​ថា ឆ្លងតាម​បទពិសោធ​ជាច្រើន​ឆ្នាំកន្លងមក​មិនថាតែ​ប្រទេស​កម្ពុជា​នោះទេ សូម្បី​នៅលើ​ទីផ្សារ​អចលនទ្រព្យ​ក្រៅប្រទេស​ដែល​រួមមាន​ដូចជា ជប៉ុន និង​អាមេរិក​ជាដើម​នោះ ម្ចាស់​អចលនទ្រព្យ​តែង​លក់​គម្រោង លក់​ផ្ទះ ឬ​ដីធ្លី​ដោយ​ខ្លួនឯង ដោយសារ​ពួកគាត់​គិតថា មិន​ចង់​ខាតបង់​លើ​កម្រៃជើងសារ។ ជួនកាល​ពួកគាត់​មាន​បទពិសោធ​ធ្លាប់​ជួប​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មិនល្អ ហើយ​ពេលខ្លះ​គាត់​មិន​ចង់ឱ្យមាន​ភាគី​ទី3ចូលមក​ជ្រៀតជ្រែក​ដឹងឮ​ក្នុងការ​រកស៊ី​របស់​ពួកគាត់​នាំ​មាន​ភាព​រំខាន​ជាដើម។ គាត់​អាច​គិតថា ខ្លួន​គាត់​ក៏មាន​សមត្ថភាព​អាច​ទំនាក់ទំនង​អតិថិជន​បាន​ច្រើន​ដោយ​ខ្លួនឯង​បានដែរ។ ប៉ុន្តែ​យ៉ាងណា​នោះ​លោកស្រី​លើកឡើងថា មាន​អត្ថប្រយោជន៍ 7 ចំណុច​ដែល​ម្ចាស់​អចលនទ្រព្យ​គួរតែ​ប្រើ​ភ្នាក់ងារ​អចលនទ្រព្យ​គឺ ទី1. ភ្នាក់ងារ​អចលនទ្រព្យ​មាន​ជំនាញ​ក្នុងការ​ពិគ្រោះ និង​ផ្តល់​ការប្រឹក្សា​យោបល់ផ្សេងៗឱ្យ​បានដឹង​ច្បាស់​ទៅលើ​តម្លៃ​លក់​នៅលើ​ទីផ្សារ​ដើម្បីឱ្យ​លក់​ឆាប់​ដាច់ និង​តើ​គួរ​លក់​ក្នុងតម្លៃ​ទីផ្សារ ឬ​ក្រោម​តម្លៃ​ទីផ្សារ។ ទី2. ជួនកាល​ម្ចាស់ផ្ទះ​មិនដឹងថា​គួររៀបចំ​ផ្ទះ​ដោយ​របៀប​ណា​នោះទេ​ដើម្បីឱ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ដូច្នេះ​ភ្នាក់ងារ​លក់​អាចមាន​សមត្ថភាព ឬ​អាច​ផ្តល់​ជា​យោបល់​ក្នុង​ការរៀបចំ​តុបតែង​ផ្ទះ​ឱ្យមាន​ភាព​ទាក់ទាញ​ពី​អ្នកទិញ​ដើម្បី​លក់​ឱ្យ​ឆាប់​ដាច់។ ទី3. ម្ចាស់ផ្ទះ​អាចមាន​ពេលវេលា​ទៅធ្វើ​ការរកស៊ី​មុខរបរផ្សេងៗទៀត​ប្រសើរ​ជាជាង​ខាត​ពេល និង​ជួប​ការរំខាន​ពី​ការសាកសួរ​ព័ត៌មាន​តាម​ទូរស័ព្ទ។

ទី4. ការទិញ-លក់​អចលនទ្រព្យ​ប្រមាណ99% ដែល​ត្រូវការ​កម្ចី​ពី​ធនាគារ ដូច្នេះ​ភ្នាក់ងារ​អចលនទ្រព្យ​មាន​ទំនាក់ទំនង​ដៃគូ​ល្អជា​មួយ​ខាង​ធនាគារ​ដើម្បី​ចាំ​ជួយ​សម្រួល​ការទិញ-លក់​ឱ្យ​ដំណើរការបាន​លឿន។ ទី5. ភ្នាក់ងារ​អចលនទ្រព្យ​សុទ្ធ​តែមាន​មេធាវី​ចាំ​ជួយ​លើ​ការប្រឹក្សា​តាមផ្លូវ​ច្បាប់​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ការទិញ-លក់​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង។ ទី6. មុននឹង​នាំ​អតិថិជន​ទៅ​ទិញ ភ្នាក់ងារ​បានធ្វើ​ការសិក្សា​ច្បាស់លាស់​ជាមុន បើសិន​ជាមាន​ប្លង់​ត្រឹមត្រូវ មិន​ជាប់​ពាក់ព័ន្ធ​រឿង​ក្តីក្តាំផ្សេងៗទើប​នាំ​អតិថិជន​ឱ្យទៅ​ទិញ។ ទី7. ភ្នាក់ងារ​អចលនទ្រព្យ​រង់ចាំ​សម្របសម្រួល​តាមផ្លូវ​ច្បាប់​ជានិច្ច រហូតដល់​ដំណើរ​ការទិញ-លក់បាន​ចប់សព្វគ្រប់ ហើយ​នៅ​បន្ត​មាន​ទំនាក់ទំនង​ល្អ​សម្រាប់​ការងារក្រោយៗទៀត។

ចំណែក​លោក ស៊ារ ឆៃ​លីន សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម CVEA និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​អិ​ល រៀល​ធី ក៏មាន​ប្រសាសន៍​ដែរ​ថា ក្នុងនាម​ម្ចាស់​គម្រោង​មិនគួរ​ចំណាយពេល​ចាំ​ទទួល​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​ពី​អតិថិជន​នោះទេ ពួកគាត់​គួរ​ចំណាយពេល​ដើររក​គម្រោងផ្សេងៗសម្រាប់​ទិញ-លក់​បន្ត​ដែល​ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាង​ការ​មក​អង្គុយ​លក់​គម្រោង​ដោយ​ខ្លួនឯង៕

Advertisement