ក្លិប Leipzig ថា Keita នឹងមិន​ចូលរួម​ជាមួយ Liverpool នៅ​ខែម​ករានេះ​ទេ

ក្លិប RB Leipzig បានបញ្ជាក់​ប្រាប់​ទូរទស្សន៍ BBC Sport ថា ពួកគេ​មិនមាន​បំណង​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្លិប Liverpool បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Naby Keita នៅ​មុនពេល​បញ្ចប់​រដូវ​កាល​នេះឡើយ។

កាលពី​ខែសីហា ឆ្នាំមុន Liverpool បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន51លាន​ផោន (ស្មើនឹង69លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​ហ្គី​ណេ​វ័យ22ឆ្នាំ​រូបនេះ ដែល​នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម​នៅ​ខែកក្កដា។ ព័ត៌មាន​ជាច្រើន​នៅ​សប្តាហ៍​នេះ​បានចេញ​ផ្សាយ​ថា រូបគេ​អាច​នឹងចូលរួម​ជាមួយ​នឹង​ក្លិប Liverpool នៅ​ខែម​ករានេះ សម្រាប់​ការផ្តល់​តម្លៃ​ខ្លួន​បន្ថែម18លាន​ផោន​ទៀត។ ប៉ុន្តែ លោក Ralph Hasenhuttl គ្រូបង្វឹក​របស់ Leipzig បាន​ប្រាប់ BBC ថា៖ «ស្ថានភាព​គឺ​ដូចគ្នា​កាលពីមុន​អ៊ីចឹង។

វា​គ្មាន​ហេតុផល​សម្រាប់​យើង​ក្នុងការ​អនុញ្ញាត​ឲ្យ Naby Keita ចាកចេញឆាប់ៗនោះឡើយ»។ ក្លិប​នេះ បាន​បន្ថែមទៀតថា៖ «គ្មានអ្វី​បាន​ប្រែប្រួល​ឡើយ ហើយ​ជំហរ​របស់​យើង​ក៏​មិនបាន​ផ្លាស់ប្តូ​រដែរ»។ Liverpool បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹង​ក្លិប RB Leipzig អំឡុងពេល​នៃ​ការពិភាក្សាផ្សេងៗ ជុំវិញ​ការផ្ទេរ Keita កាលពី​រដូវក្តៅ​មុន ហើយ​និង​មិន​ព្យាយាម​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​នេះឡើយ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​ក្លិប​របស់​ក្របខ័ណ្ឌ Bundesliga មួយ​នេះ​ទេនោះ។

ទោះបីជា​យ៉ាងណា Liverpool ពិតជា​រីករាយ​ក្នុង​ការបំពេញ​ការផ្ទេរ​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ជំហរ​នេះ​អាច​នឹង​ផ្លាស់ប្តូរ ប្រសិនបើ​ក្លិប RB Leipzig ផ្លាស់ប្តូរ​ជំហរ​របស់​ពួកគេ​នៅ​ខែម​ករានេះ ហើយ​លក្ខខណ្ឌ​ថ្មី ក៏​អាច​នឹង​ឈានដល់​ការ​ព្រមព្រៀងគ្នា​ផងដែរ៕

ប្រភពពី៖ BBC

Advertisement