PSG ត្រៀម​វិល​ទៅកាន់​ការ​ប្រជែង​លើក​ពាន​វិញ ពេល​ប៉ះ Nantes ថ្ងៃអាទិត្យ​នេះ

Neymar និង Paris Saint-Germain នឹង​វិល​ទៅកាន់​ការ​ប្រជែង​របស់​ពួកគេ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង ក្រោយពី​ការ​សម្រាក​រយៈពេល 3សប្តាហ៍​នា​រដូវរងា នៅពេលដែល​ពួកគេ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Nantes ដែល​ឈរ​លេខ5 នៅ​ចុង​សប្តាហ៍​នេះ។

PSG នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Nantes ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 6 -1 លើ​ក្រុម Rennes ក្នុងការ​ប្រកួត​ពាន French Cup និង​បន្ទាប់ពី​បាន​កត់ត្រា​ជ័យជម្នះ 2-0 លើ​ក្រុម Amiens កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup។ Neymar បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ទាំងពីរ​លើក​នោះ ប៉ុន្តែ ខ្សែប្រយុទ្ធ Edinson Cavani ដែលជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ​លី​ក បាន​អវត្តមាន​ក្រោយ​វិល​ពី​ការ​សម្រាក​នៅ​ថ្ងៃបុណ្យ​ណូអែល និង​ចូលឆ្នាំថ្មី​របស់គេ​ក្នុងប្រទេស​អ៊ុយ​រូ​ហ្គា​យ យឺត​ពេល។

ខ្សែបម្រើ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Javier Pastore ក៏​ត្រូវបាន​មើលរំលង​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ផងដែរ ក្រោយពី​វិល​ពី​ការ​សម្រាក​វិស្សមកាល​របស់គេ​យឺត​ពេល​ដូចគ្នា ខណៈដែល​កីឡាករ​ទាំងពីរ ត្រូវបាន​ចាត់ទុកថា មិនទាន់​ត្រៀមលក្ខណៈ​រួចរាល់​ដោយ​លោកគ្រូ​បង្វឹក Unai Emery។ ខ្សែការពារ Thiago Silva ដែលជា​ប្រធាន​ក្រុម​របស់ PSG បាន​បង្កើតឱ្យមាន​ភាព​ស្រពេចស្រពិល​ជុំវិញ​អនាគត​របស់ Pastore នៅឯ​ក្លិប​នេះ នៅពេលដែល​រូបគេ​បាន​និយាយថា៖ «ខ្ញុំ​ជឿជាក់ថា Pastore បាន​ប្រាប់​ក្លិប​ថា រូបគេ​ចង់​ចាកចេញ ប៉ុន្តែ​ទីបំផុត ពួកគេ​មិនអាច​ឈានដល់​ការព្រមព្រៀង​គ្នា​ណាមួយ​នៅឡើយ»។

Pastore បាន​ច្រានចោល​ថា រូបគេ​ចង់​ចាក​ចេញពី​ក្លិប​នេះ។ Pastore ដែល​បាន​ចូលរួម​ជាមួយ PSG កាលពី​ឆ្នាំ2011នោះ បានឱ្យដឹងថា៖ «ខ្ញុំ​ស្រឡាញ់​ទីក្រុង​ប៉ារីស ហើយ​ខ្ញុំ​ស្រឡាញ់ PSG»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 3ទៀបភ្លឺ៕

ប្រភពពី៖ Sports.yahoo

Advertisement