បញ្ហា​កុមារ​ធ្វើការ​តាម​ដងផ្លូវ​ស្ថិតក្រោម​ការបង្ខិតបង្ខំ​ពី​មនុស្ស​ធំ

កុមារ​ធ្វើការ​តាម​ដងផ្លូវ​ជាច្រើន​នៅ​កម្ពុជា​ត្រូវបាន​គេ​រកឃើញថា ស្ថិតក្រោម​ការបង្ខិតបង្ខំ​របស់​មនុស្ស​ធំ ព្រោះថា ផលប្រយោជន៍​របស់​ពួកគេ​ផ្ទាល់​ត្រូវបាន​ប្រមូល​ដោយ​មនុស្ស​ធំ​ដែល​អាចជាអាណាព្យាបាល ឬ​អ្នក​រើស​កុមារ​ទាំងអស់នោះ​ទៅ​ចិញ្ចឹម​ដើម្បី​ទទួលបាន​ផលប្រយោជន៍។

យោងតាម​របាយការណ៍​របស់​អង្គការ “ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់” (ACT) បាន​លើកឡើងថា ក្នុងចំណោម​កុមារ 70នាក់​ដែលមាន​វ័យ​ចាប់ពី 7ឆ្នាំ ដល់ 17ឆ្នាំ ដែល​ធ្វើការ​តាម​ដងផ្លូវក្នុង​រាជធានី​ភ្នំពេញ​មាន​កុមារ​រហូតដល់44នាក់ ឬ​ស្មើនឹង 64.7ភាគរយ​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​កង្វះ​អា-ហា​រូប​ត្ថ​ម្ភ និង​បញ្ហា​អនាម័យ ខណៈ​កុមារ 9នាក់ ឬ​ស្មើនឹង13.23ភាគរយ​ផ្សេងទៀត​កំពុង​ទទួលរង​នូវ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​នៅពេលដែល​ពួកគេ​ធ្វើ​ការងារ​លក់ដូរ​នៅលើ​ដងផ្លូវ។

បើតាម​របាយការណ៍​ដ​ដែល​បានបង្ហាញ​ឱ្យឃើញ​ផងដែរ​ថា កុមារ​ដែល​កំពុង​រង​ផលប៉ះពាល់​ទាំងអស់នោះ​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការងារ​ហួសកម្លាំង មិនសូវ​ខ្វល់​ពី​បញ្ហា​សុខភាព ឬ​ផ្តល់​ឱ្យនូវរបប​អាហារ រួមទាំង​ការ​ស្នាក់នៅ​មិនបាន​សមរម្យ​នោះទេ ខណៈ​កុមារ​ខ្លះ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ដើរ​សុំទាន​នៅតាម​ផ្លូវ កុមារ​ខ្លះ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​លក់ដូរ និង​កុមារ​ខ្លះទៀត​ត្រូវបាន​គេ​លួងលោម​ឱ្យប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀតផង។

យោងតាម​ទិន្នន័យ​របស់​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​បានបង្ហាញ​ឱ្យដឹងថា នៅក្នុង6ខែ​ដើមឆ្នាំ2017 កុមារ​ដែល​ទទួលរង​ការរំលោភបំពាន ប្រមាណ 900នាក់​ត្រូវបាន​ជួយសង្គ្រោះ និង​បញ្ជូនពួកគេ​ឱ្យទៅ​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ។

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​កុមារ​ធ្វើការ​និង​សុំទាន​តាមផ្លូវ​នេះ គឺ​ត្រូវការ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច សាធារណជន និង​អាណាព្យាបាល​ផ្ទាល់​ផងដែរ។ ជា​កត្តា ប្រឈម​នៅក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​មនុស្ស​គ្រប់គ្នា​គួរតែ​កុំ​គិតថា​ការងារ​សង្គមកិច្ច​គឺ​សម្រាប់តែ​ក្រសួង​សង្គមកិច្ច ឬ​ស្ថាប័ន​ជំនាញ​ជា​អ្នកធ្វើ​តែម្នាក់ឯង តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​គិតថា ការងារ​សង្គមកិច្ច គឺជា​ការងារ​ដែល​យើង​គ្រប់គ្នា​គួរ​ចូលរួម។

លោក ឈួ​រ សុ​បញ្ញា បាន​មានប្រសាសន៍ថា៖ “សម្រាប់​អាណាព្យាបាល គួរ​ចូលរួម​តាមរយៈ​កា​រប​ញ្ចូ​ន​កូន​របស់​ពួកគាត់​ឱ្យទៅ​ទទួលយក​សេវា​របស់​រដ្ឋ និង​បញ្ជូនកូនតូចៗទាំងអស់នោះ​ឱ្យទៅ​សាលារៀន​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ​មានឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម។

យោងតាម​របាយការណ៍​របស់​អង្គការ​ទស្សន​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​រកឃើញថា កុមារ​ប្រមាណ 1ម៉ឺន ទៅ2ម៉ឺន​នាក់​កំពុងធ្វើការ​ងារ​នៅតាម​ដងផ្លូវ​នានា​នៅ​ទីក្រុង​ភ្នំពេញ ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់៕

Advertisement