លោក Wenger ៖ ស្ថានភាព​របស់ Sanchez អាច​នឹងត្រូវ​កាត់សេចក្តី​រយៈពេល 48ម៉ោង​ទៀត

លោក Arsene Wenger បាន​បញ្ជាក់ថា Alexis Sanchez អាច​នឹង​ចាក​ចេញពី​ក្លិប Arsenal ក្នុង​រយៈពេល48ម៉ោង​ទៀត ប៉ុន្តែ ការរក​កីឡាករ​ម្នាក់​មក​ជំនួស​ក៏​អាច​នឹង​កើតឡើង​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែមករា​នេះ ផងដែរ។

Sanchez មិនបាន​ធ្វើដំណើរ​ជាមួយនឹង​ក្រុម Arsenal សម្រាប់​ការប្រកួត​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Bournemouth ឡើយ ខណៈដែល​ក្លិប Manchester United ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តួល​គូប្រជែង​របស់ខ្លួន​គឺ Manchester City ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​រូបនេះ។ នេះ​បើ​យោងទៅតាម​ប្រភព​របស់​ទូរទស្សន៍ Sky Sports។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ ដែល​បាន​ហ្វឹកហាត់​កាលពី​ថ្ងៃ​សៅរ៍ នៅជាប់​កិច្ចសន្យា​រយៈពេល6ខែ​ទៀត ហើយ​លោក Wenger ហាក់​យល់ព្រម​ក្នុងការ​បាត់បង់​កីឡាករ​រូបនេះ នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ នៅ​ថ្ងៃទី31 ខែមករា ខាងមុខនេះ។ ក្នុងពេល​ពន្យល់​ពី​ការ​អវត្តមាន​របស់ Sanchez មុនពេល​ចាប់ផ្តើម​ប្រកួត លោក Wenger បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា ខ្សែប្រយុទ្ធ​រូបនេះ​កំពុងតែ​មិន​ច្បាស់​ពី​អនាគត​របស់គេ ប៉ុន្តែ ដំណោះស្រាយ​នឹងត្រូវ​រកឃើញ​ក្នុងពេលឆាប់ៗនេះ។

លោក Wenger បាន​ឲ្យ​ដឹងថា៖ «វា​នឹងត្រូវ​កាត់សេចក្តី​ក្នុង​រយៈពេល48ម៉ោង​ទៀត។ វា​ពិតជា​លំបាក​បន្តិច​ហើយ​សម្រាប់ Alexis ក្នុង​ការលេង​នៅ Bournemouth ពីព្រោះ​រូបគេ​កំពុងតែ​រង់ចាំ។ នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ប្រើប្រាស់​រូបគេ»។ Man United បានបញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​ពួកគេ​ក្នុងការ​ផ្តួល​ក្រុម Man City ដើម្បី​ទិញយក Sanchez និង​ដើម្បី​ផ្តល់ប្រាក់​ចំណូល​ច្រើនជាង​ក្រុម Man City៕

ប្រភពពី៖ Sky Sports

Advertisement