បែកធ្លាយ​រូបភាព​គំរូ Galaxy X ដែលជា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​របស់ Samsung

យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ​បច្ចេក​វិទ្យាល្បីៗរបស់​ពិភពលោក​ជាច្រើន​បានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​ថ្មី​មួយ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018 នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ហើយ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​អេក្រង់​អាច​បត់​ចុះឡើង​បាន​ផងដែរ។

សារព័ត៌មាន Phone Arena បានចេញ​ផ្សាយ​ថា ស្មា​ត​ហ្វូ​ន​នោះ​មាន​ឈ្មោះថា Galaxy X ហើយនឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ជា​ចុងក្រោយ​បំផុត​របស់ Samsung ប៉ុន្តែ​តាម​ការ​បញ្ជាក់បន្ថែម ស្មា​ត​ហ្វូ​ន​មួយ​នេះ នៅ​មិនទាន់​ផលិតឡើង​នោះទេ ពោលគឺ​ទើបតែ​បង្កើតជា​រូបរាង​គំរូ​ប៉ុណ្ណោះ។

ប្រភព​ជិតស្និទ្ធ​មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ បាន​ផ្ញើ​នូវ​រូបភាព​គំ​រូប Galaxy X ទៅដល់​ដៃគូសំខាន់ៗជាច្រើន ប៉ុន្តែ​សម្រាប់​ព័ត៌មាន​លម្អិត​នោះ មិនត្រូវ​បាន​លេច​ធ្លាយ​នោះទេ។

គួរបញ្ជាក់​ផងដែរ​ថា លោក DJ Koh អគ្គនាយក​ទទួលបន្ទុក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ Samsung ធ្លាប់បាន​បង្ហើប​ប្រាប់ថា ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​ស្មា​ត​ហ្វូ​ន​អេក្រង់​អាច​បត់​ចុះឡើង​បាន នៅក្នុង​ឆ្នាំ 2019 ដូច្នេះ​មានន័យថា នៅក្នុង​ឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung នឹងត្រូវ​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ចុះឡើង​បាន ដើម្បី​ចេញផ្សាយ​នៅក្នុង​ឆ្នាំ 2019៕

Advertisement