ជោគវាសនា​មនុស្ស​អាស្រ័យ​លើ​ការប្រើ​ពេលវេលា

មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក​សុទ្ធតែ​មានមុខមាត់​ខុសគ្នា មាន​ស្ថានភាព​នៃ​ការរស់នៅ និង​បរិស្ថាន​ខុសគ្នា តែមាន​រឿង​មួយ​ដែល​ត្រូវតែ​ស្មើគ្នា ហើយ​មិនអាច​ប្រកែក​បាន​នោះ​គឺ​ពេលវេលា។ មនុស្ស​ណា​ក៏មាន​ពេលវេលា​មិន​ច្រើនជាង 24ម៉ោង​ក្នុង​មួយថ្ងៃ​ដែរ តែ​ក្នុង​រយៈពេល​ដូចគ្នានេះ មនុស្ស​អាចបង្កើត​បាន​នូវ​លទ្ធផល​ខុសគ្នា ហេតុនេះហើយ​ទើប​ជាទូទៅ​គេ​មើលឃើញថា ការគ្រប់គ្រង​ពេលវេលា គឺជា​រឿង​សំខាន់​សម្រាប់​ការកំណត់​ជោគវាសនា​មនុស្ស។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី ឡាយ សុធា​នី ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា បាន​លើកឡើងថា ការគ្រប់គ្រង​ពេលវេលា​ឱ្យបាន​ច្បាស់លាស់​គឺជា​រឿង​ដែល​សំខាន់​ខ្លាង​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ ជាពិសេស គឺ​យុវវ័យ​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ព្រោះថា យើង​អាចធ្វើ​រឿង​លើស​ពីមួយ​ក្នុងពេល​តែមួយ​បាន ប្រសិនបើ​យើង​អាចបែងចែក​ពេលវេលា​បាន​ត្រឹមត្រូវ ហើយ​យើង​ក៏​អាច​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​ប្រសិនបើ​យើង​ដឹង​ច្បាស់​ថា​ពេលណា​យើង​ត្រូវធ្វើ​អ្វី​នោះ។

លោកស្រី ឡាយ សុធា​នី បាន​និយាយថា ៖“ដើម្បី​បែងចែក​ពេលវេលា​ឱ្យបាន​ល្អ ដើម្បី​ធ្វើ​ការងារ​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ​នោះ យើង​ត្រូវ​បែងចែក និង​ដឹងខ្លួន​ឱ្យ​ច្បាស់​ពី​តួនាទី​របស់ខ្លួន​ថា​ពេលណា​យើង​ត្រូវ​ដើរតួ​ជា​អ្នកគ្រប់គ្រង ឬ​អ្នកធ្វើការ ពេលណា​យើង​ត្រូវ​ដើរតួ​ជា​សិស្ស ពេលណា​យើង​ត្រូវ​ដើរតួ​ជា​ម្តាយ ឬ​ជា​សមាជិក​គ្រូ​សារ។

លោកស្រី សុធា​នី បាន​បន្ថែមទៀតថា នៅពេលដែល​យើង​បែងចែក​ពេលវេលា និង​តួនាទី​ច្បាស់ យើង​នឹង​អាចមាន​ភាពងាយស្រួល​ក្នុងការ​អនុវត្ត និង​ថ្លឹងថ្លែង​ពី​កាតព្វកិច្ច​របស់​យើង​ឱ្យ​រឿង​គ្រប់យ៉ាង​ទទួលបាន​លទ្ធផល​ល្អ។ ក្រៅពីនេះ យើង​ត្រូវតែ​អភិវឌ្ឍ​ខ្លួនឯង​ជាប់​ជានិច្ច ដោយ​ចាប់ផ្តើម​ពី​បែងចែក​តួនាទី​ដែល​ខ្លួន ត្រូវ​ធ្វើឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការផ្តោត​សំខាន់ (Focus) លើ​រឿង​ទាំងអស់នោះ រហូតដល់​យើង​អាច​ទទួលបាន​ពិន្ទុ​ល្អ​លើ​គ្រប់ពេលវេលា ទាំង​ក្នុង​ការងារ ការសិក្សា និង​គ្រួសារ។

លោកស្រី ឡាយ សុធា​នី បានបញ្ជាក់​ផងដែរ​ថា នៅពេល​មួយ​ដែល​ចាប់ផ្តើម​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដំបូង​លោកស្រី​មានការ​លំបាក​ខ្លាំង​ព្រោះថា​ត្រូវ​ចេញពី​ធ្វើការ ហើយ​ទៅ​រៀន​ថ្នាក់អនុបណ្ឌិត បន្ទាប់មក​ទើបត្រូវ​ត្រឡប់ទៅផ្ទះ ដែល​ត្រូវមាន​តួនាទី​ជា​អ្នកធ្វើការងារ​ផង ជា​សិស្ស​ផង និង​ជា​ម្តាយ​ផង តែ​ក្រោយ​ពេលដែល​លោកស្រី​បានចាប់ផ្តើម​កំណត់​ពី​ចំណុច​អាទិភាព​ដែល​ត្រូវធ្វើ (Job description) ច្បាស់លាស់​ហើយ លោកស្រី​ក៏​អាចធ្វើ​វា​បាន​ដោយ​រលូន។

លោក ម៉េង ពុ​ទ្ធី បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​ជា​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​ក្នុង​គម្រោងធំៗជាមួយ​យុវជន បាន​លើកឡើងថា ការគ្រប់គ្រង​ពេលវេលា​គឺ​ពិតជា​សំខាន់ ហើយ​អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​បានល្អ តែ​អ្វីដែល​សំខាន់​គឺ​មនុស្សម្នាក់ៗចេះ​គ្រប់គ្រង​វា​បាន​កម្រិតណា ហើយ​អនុវត្ត​បានល្អ​កម្រិតណា​ដែរ។

តាមពិតទៅ​មនុស្សម្នាក់ៗអាច​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​នៅក្នុង​ចន្លោះ​ថ្ងៃនីមួយៗបាន​ច្រើនណាស់ តែ​ពេលខ្លះ​មកពី​យើង​មិនទាន់​ចេះ​លៃ​ពេល​ទាំងអស់នោះ​ឱ្យទៅជា​តម្លៃ ហើយក៏​បណ្តោយឱ្យ​វា​រំលង​ផុត​ទៅជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​លទ្ធផលដដែល។ ការពិចារណា​ពី​ការប្រើប្រាស់​ពេលវេលា​អាចធ្វើឱ្យ​យើង​ទទួលបាន​នូវ​រឿង​ជាច្រើន​សម្រាប់​ជីវិត ព្រោះថា ប្រសិនបើ​យើង​ប្រើប្រាស់​ពេលវេលា​ដោយ​ការហ្វឹកហាត់​ខ្លួនឯង​នៅក្នុង​បរិស្ថាន​ដែល​ស្វាហាប់ និង​ល្អិតល្អន់ យើង​នឹង​ទទួលបាន​លទ្ធផល​ខ្ពស់ជាង​មនុស្ស​ធម្មតា​ដែល​ធ្វើ​ការងារ​ដើម្បីតែ​ឱ្យ​ចប់​ភារកិច្ច​ប្រចាំថ្ងៃ ហើយ​គាត់​នឹង​អាច​មើលឃើញ​ដោយ​ខ្លួនឯង​នៅពេលដែល​គាត់​ធ្វើការ​ដល់​ចុងខែ​ហើយ​ក្រឡេកមើល​សម្មិទ្ធផល​ក្នុង​ខែនីមួយៗរបស់ខ្លួន។ ក្រៅពីនេះ មនុស្សម្នាក់ៗក៏​អាច​ប្រើប្រាស់​ពេលវេលា​របស់ខ្លួន​ដែល​សេសសល់​ដើម្បី​ជួប​មនុស្សថ្មីៗដើម្បី​ទទួលយក​យោបល់​បន្ថែម​មក​អភិវឌ្ឍ​សមត្ថភាព និង​ការរស់នៅ​របស់ខ្លួន​ផងដែរ។

លោក ម៉េង ពុ​ទ្ធី បាន​និយាយថា ៖ “មនុស្ស​ជាច្រើន​គិតថា​ការធ្វើការងារ​ច្រើន​ក្នុងមួយថ្ងៃៗគឺជា​រឿង​លំបាក តែ​តាមពិត​វា​មិន​ប្រាកដ​ទាំងស្រុង​នោះទេ វា​អាស្រ័យ​លើ​ការគ្រប់គ្រង​ផ្ទាល់​របស់​សាមីខ្លួន ថា​តើ​យើង​បានរៀបចំ​វា​បានច្បាស់លាស់ និង​ល្អិតល្អន់​កម្រិតណា។

លោក ពុ​ទ្ធី បានលើកឡើង​ផងដែរ​ថា ការធ្វើការងារ​ជាក់ស្តែង និង​ការបែងចែក​ពេលវេលា​មិន​ខុសពី​ការរស់នៅ​ប្រចាំថ្ងៃ​ប៉ុន្មាន​នោះទេ នៅពេលដែល​យើង​ហាត់ប្រាណ​មនុស្ស​គ្រប់គ្នា​អាច​នឹង​គិតថា​ហត់ តែ​ប្រសិនបើ​យើង​មិនបាន​ហាត់ប្រាណ​គ្រប់គ្រាន់ រាងកាយ​យើង​នឹង​ទន់ខ្សោយ និង​ប្រាកដ​ជាមាន​បញ្ហា​សុខភាព​ជាក់​ជាមិនខាន ហេតុនេះ​ការបែងចែក​ពេលវេលា​ឱ្យមាន​តុល្យភាព​គឺជា​រឿង​សំខាន់​ដែល​អាចធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ក្លាយជា​មនុស្ស​ខ្លាំង​បាន។

ស្ថាបនិក​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា​ដែលមាន​ឈ្មោះថា អនន្ត  និង​ជា​បុគ្គលិក​ដែល​កំពុង​បំពេញការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​មួយ លោក ម៉ៅ គង្គារ បាន​លើកឡើងថា មនុស្សម្នាក់ៗកើតមក​ជាមួយនឹង​ធម្មជាតិ​ដែលមាន​ច្បាប់ធម្មជាតិ​ត្រឹមត្រូវ ហេតុនេះ​ការរស់នៅ​គឺ​ចាំបាច់​ត្រូវតែមាន​ក្រឹត្យក្រម​ដូចគ្នា។ ជាទូទៅ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​បណ្តោយ​ពេលវេលា​របស់គាត់​ច្រើនពេក និង​មិនដឹងថា​ខ្លួនឯង​ត្រូវធ្វើ​អ្វី នោះ​គាត់​នឹង​ក្លាយជា​មនុស្ស​ដែល​បណ្តោយឱ្យ​របស់​ដែលមាន​តម្លៃ​បំផុត​រំលង​ផុត​ទៅ។ ពេលវេលា គឺ​មិនអាច​ត្រឡប់មក ក្រោយ​វិញ​នោះទេ តែ​ជីវិត​របស់​យើង​ផ្ទាល់​អាចមាន​ពេល​ឡើង និង​ពេល​ចុះ ហេតុនេះ​ការយកចិត្តទុកដាក់ ជាមួយនឹង​ការកំណត់​ពេលវេលា​ជាក់លាក់​អាចជា​ចំណុច​គន្លឹះ​មួយ​ក្នុងការ​ជំរុញ​មនុស្ស​ឱ្យមាន​ការរស់នៅ​ប្រកបដោយ​អត្ថន័យ និង​ប្រយោជន៍​ខ្ពស់​សម្រាប់​ខ្លួនឯង និង​សង្គម។

លោក ម៉ៅ គង្គារ បាន​និយាយ​បន្ថែមទៀតថា ៖ “ក្រោយ​ពេលដែល​យើង​រៀបចំ​ពេលវេលា​បានល្អ​ហើយ​យើង​នឹង​អាច​រកឃើញ​ពី​ពេលវេលា​មួយចំនួន​សម្រាប់​ខ្លួនឯង​ក្នុង​ការរៀន​អនុវត្ត និង​ប្រើ​ពេលវេលា ទាំងនោះ​ទៅ​បន្ត​ចែករំលែក​ដល់​មនុស្ស​ជំនាន់​ថ្មី”៕

Advertisement