Man Utd ទុក​រឿង Sanchez មួយ​ឡែក ដើម្បី​ផ្តួល Stoke  

ក្រុម Manchester United បាន​ទុក​រឿង​ការ​ប្រជែង​ទិញ​ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្លិប Arsenal មួយ​ឡែក​សិន ដើម្បី​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Stoke នា​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​ចន្ទ។

ខ្សែបម្រើ Antonio Valencia និង​ខ្សែប្រយុទ្ធ Anthony Martial សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅ​តង់​ទី1 ហើយ Romelu Lukaku បាន​បន្ថែម 1គ្រាប់​ទៀត​នៅ​តង់​ទី2 ខណៈដែល​លោក Jose Mourinho បាន​ផ្តួល​ក្រុម Stoke ជា​លើក​ទី1 ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Man United ក្នុងចំណោម​ការជួបគ្នា 4លើក។

ប៉ុន្តែ ការបង្ហាញ​ពី​ទម្រង់​លេង​របស់ Man United ពី​ការប្រកួត​នេះ​មានការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន និង​នៅតែ​បង្ហាញ​ឲ្យ​ឃើញថា លោក Mourinho ត្រូវតែ​បន្ថែម​តារា​ឆ្នើម Sanchez របស់​ក្លិប Arsenal ចូលក្នុង​ក្រុម​របស់លោក អំឡុងពេល​នៃ​ការដោះដូរ​កីឡាករ​នៅ​ខែម​ករានេះ បើទោះបីជា​បាន​កាត់បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Manchester City នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League មក​នៅត្រឹម 12ពិន្ទុ​ក៏ដោយ។

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Paul Pogba របស់ Man United បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ពិតណាស់ យើង​ឃើញ Manchester City កំពុងតែ​នាំមុខ​យើង ហើយ​ពួកគេ​បាន​រង​បរាជ័យ។ ពួកគេ​កំពុងតែ​នាំមុខ ហេតុនេះ យើង​តែងតែ​ចង់​តាម​ពួកគេ​ឲ្យ​ទាន់ ហេតុនេះ វា​ជា​រឿង​ល្អ​ដែរ​ដែល​ពួកគេ​បាន​រង​បរាជ័យ ហេតុនេះ សម្រាប់​យើង យើង​ត្រូវតែ​គិត​អំពី​ខ្លួន​យើង»៕

ប្រភពពី៖ Channel News Asia

Advertisement