កសិករ​ដាំ​មៀននៅ​ប៉ៃលិន​មានសង្ឃឹម ខណៈ​រដ្ឋាភិបាល​ស្នើ​ចិន​ឱ្យ​រក​ទីផ្សារ

ប៉ៃលិន​គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​ការដាំដុះ​ដើមឈើ​ហូប​ផ្លែ ជាពិសេស​ដំណាំ​មៀន​ដែល​កំពុង​ចែកចាយ​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​ក្នុងស្រុក។ ដើម្បី​លើកកម្ពស់​កសិផល​ក្នុងស្រុក រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​បានស្នើ​សុំឱ្យ​ប្រទេស​ចិន​ទទួលយក​ផ្លែ​មៀន​ពី​កម្ពុជា​ទៅ​បំពេញ​ទីផ្សា​របស់ខ្លួន​ប​ន្ថែ​ម​ទៀត បន្ទាប់​ទីផ្សារ​អង្ករ។

ក្នុងជំនួប​ជាមួយ​ប្រតិភូ​កសិកម្ម​ចិន​ដែល​ដឹកនាំ​ដោយ​លោក ហ៊ី ជៀន​យ៉ាង (He Jianxiang) អគ្គនាយករង​ទទួលបន្ទុក​ការិយាល័យ​កែច្នៃ​ផលិតផល​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ប្រទេស​ចិន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានស្នើ​ភាគី​ចិន​ឱ្យធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃបន្ថែម​សម្រាប់​ដំណាំ​ដំឡូង​មី និង​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​ពង្រីក​ការនាំចេញ​ផលិតផល​ទាំងពីរ​នេះ​ឱ្យបាន​អតិបរមា។

ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​មី​ដែលជា​ដំណាំ​អាទិភាព​ទី2 និង​មាន​សក្តានុពល​នាំចេញ​ខ្ពស់​របស់​កម្ពុជា​បន្ទាប់​ពី​ដំណាំ​ស្រូវ ព្រមទាំង​ផ្លែ​មៀន​ប៉ៃលិន ដែលជា​ដំណាំ​ឈើ​ហូប​ផ្លែ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​ចងក្រង​គោលនយោបាយ​ដំឡូង​មី និង​ដំណាំផ្សេងៗរួមទាំង​មៀន​ប៉ៃលិន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ការនាំចេញ​សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន និង​កាត់បន្ថយ​ភាពក្រីក្រ។ ឯកឧត្ដម​មានប្រសាសន៍​ថា “កម្ពុ​ជាមាន​ដី​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ដំឡូង​មី និង​ដំណាំ​មៀននៅ​ខេត្ត​ប៉ៃលិន ហើយ​យើង​ចង់​សហការ​ជាមួយ​វិនិយោគិន​ចិន​ដើម្បី​កែច្នៃ​ផលិតផល​ទាំងពីរ​នេះ​សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​បីដូច​ពេលបច្ចុប្បន្ន។

ជាការ​ឆ្លើយតប លោក ហ៊ី ជៀន​យ៉ាង បាន​សន្យា​នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​សហការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​នៃ​ផលិតផល​ទាំងពីរ គឺ​ដំឡូង​មី និង​ផ្លែ​មៀន​ប៉ៃលិន និង​ដំណាំ​សក្តានុពលផ្សេងៗទៀត​របស់​កម្ពុជា ដូចជា ពោត ស្រូវ និង​ស្វាយ​ជាដើម។

ទន្ទឹមគ្នា​នេះដែរ លោក ហ៊ឺ ជៀន​យ៉ាង ក៏បាន​ជម្រាប​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ដែរ​ថា លោក​នឹង​លើកយក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​ចិន​ដែល​នឹង​អញ្ជើញ​អមដំណើរ​ឯកឧត្តម លី កឺ​ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ដើម​សប្តាហ៍​ក្រោយនេះ។

ទាក់ទង​នឹង​ព័ត៌មាន​នេះ​លោក​ប៊ុន ថេ​ង កសិករ​ដាំ​មៀននៅ​ខេត្ត​ប៉ៃលិន​មានប្រសាសន៍ថា លោក​រីករាយ​ណាស់​ដែល​រដ្ឋាភិបាល​កំពុង​ស្វែងរក​ទីផ្សារ​ជូន​កសិករ​ដាំ​មៀន​ដូច្នេះ។ លោក​បន្តថា ដោយសារ​ទីផ្សារ​មៀន​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់ លោក​បាន​ដាំ​សាកល្បង​នៅលើ​ផ្ទៃដី​ទំហំ​ត្រឹម1ហិកតា​ប៉ុណ្ណោះ​ហើយ​នៅពេល​ទទួលបាន​ផល ផ្លែ​មៀន​របស់លោក​មិន​ខ្វះ​ទីផ្សារ​នោះទេ គឺមាន​ម៉ូ​យមក​ទទួល​ទិញ​ដល់ទី​កន្លែង​តែម្តង ហើយ​លោក​ថា បើសិន​ផ្លែ​មៀន​ប៉ៃលិន​ត្រូវបាន​រដ្ឋាភិបាល​ចិន​នាំ​ចូលទៅ​ទីផ្សារ​របស់ខ្លួន​ទៀតផង​នោះ លោក​នឹង​ពង្រីក​ចម្ការ​មៀនឱ្យ​កាន់តែ​ធំ​ជាង​នេះ​ថែមទៀត។

សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​ចិន និង​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាមធ្យម26%ក្នុង​រយៈពេល10ឆ្នាំ​ចុងក្រោយ។ កាលពី​ឆ្នាំ2016 ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ដល់​ទៅ4,800លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ 830លាន​ដុល្លារ និង​នាំចូល 3,900លាន​ដុល្លារ។ ចិន​គឺជា​ប្រទេស​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា​ដែល​គិត​ត្រឹម​ឆ្នាំ2017 វិនិយោគ​របស់​ចិន​មាន​ចំនួន 5,000,100លាន​ដុល្លារ លើ​វិស័យ​មួយចំនួន ដូចជា​កម្មន្តសាល សំណង់ វាយ​ន​ភណ្ឌ និង​អគ្គិសនី។ ដោយឡែក​ភ្ញៀវទេសចរ​ចិន​ដែល​មក​កម្ពុជា​បាន​កើន​ដល់83ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ 2017 គឺ​បាន​កើនឡើង 20% បើ​ធៀប​នឹង​ឆ្នាំ2016។ នៅក្នុង​ឆ្នាំ2018នេះ ចិន​ក៏បាន​យល់​ព្រមឱ្យ​កម្ពុជា​នាំចូល​អង្ករ 30ម៉ឺន​តោន​ផងដែរ៕

Advertisement