វិធី​ថែទាំ​ស្បែក​មុខ​សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

ស្ត្រី​ទាំងអស់​នៅពេល​ឈានចូល​ដល់​វ័យ​អស់​រដូវ​ហើយ​នោះ ភាពប្រែប្រួល​ដែល​កើតឡើង​យ៉ាងច្បាស់​នោះ​គឺ បញ្ហា​ស្បែក​ដែល​រុះ​រោយ​ស្រពោន​ស្រអាប់ មើលទៅ​លែង​ស្រស់ស្អាត​ភ្លឺ​ថ្លា​ដូចពេលមុន​ទៀតហើយ រហូត​ធ្វើឱ្យ​ស្ត្រី​ជាច្រើន​នាក់​ត្រូវ​ប្រញាប់​ស្វះស្វែង​រិះរក​វិធី​ជាច្រើន​មក​មើលថែ​បំប៉ន​ស្បែក​យ៉ាង​ប្រញាប់។ ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​គន្លឹះល្អៗដែល​ជួយ​បំប៉ន និង​ថែទាំ​ស្បែក​មុខ​ឱ្យ​ស្អាត​ម៉ដ្ឋ​ថ្លា​មក​ជម្រាបជូន​ដូចខាងក្រោម​នេះ៖

1/ ថែបំប៉ន​ស្បែ​កមុខ​ដោយ​គ្រី​ម

មើលថែទាំ និង​បំប៉ន​ស្បែក​ឱ្យ​ស័ក្តិ​សមល្មម ដោយ​ការ​លាប​គ្រី​ម​បំប៉ន​ដែលមាន​គុណសម្បត្តិ​ជួយ​ពន្យារ​ភាពចុះ​ទ្រុឌទ្រោម​របស់​កោសិកា​ស្បែក និង​ស្តារ​សភាព​ស្បែក​ដែល​ជ្រីវ​យារ​ឱ្យ​តឹង​ស្មើ​ឡើងវិញ ដែលមាន​វីតាមីន A វីតាមីន C វីតាមីន E និង​ខូ​ឡា​ជេន។ ក្រៅពីនេះ អ្នក​គួរ​លាប​គ្រី​ម​ការពារ​កម្តៅថ្ងៃ​ដែល មាន​ចំណែក​ផ្សំ​របស់​ម៉ូ​ជី​រ៉ា​យ​ស័​រ និង​សារធាតុ​ពន្យារ​ការកើត​ស្លាកស្នាម ដើម្បី​ជួយ​ការពារ​ការឡើង​ស្រអាប់​ខ្មៅ និង​ការពារ​មិនឱ្យ​កើត​ស្នាម​ជ្រួញ​យារ​នៅលើ​ស្បែក ដោយសារ​ត្រូវ​កម្តៅថ្ងៃ​ទៀតផង។

2/ ប្រើ​គ្រឿងសម្អាង​ជា​ជំនួយ

សម្អាត​ស្បែ​កមុខ​ឱ្យ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច ដោយសារតែ​ស្ត្រី​ស្ថិតក្នុង​វ័យ40ឆ្នាំ​ជាង ភាគច្រើន​តែងតែ​ប្រើ​គ្រឿងសម្អាង ដើម្បី​បិទបាំង​ស្លាកស្នាម​ជាប្រចាំ​រៀងរាល់ថ្ងៃ ទើប​ជាហេតុ​ធ្វើឱ្យ​ស្បែ​កមុខ​មើលទៅ​ចុះខ្សោយ និង​ងាយ​កើតមាន​ស្នាម​ជ្រីវជ្រួញ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ស្បែក​មុខ​កាន់​តែមាន​បញ្ហា​ខ្លាំង​ជាង​មុន​នោះ​អ្នក​គួរប្រើ​ម្សៅ​ផាត់មុខ​ដូចជា ម្សៅ​ទ្រនាប់ ឬ​ប៊ី​ប៊ី​គ្រី​ម​សាច់ស្តើងៗ បន្ទាប់ពីនោះ ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ អ្នក​គួរ​ជូត​សម្អាត​ស្បែក​មុខ​របស់​អ្នកចេញ ដោយ​ការយក​សំឡី​ជ្រលក់​ទឹក​សម្រាប់​សម្អាត​ផ្ទៃមុខ​លាង​សម្អាត​គ្រឿងសម្អាង​ហើយ​សឹម​ជូត​ចេញ​យ៉ាង​ថ្នមដៃ។

3/ សម្រាក​ឱ្យ​គ្រប់គ្រាន់

គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ក្នុងខណៈ​ពេលដែល​អ្នក​កំពុង​គេង​លក់ រាងកាយ​នឹង​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន និង​សារធាតុ អេ​ន​ដូ​ហ្វ៊ី​ន ដែលមាន​ចំណែក​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ស្រស់ថ្លា​ភ្លឺរលោង និង​មើលទៅ​ក្មេង​ជាង​វ័យ។

4/ អាហារ​បំប៉ន​ស្បែក

ទទួលទាន​អាហារ​បំប៉ន​ស្បែក ដែលមាន​ដូចជា អាហារ​ពពួក​បន្លែ និង​ផ្លែឈើ​ស្រស់​ពណ៌​បៃតង ពណ៌​លឿង និង​ពណ៌​ក្រហម ដោយសារតែ​បន្លែ​ផ្លែឈើ​ទាំងអស់នោះ​សម្បូរ​ទៅដោយ​វីតាមីន សារធាតុ​រ៉ែ រួមទាំង​សារធាតុ​ប្រឆាំងនឹង​អនុ​មូល​ឥស្សរ: ដែល​ធ្វើឱ្យ​ស្បែក​ស្អាត​ស្រស់ថ្លា និង​មាន​ភាពយឺត​តឹង។

5/ ទទួលទាន​ទឹក​ជំនួយ​ដល់​ស្បែក

ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ពីព្រោះ​ការទទួល​ទាន​ទឹក​មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​ប្រព័ន្ធ ធ្វើ​ការងារ​របស់​រាង​កាយ​ឱ្យ​ដំណើរការ​ប្រក្រតី​នោះទេ នៅ​ហុច​ផល​ល្អ​ដល់​ស្បែក​របស់​អ្នក​បាន​ទៀតផង ជួយ​ពន្យឺត​ភាព​ជ្រួញ​យារ​របស់​ស្បែក ថែមទាំង​ផ្លាស់ប្តូរ​ស្បែក​ដើម​ដែល​ធ្លាប់តែ​ក្រៀម​ស្វិត​ឱ្យ​មើលទៅ​ស្រស់ស្អាត តឹង​ណែន មាន​សុខ​ភាពល្អ​មិន​ចាញ់​គ្រី​ម​បំប៉ន​ស្បែក​តម្លៃថ្លៃៗនោះឡើយ។

6/ ចៀសវាង​សកម្មភាព​មិនល្អ​មួយចំនួន

ចំពោះ​សុខភាព​ស្បែក​ចៀសវាង​ពី​អ្វីដែល​ធ្វើឱ្យ​ស្បែក​ក្រៀម​ជ្រួញ​មិន​ស្រស់ថ្លា ដូចជា ការ​ដុស​សម្អាត​មុខខ្លាំងៗ ការ​ធុញថប់​មួម៉ៅ ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អុ​ី​ន ដែលជា​កត្តា​បំផ្លាញ​ភាពស្រស់ថ្លា​របស់​ស្បែក​ឱ្យ​ឆាប់​រុះ​រោយ និង​មើលទៅ​ចាស់​ជាង​វ័យ។

កុំ​រវល់​តែ​ឆ្លុះកញ្ចក់ ហើយ​អង្គុយ​ពិបាក​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​របស់​អ្នក​តទៅទៀត​អី ចូរនាំគ្នាចាប់ផ្តើមមើលថែបំប៉នស្បែកឱ្យស្រស់ស្អាតចាប់ពីថ្ងៃនេះតទៅវិញប្រសើរជាង ជាមួយនឹងវិធីបែបងាយៗទាំង6ចំណុចដូចខាងលើនេះ៕

Advertisement