Walcott ពិនិត្យ​សុខភាព​ជាមួយ  Everton មុននឹង​ផ្ទេរ​ចេញពី​ក្លិប Arsenal

ខ្សែប្រយុទ្ធ Theo Walcott បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Merseyside និង​កំពុងតែ​ពិនិត្យ​សុខភាព​ជាមួយនឹង​ក្លិប Everton មុនពេល​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​ពី​ក្លិប Arsenal។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ទូរទស្សន៍ Sky Sports។

Walcott ត្រូវបាន​គេ​ឃើញ​ដើរចូល​ទៅកាន់​ទីលាន​ហ្វឹកហាត់ Finch Farm របស់​ក្លិប Everton កាលពី​ល្ងាច​ថ្ងៃ​អង្គារ ហើយ​បច្ចុប្បន្នកំពុង​តែពិនិត្យ​សុខភាព​មុនពេល​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ ខណៈដែល​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​រូបនេះ​មាន​ចំនួន 20លាន​ផោន (ស្មើនឹង 28លាន​ដុល្លារ​អាមេរិក)។ កាលពី​សប្តាហ៍​មុន លោក Sam Allardyce គ្រូបង្វឹក​របស់ Everton បាន​បញ្ជាក់ថា ក្លិប​ទូកក្តោង​មួយ​នេះ កំពុងតែធ្វើការ​ចរចា​រឿងផ្សេងៗជាមួយនឹង​ក្លិប Arsenal ជុំវិញ​ការទិញ​យក Walcott ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​កាំភ្លើង​ធំ ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប Southampton កាលពី​ឆ្នាំ2006។

លោក Allardyce បានឱ្យដឹងថា៖ «ល្បឿន​របស់គេ គឺជា​ចំណុច​មួយ​នៃ​ភាពខ្លាំង​របស់គេ ដែល​យើង​ខ្វះ​នៅក្នុង​ក្រុម​នេះ។ យើង​ខ្វះ​គ្រាប់​បាល់ ហេតុនេះ ការបន្ថែម​ភាពខ្លាំង​លើ​សមត្ថភាព​នៃ​ការរក​គ្រាប់​បាល់​របស់​យើង គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ»។ Walcott ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី 108គ្រាប់ ក្នុងការ​ប្រកួត 397លើក​សម្រាប់​ក្រុម Arsenal នោះ គឺជា​កីឡាករ​ក្រៅ​តម្រូវការ នៅឯ​កីឡដ្ឋាន Emirates ក្រោយពី​បានបង្ហាញ​ខ្លួន​ត្រឹមតែ 16លើក​គត់​នៅ​រដូវ​កាល​នេះ។

Southampton ក៏​ចង់​នាំយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ត្រឡប់​ទៅកាន់​ក្លិប​របស់​ពួកគេ​ផងដែរ ប៉ុន្តែ បច្ចុប្បន្ន វា​ហាក់​បង្ហាញថា Everton បានទទួល​ជ័យជម្នះ​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Walcott វ័យ 28ឆ្នាំ​ហើយ៕

ប្រភពពី៖ Sky Sports

Advertisement